តើអ្នកគួរប្រើលុយខ្លួនឯង ឬលុយអ្នកដទៃដើម្បីយកមករកស៊ី?

2835

វាមិនងាយស្រួលនោះទេក្នុងការស្វែងរកទុនដើម្បីចាប់ផ្តើមរកស៊ីដំបូង។ តាមពិតទៅ នេះគឺជាឧបសគ្គមួយធំបំផុតដែលសហគ្រិនជើងថ្មីភាគច្រើនត្រូវប្រឈមមុខ។ មានប្រភពទុនជាច្រើនដែលអ្នកអាចរកបានមានដូចជា ប្រាក់កម្ចីចាប់ផ្តើមអាជីវកម្មពីគ្រិះស្ថានហិរញ្ញវត្ថុ  អ្នកវិនិយោគ  និងប្រាក់សន្សំផ្ទាល់ខ្លួនជាដើម ប៉ុន្តែអ្នកគួរតែរើសយកប្រភពទុនណាមួយល្អបំផុតនៅពេលចាប់ផ្តើមដំបូង។ 

តើមានចំណុចអ្វីខ្លះដែលអ្នកគិតដល់ នៅពេលដែលអ្នកគិតចង់ស្វែងរកទុនដើម្បីដំណើរការអាជីវកម្មរបស់អ្នក?

សំណួរដែលរសើបបំផុតនោះគឺ តើអ្នកគួរប្រើលុយផ្ទាល់ខ្លួន ឬប្រើលុយរបស់អ្នកដទៃដើម្បីបើកអាជីវកម្ម? ខាងក្រោមនេះគេហទំព័រ Apamat នឹងប្រាប់អ្នកអំពីជម្រើសទាំងពីរនេះ។

លុយខ្លួនឯង VS លុយរបស់អ្នកដទៃ

ទីមួយ៖ ការប្រើលុយខ្លួនឯង គឺជាប្រភពទុនដែលម្ចាស់អាជីវកម្មខ្នាតតូចតែងគិតដល់មុនគេ ហើយវារាប់បញ្ជូលទាំង លុយសន្សំផ្ទាល់ខ្លួន និងសម្ភារៈក្នុងផ្ទះរបស់អ្នក។ នៅពេលដែលអ្នកមានជំនឿខ្លាំងថាអាជីវកម្មរបស់អ្នកនឹងរកប្រាក់ចំណេញបានច្រើន អ្នកនឹងចង់វិនិយោគលុយខ្លួនឯងជាងទទួលលុយពីអ្នកវិនិយោគខាងក្រៅ ប៉ុន្តែអ្វីដែលជាបញ្ហាគឺថា អ្នកប្រហែលជាគ្មានលុយសុទ្ធយកទៅប្រើតាមអ្វីដែលអ្នកចង់បាននោះទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺហានិភ័យខ្ពស់។ ពិតណាស់ថាការរកស៊ីតែងតែជួបហានិភ័យខ្លះ ប៉ុន្តែបើអ្នកទើបប្រឡូក អ្នកមិនគួរចិត្តខ្លាំងពេកទេ ឧទាហរណ៍ថាអ្នកសន្សំលុយបាន 5ម៉ឺនដុល្លារដោយប្រើរយៈពេលអស់ 5ឆ្នាំ ដូច្នេះបើអាជីវកម្មរបស់អ្នកខាត អ្នកនឹងត្រូវចំណាយពេល 5ឆ្នាំទៀតដើម្បីរកប្រាក់នោះមកវិញ។ បើប្រើលុយខ្លួនឯង អ្នកគឺជាអ្នកទទួលខុសត្រូវទាំងស្រុង មិនថាជោគជ័យ ឬបរាជ័យនោះទេ។

ទីពីរ៖ ការប្រើលុយរបស់អ្នកដទៃ រាប់បញ្ចូលទាំងប្រាក់កម្ចីបើកអាជីវកម្មពីធនាគារ  អ្នកវិនិយោគ  គ្រួសារ ឬមិត្តភ័ក្រ  Venture Capitalists ហើយនិង Angel Investors ជាដើម។

មូលហេតុដែលការប្រើលុយរបស់អ្នកដទៃមានប្រសិទ្ធភាព

មានអត្ថប្រយោជន៍ជាច្រើនពីការប្រើលុយរបស់អ្នកដទៃដើម្បីបើកអាជីវកម្ម ដូចជាមានហានិភ័យចំពោះប្រាក់ផ្ទាល់ខ្លួនតិច   អាចមានបណ្តាញកាន់តែច្រើនពីខាងក្រៅ  មានអ្នកចាំជួយដោះស្រាយពេលមានបញ្ហា  និងអាចពង្រីកអាជីវកម្មបានលឿន ហើយរឹងមាំ។

ហេតុផលដែលអ្នកមិនគួរប្រើលុយរបស់អ្នកដទៃ

មុនពេលដែលអ្នកស្វែងរកការវិនិយោគពីខាងក្រៅ អ្នកគួរគិតអំពីចំណុចទាំងនេះ៖

ហេតុផលធំបំផុតនោះគឺ សហគ្រិនមួយចំនួនមិនចង់ប្រើលុយរបស់អ្នកដទៃ ដោយសារតែពួកគេមិនចង់បាត់បង់ម្ចាស់ការលើអាជីវកម្មរបស់ពួកគេ។ នៅពេលដែលមានវិនិយោគខាងក្រៅ សិទ្ធនៃការគ្រប់គ្រងនិងត្រូវបែងចែក ហើយការសម្រេចចិត្តលើអ្វីមួយមិនមែនធ្វើឡើងស្រេចតែចិត្តអ្នកនោះទេ។ 

ហេតុផលមួយទៀតដែលអ្នកមិនគួរប្រើលុយរបស់អ្នកដទៃមករកស៊ីក្នុងអាជីវកម្មខ្នាតតូច គឺអ្នកនឹងប្រឹងប្រែងធ្វើការ ហើយអ្នកដទៃនឹងបានផលដោយមិនហត់។

ការទទួលទុនវិនិយោគពីខាងក្រៅ ប្រៀបបានដូចជាការរៀបការអញ្ចឹង ប្រសិនបើអ្នក និងអ្នកវិនិយោគមិនត្រូវគ្នា ថ្ងៃមួយអាជីវកម្មរបស់អ្នកនិងបែកបាក់ ដូច្នេះមុននឹងទទួលលុយវិនិយោគពីខាងក្រៅ អ្នកត្រូវគិតអំពីភាពស្របច្បាប់ និងមានក្រដាសស្នាមត្រឹមត្រូវ។

សរុបមក ទាំងអស់ខាងលើគ្រាន់តែជាហេតុផលនៃការជ្រើសរើសប្រភពទុននិមួយៗដែល apamat.com លើកយកមកជូនអ្នកតែប៉ុណ្ណោះ ចំណែកការសម្រេចចិត្តថាយកមួយណា គឺអាស្រ័យលើអ្នកផ្ទាល់។ អ្នកគួរមានគម្រោងច្បាស់លាស់មុនសម្រេចចិត្តចេញរកស៊ី ហើយបើសិនអ្នកមានគម្រោងច្បាស់លាស់ អ្នកនឹងដឹងថាគួរប្រើលុយប៉ុណ្ណា ឬអាចប្រើជាដំណាក់កាល ជៀសវាងត្រៀមលុយតិចពេក និងច្រើនពេក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។