ការខ្ជះខ្ជាយពេលវេលារបស់អ្នកជំនួញ (ភាគ ២ បញ្ចប់)

980

ដើម្បីប្រកបអាជីវកម្មអោយមានដំណើរការរលូន ពិតណាស់ថាយើងត្រូវតែផ្ដោតការយកចិត្តទុកដាក់លើអាជីវកម្មយើងអោយបានច្រើន តែអ្នកជំនួញមួយចំនួននៅតែធ្វើកិច្ចការខ្លះដែលធ្វើអោយបាត់បង់ពេលវេលាដ៏មានតម្លៃទាំងមិនដឹងខ្លួន។ ខាងក្រោមនេះ គឺជាចំណុចដែលយើងអាចយកទៅពិចារណាដើម្បីកែតម្រូវការខ្ជះខ្ជាយពេលវេលារបស់យើងបាន។ (ភាគ១ នៅទីនេះ)

៦. ផ្លាស់ប្ដូរបុគ្គលិកញឹកដោយសារតែបញ្ហាលុយកាក់៖ ពេលខ្លះអ្នករកស៉ីជួលជំនួយការម្នាក់អោយមកធ្វើការ ក្រោយពេលធ្វើបានប៉ុន្មានខែគាត់ចេះបានច្រើនហើយ ក៏សុំតំឡើងប្រាក់ខែ តែអ្នករកស៉ីនោះបែរជាមិនហ៊ានចំណាយបន្ថែមសុខចិត្តទៅជួលជំនួយការថ្មី។ ពេលអ្នកថ្មីចូលមកយើងត្រូវបង្រៀនសារឡើងវិញ និងចំណាយពេលយូរទម្រាំអាចដឹងការងារបានច្បាស់លាស់។ ដូចនេះបើតាំងចិត្តជាអ្នកជំនួញហើយត្រូវតែហ៊ានចំណាយ កុំព្រោះតែលុយប្រាក់ខែបន្ដិចបន្ដួចក៏ហ៊ានលួចតម្រិះបុគ្គលិកចាស់យកទៅបង្រៀនបុគ្គលិកថ្មីក្នុងគោលបំណងចង់ចំនេញលុយ តែបែរជាខាតពេលក្នុងការរកស៉ីទៅវិញ។ 

៧. តែងតែគិតអំពីអ្នកចាស់៖ អ្នកអាចចំណាយពេលគិតច្រើនពីអ្នកដែលឈប់រកស៊ីឬធ្វើការអោយយើង ហើយគិតថាខ្លួនឯងមិនសាកសមឬមានចំនុចខ្វះខាតទើបគេមិនចង់ធ្វើការជាមួយ តែវាគឺដូចស្នេហាអញ្ចឹង ពេលដែលបែកគ្នាម្នាក់ៗទៅរកដៃគូរថ្មី ដូចនេះបើបុគ្គលិកឈប់ពីយើងហើយទៅធ្វើការអោយដៃគូរប្រជែងយើង រឿងម្យ៉ាងដែលត្រូវធ្វើគឺឈប់គិតពីរឿងកន្លងផុតនិងព្យាយាមរកបុគ្គលិកថ្មីដែលល្អជាងបុគ្គលិកចាស់។ 

៨. ជជែកគ្នាអត់ប្រយោជន៍ក្នុងម៉ោងការងារ៖ ពេលធ្វើការហត់ឬស្ត្រេសយើងប្រកដជាចង់លំហែខួរក្បាលបន្ដិចតាមរយៈការដើរចេញទៅក្រៅឬជជែកគ្នាលេងមួយភ្លែត។ ប៉ុន្ដែមិនត្រូវធ្វើញឹកញាប់ទេព្រោះវាធ្វើអោយយើងធ្លាប់ និងរំខានដល់ការងារអ្នកដទៃ។ តាមការស្ទង់មតិបង្ហាញថា បុគ្គលិកមួយភាគបួនត្រូវបានបង្អាក់ការងារដោយសារការជជែកគ្នាជាមួយបុគ្គលិកដទៃ។

៩. ប្រជុំញឹកញាប់ពេក៖ ពេលប្រជុំគឺប្រើសម្រាប់ការបង្ហាញពីផែនការ ការសម្រេចគោលដៃ ឬបញ្ហាក្នុងក្រុមហ៊ុន។ តែបើសិនជាញឹកញាប់ពេកនោះ បុគ្គលិកក៏ធុញ រីឯលទ្ធផលចេញពីអង្គប្រជុំក៏មិនបានល្អដែរ។ ដូចនេះអ្នករកស៉ីត្រូវរៀនចេះបង្រួញពេលធ្វើការងារដោយចំណាយកាត់បន្ថយពេលប្រជុំនិងចំនួនប្រជុំ មានគោលដៅច្បាស់លាស់មុននឹងចាប់ផ្ដើមប្រជុំហើយត្រូវរក្សាប្រសិទ្ធភាពនៃការប្រជុំអោយនៅល្អ។ មនុស្ស ៤៧ ភាគរយ យល់ថាការប្រជុំច្រើនពេកគឺចំណាយពេលឥតប្រយោជន៍។

១០. ទូរទស្សន៍៖ ប្រសិនបើអ្នកស្គាល់រឿងភាគចាប់ពីពីរឡើងហើយមើលជាប្រចាំ នោះអ្នកចំណាយពេលច្រើនបន្ដិចហើយសម្រាប់ការមើលទូរទស្សន៍។

១១. គ្រួសារតេមក៖ ម្ដងម្កាលមិនជាបញ្ហាអ្វីឡើយ ប៉ុន្ដែប្រសិនបើមានប្រពន្ធឬប្ដី ឬបងប្អូនតេមកលេងញឹកញាប់ពេក វាអាចធ្វើអោយអ្នកដាច់ចង្វាក់ការងារដែលកំពុងតែធ្វើរលូនផង។ ដំណោះស្រាយគឺមានតែប្រាប់ពួកគេកុំសូវតេមកបើគ្មានរឿងចាំបាច់ ហើយរឿងទាំងនោះចាំនិយាយនៅផ្ទះក៏បាន។ អ្នកអាចប្រើវិធីនេះ បើគេតេមកម្ដងឬពីរដងយើងមិនលើក គេក៏ឈប់តេនោះប្រហែលជាមិនមានរឿងចាំបាច់ទេ តែប្រសិនបើគេតេលើសពីរបីដងនោះយើងត្រូវតែតេទៅវិញ។

១២. អានសៀវភៅខុស៖ អ្នកជាអ្នកជំនួញបែរជាទៅអានរឿងប្រលោមលោកស្នេហាទៅវិញ។ តើអ្នកគិតថាវាផ្ដល់ប្រយោជន៍អ្វីខ្លះដល់មុខជំនួញរបស់អ្នក? បើចង់អោយដៃគូររកស៉ីកាន់តែគោរពអ្នក ចូរព្យាយាមអានសៀវភៅជំនួញអោយបានច្រើន។

១៣. មានកម្មវិធីជប់លៀងច្រើនពេក៖ ពេលដែលយើងជោគជ័យបានមួយចំនួននៅក្នុងការរកស៉ី ប្រាកដណាស់យើងគួរតែជប់លៀងសប្បាយខ្លះ តែបើសប្បាយក្នុងកម្មវិធីជ្រុលពេកវានឹងធ្វើអោយយើងពិបាកផ្ដោតអារម្មណ៍លើការងារនៅថ្ងៃបន្ទាប់ ឬអាចខ្ជះខ្ជាយពេលមួយថ្ងៃនោះដោយឥតអំពើ៕

ប្រភព៖ Valuetainment

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។