ដំណើររឿងនៃការបង្កើតក្រុមហ៊ុនផលិតភេសជ្ជៈគោជល់ ហើយអ្នកណាដែលធ្វើឲ្យវាល្បីលើសកលលោក

1645
ម្ចាស់ក្រុមហ៊ុនភេស្ជជៈគោជល់ និងជាមហាសេដ្ឋីលំដាប់ទី៣របស់ថៃ មានទ្រព្យ 21ពាន់លានដុល្លារ អាយុ 67ឆ្នាំ

ភេសជ្ជៈប៉ូវកម្លាំងគោជល់ (Red Bull) ដែលសព្វថ្ងៃនេះត្រូវបានគេស្គាល់និងពេញនិយមទូទាំងពិភពលោក ដើមឡើយគឺគ្រាន់តែជាភេសជ្ជៈធម្មតាមួយសម្រាប់កម្មករនិងអ្នកបើកបរយប់ដែលដាក់លក់នៅតាមហ្គារ៉ាសសាំងក្នុងប្រទេសថៃប៉ុណ្ណោះ។ ឥឡូវនេះ  គោជល់គឺជាអ្នកឧបត្ថម្ភដល់កីឡានិងកីឡាករល្បីៗជាច្រើនជុំវិញពិភពលោក។ គោជល់បានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៦ ដោយលោក Chaleo Yoovidhya ហើយអតិថិជនគោលដៅគឺអ្នកធ្វើការប្រើប្រាស់កម្លាំង ហើយគោជល់ក៏ល្បីនៅក្នុងប្រទេសថៃគ្រាន់បើដែរព្រោះជាអ្នកឧបត្ថម្ភធំដល់កីឡាប្រដាល់ថៃ។ ពេលនោះគោជល់ល្បីតែក្នុងប្រទេសថៃប៉ុណ្ណោះ ទាល់តែទសវត្ស ១៩៨០ ទើបភេសជ្ជៈប៉ូវកម្លាំងនេះចាប់ផ្ដើមល្បីល្បាញនៅតាមបណ្ដាប្រទេសផ្សេងៗទៀត។ 

ដំណើររឿងដែលធ្វើអោយគោជល់ល្បីមកដល់សព្វថ្ងៃនោះ គឺដំបូងឡើយខណៈពេលដែលលោក Dietrich Mateschitz កំពុងធ្វើតែទៅកំសាន្ដនៅប្រទេសថៃនៅឆ្នាំ ១៩៨២ គាត់សង្កេតឃើញថាភេសជ្ជៈគោជល់អាចជួយអោយគាត់បំបាត់អាការៈពុលយន្ដហោះ។ ដោយសារតែវាជាភេសជ្ជៈប្លែក និងមានរសជាតិឆ្ងាញ់ គាត់ក៏បានទាក់ទងទៅលោក Chaleo Yoovidhya ដើម្បីចាប់ដៃគ្នារកសុីលក់ភេសជ្ជៈនេះ ដោយម្នាក់ៗកាន់កាប់ ៤៩ ភាគរយនៃក្រុមហ៊ុន ចំណែកឯ ២ ភាគរយ ទៀតគឺទុកសម្រាប់កូនរបស់លោក Chaleo Yoovidhya។ ម្ចាស់ក្រុមហ៊ុនគោជល់ ក៏ទទួលយកសំណើរនេះ ហើយក្រុមហ៊ុនគោជល់ថ្មីដែលមានលោក Dietrich Mateschitz ជាអ្នកគ្រប់គ្រងបានចាប់ផ្ដើមឡើងនៅឆ្នាំ ១៩៨៤ និងបាននាំទៅលក់ក្រៅស្រុកដំបូងគឺប្រទេសនៅអឺរ៉ុប។

ក្រុមហ៊ុនថ្មីនេះបានកែប្រែរូបមន្ដរបស់គោជល់ខ្លះដើម្បីតម្រូវតាមការនិយមរបស់ជនជាតិអឺរ៉ុបដែលមិនសូវមានរសជាតិផ្អែមខ្លាំងដូចការនិយមរបស់ថៃ។ ដំបូងឡើយវាមិនសូវជាល្បីប៉ុន្មានឡើយក្នុងទ្វីបអឺរ៉ុប ទាល់តែនៅឆ្នាំ ១៩៩៧ ដែលភេសជ្ជៈគោជល់បាននាំចូលទៅសហរដ្ឋអាមេរិច ទើបធ្វើអោយវាល្បីល្បាញនៅជុំវិញពិភពលោករហូតដល់ពេលនេះ។ គោជល់គឺជាភេសជ្ជៈដែលគេពេញនិយមជាងគេ ហើយក្នុងមួយឆ្នាំត្រូវបានលក់អស់ចំនួន ៤ពាន់លានកំប៉ុង។ ជោគជ័យរបស់គោជល់កើតឡើងដោយសារតែការបង្កើតផលិតផលមួយថ្មីមិនធ្លាប់មានពីមុនមក និងការចេះធ្វើទីផ្សារនាំយកទៅលក់នៅប្រទេសលោកខាងលិចរបស់លោក Dietrich Mateschitz។ គោជល់បានបង្កើតទីផ្សារថ្មីមួយគឺទីផ្សារភេសជ្ជៈប៉ូវកម្លាំង ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនទៀតផលិតវាដូចជា Monster ឬ Mountain Dew ជាដើម។ ប្រសិនបើកាលនោះលោក Dietrich Mateschitz មិនបានទៅលេងប្រទេសថៃទេ ពិភពលោកក៏ប្រហែលជាមិនស្គាល់ភេសជ្ជៈគោជល់ដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។