សៀវភៅ​ ១០ ក្បាលដែលមហាសេដ្ឋីពិភពលោកណែនាំអោយអ្នកធ្វើជំនួញអាន

5661

បើតាមការស្រាវជ្រាវ មហាសេដ្ឋីក្នុងពិភពលោកភាគច្រើនគឺចំណាយពេលភាគច្រើនទៅលើការអានសៀវភៅ។ ជាការពិតណាស់ សាលារៀនក៏អាចផ្តល់ចំណេះដឹងអោយយើងបានដែរ ក៏ប៉ុន្តែយើងដែលសង្កេតឃើញទេថាមានសេដ្ឋីលំដាប់ពិភពលោកខ្លះមិនបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រនៅសាលាផង ប៉ុន្តែពួកគេនៅតែក្លាយជាអ្នកមានបាន។ គន្លឹះដែលសំខាន់គឺពួកគេមិនដែលភ្លេចការអានទេ។ ខាងក្រោមនេះគឺជាសៀវភៅដែលមហាសេដ្ឋីភាគច្រើនណែនាំអោយអាន ពីព្រោះតាមរយៈបទពិសោធន៍របស់ពួកគេ វាពិតជាបានផ្លាស់ប្តូរជីវិតរបស់ពួកគេពិតមែន។

១. Rework

សៀវភៅនេះនឹងធ្វើអោយអ្នកមានការយល់កាន់តែច្បាស់ទាក់ទងនឹងការជោគជ័យក្នុងមុខជំនួញ។ បើនិយាយអោយកាន់តែស៊ីជម្រៅជាងនេះទៅទៀត សៀវភៅនេះនឹងធ្វើអោយអ្នកភ្លឺភ្នែកថា តាមពិតអ្នកមិនចាំបាច់ត្រូវតែជាបុគ្គលញៀននឹងការធ្វើការទេ ហើយក៏មិនចាំបាច់ចំណាយពេលឥតប្រយោជន៍ទៅលើ​ឯកសារនិងការប្រជុំនោះដែរ ពីព្រោះរឿងទាំងអស់នោះគឺសុទ្ធតែជាលេសប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សៀវភៅមួយក្បាលនេះនឹងស្រាយបំភ្លឺថា ហេតុអ្វីបានជាពេលខ្លះការគ្រោងទុកមុនគឺជារឿងដ៏គ្រោះថ្នាក់ទៅវិញ។

២. Inbound Marketing

សៀវភៅនេះនិយាយពីរបៀបនៃការបញ្ជូនសារដែរយើងចង់ផ្តល់ទៅកាន់អតិថិជន ហើយទាញអតិថិជនខិតមកជិតខ្លួន។ បើសង្ងត់ធ្ងន់ជាងនេះ វាផ្តោតសំខាន់ទៅលើការណែនាំពីមធ្យោបាយក្នុងការធ្វើទីផ្សាតាម​ Google Blog និងប្រព័ន្ធបណ្តាញសង្គម។

៣. Awaken the Giant Within

សៀវភៅនេះលើកឡើងពីការណែនាំដែរប៉ុន្តែមិនមែនជាការធ្វើទីផ្សាទេ ផ្ទុយមកវិញ គឺជាការផ្តល់ជាគំនិតយោបល់ក្នុងការធ្វើយ៉ាងណាអោយយើងផ្តោតអារម្មណ៍ទៅលើការគិត និងអារម្មណ៍ដើម្បីអោយសម្រេចគោលដៅបាន។

៤. Outliers

Outliers ជាសៀវភៅមួយក្បាលដែលសរសេរដោយអ្នកនិពន្ធល្បីឈ្មោះគឺលោក Malcolm Gladwell បន្ទាប់ពីលោកបានចេញសៀវភៅ The Tipping Point ។ Outliers ផ្តោតសំខាន់ទៅលើផ្នត់គំនិតរបស់យើងម្នាក់ៗដែលតែងតែយកគំរូបុគ្គលជោគជ័យមកស្ងប់ស្ងែងទាំងដែលយើងមិនបានគិតដល់ថា តើអ្នកជោគជ័យទាំងនោះមកពីកន្លែងណា គ្រួសារបែបណា វប្បធម៌បែបណា ហើយធំឡើងដោយរបៀបណា?

