តម្លៃដីនៅរាជធានីភ្នំពេញនៅតែដដែល ទោះបីជិតដល់ថ្ងៃបោះឆ្នោតក៏ដោយ

887

របាយការណ៍ស្រាវជ្រាវមួយបានឱ្យដឹងថា តម្លៃដីធ្លីនៅតំបន់កណ្តាលរាជធានីភ្នំពេញនៅតែមិនផ្លាស់ប្តូរនៅឆមាសទី 1 នៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនៗ នេះបើតាមការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍។ របាយការណ៍បានបង្ហាញថា ចាប់ពីដើមឆ្នាំរហូតដល់ចុងខែមិថុនា តម្លៃដីនៅតាមខណ្ឌចំនួនបួនក្នុងរាជធានីភ្នំពេញ នៅតែមានកម្រិតដដែលដោយកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ។

ការសិក្សាបានរកឃើញថាតម្លៃនៅខណ្ឌចំការមនមានចាប់ពី 1,500 ដុល្លារដល់ 9,500 ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈនៅខណ្ឌដូនពេញអត្រាតម្លៃភាគច្រើនគឺពី 2,000 ទៅ 12,000 ដុល្លារ។ តម្លៃនៅតាមខណ្ឌទាំងពីរនេះស្ថិតនៅកម្រិតដដែលបើធៀបនឹងតួលេខកាលពីឆ្នាំមុន។ របាយការណ៍បានឱ្យដឹងទៀតថា ទោះជាយ៉ាងណាតម្លៃដីក្នុងខណ្ឌ 7មករា និងខណ្ឌទួលគោកបានកើនឡើងពី 5 ទៅ 10 ភាគរយក្នុងរយៈពេល 6 ខែចុងក្រោយនេះក៏ដោយ ក៏តម្លៃនៅខណ្ឌ 7មករា មានតម្លៃពី 2,200 ទៅ 7,500 ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលនៅចន្លោះខណ្ឌទួលគោកតម្លៃពី 1,700 ទៅ 5,000 ដុល្លារ។ លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate Co Ltd បាននិយាយថា ការកើនឡើងតម្លៃប្រហែលជាដោយសារតែការអភិវឌ្ឍថ្មីៗ។ លោកមានប្រសាសន៍ថា “ក្នុងចំណោមសង្កាត់ទាំងបួននេះតម្លៃនៅខណ្ឌទួលគោកបានកើនឡើងដោយសារតំបន់ជាច្រើនមានគម្រោងអភិវឌ្ឍន៍ ហើយស្ថិតក្រោមការសាងសង់” ។

លោក សៀប បានបន្តទៀតថាបើទោះបីជាការបោះឆ្នោតជិតចូលមកដល់ក៏ដោយ សកម្មភាពជួញដូរអចលនទ្រព្យនៅតែមានលក្ខណៈធម្មតាបើប្រៀបធៀបទៅនឹងឆ្នាំមុន។ លោកបានបង្ហាញពីសុទិដ្ឋិនិយមថាតម្លៃដីធ្លីនឹងបន្តកើនឡើងនៅឆមាសទី 2 នៃឆ្នាំនេះ។ លោកបានថ្លែងថា: «តម្លៃដីនឹងកើនឡើងបន្ថែមទៀតប៉ុន្តែមិនច្រើនទេ ព្រោះអ្នកវិនិយោគភាគច្រើនរង់ចាំមើលនូវការវាយតម្លៃគោលនយោបាយរបស់រដ្ឋាភិបាលថ្មីៗបន្ថែមទៀត»។

តម្លៃដីធ្លីនៅកណ្តាលទីក្រុងបានកើនឡើងតិចតួច ដោយសារតែសកម្មភាពជួញដូរមានភាពយឺតយ៉ាវ។ នេះខុសពីលក្ខណៈសម្បត្តិនៅតំបន់ជាយក្រុងដែលកំពុងដំណើរការឥឡូវនេះ”។ លោក មាស វិចិត្រ បានថ្លែងថាវិស័យដីធ្លីស្ថិតនៅកម្រិតដដែល មិនដូចនៅក្នុងការបោះឆ្នោតជាតិឆ្នាំ 2013 ទេ។ លោកបានបន្តថាបច្ចុប្បន្ននេះតម្រូវការដីនៅកណ្តាលរាជធានីភ្នំពេញ គឺសម្រាប់គម្រោងសាងសង់ធំៗ ដូចជាខុនដូ អាផាតមិន អាគារការិយាល័យ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

អត្ថបទដោយ ៖ Frey

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។