៥. The Dip

The Dip និយាយអំពីកាលទេសមួយដែលយើងអាចនឹងធ្លាក់ចុះទៅកន្លែងដែលយើងស្មានមិនដល់។ សៀវភៅនេះពន្យល់ពីប្រភេទនៃការលង់ខ្លួនដែលអ្នកកំពុងជួបប្រទះ ថាតើវាជាការធ្លាក់ចុះត្រឹមតែរយៈពេលខ្លីដែលអ្នកអាចងើបឡើងវិញហើយទទួលបានភាពប្រសើរជាងមុន ឬក៏ជាការធ្លាក់ចុះដែលនឹងគ្មានផ្លូវទទួលបានភាពប្រសើរអ្វីទាំងអស់?

៦. Good to Great

សៀវភៅនេះនិយាយអំពីរបៀបដែលក្រុមហ៊ុននិមួយៗទទួលបានសមិទ្ធផលដ៏អស្ចារ្យទៅតាមប្រភេទនៃក្រុមហ៊ុន។ ក្នុងនោះផងដែរ Good to Great និយាយទាក់ទងនឹងរបៀបដែលអ្នកដឹកនាំពូកែម្នាក់ហ៊ានប្រឈមមុខនឹងការពិត។​​

៧. Rich Dad Poor Dad

សៀវភៅសរសេរដោយ Robert Kiyosaki ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក៏ជាសៀវភៅដែលលក់ដាច់បំផុតដែរ។ មានអ្នកខ្លះក៏ធ្លាប់អានសៀវភៅនេះហើយ ប៉ុន្តែអ្នកខ្លះទៀតមិនទាន់បានអាននៅឡើយទេ។ Rich Dad Poor Dad និយាយអំពីសារៈសំខាន់នៃការយល់ដឹងផ្នែកហិរញ្ញវត្ថុ សរីភាពផ្នែកហរិញ្ញវត្ថុ និងការកសាងទ្រព្យសម្បត្តិតាមរយៈការវិនិយោគទុនលើទ្រព្យសកម្ម។

៨. E-Myth Revisited

E-Myth Revisited ជាប្រភេទសៀវភៅដែលរៀបរាប់ពីជីវិតនៃជំនួញប្រៀបប្រដូចនឹងជីវិតរបស់មនុស្ស។ ជីវិតមនុស្សគឺត្រូវឆ្លងកាត់កុមារភាព​ វ័យជំទង់ និងពេញវ័យ។ នៅក្នុងជំនួញក៏ដូចគ្នា។​ បើនិយាយពីជំនួញ មុនដំបូងឡើងយើងគឺជាសហគ្រិនដែលវ័យក្មេងម្នាក់ បន្ទាប់មកក៏ធំក្លាយជាយុវជនដែលលាយឡំដោយការឈឺចាប់ រួចហើយទៅលូតលាស់ពេញវ័យក្លាយជាបុគ្គលដែលពោរពេញដោយការយល់ដឹងច្រើន។ លើសពីនេះទៅទៀត សៀវភៅនេះបង្ហាញពីវិធីសាស្រ្តក្នុងការឆ្ពោះទៅរកភាពជោគជ័យក្នុងមុខជំនួញទៀតផង។ អ្វីដែលកាន់តែពិសេសនោះគឺ E-Myth Revisited បែងចែកដាច់ដោយឡែករវាងការធ្វើការក្នុងជំនួញ និងការធ្វើការលើជំនួញ។

៩. War of Art

សៀវភៅមួយក្បាលនេះនឹងធ្វើអោយអ្នករៀនពីការស្វែងរកដំណោះស្រាយក្នុងការយកឈ្នះភាពបរាជ័យ។ សំខាន់បំផុត វាបានផ្តល់ជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព។

១០. Think and Grow Rich

តាមរយៈសៀវភៅមួយក្បាលនេះ មានមហាសេដ្ឋីក្នុងពិភពលោកជាច្រើនអាចសម្រេចជោគជ័យបន្ទាប់ពីអានវាហើយ។ Think and Grow Richជាប្រភេទសៀវភៅដែលជួយផ្តល់កម្លាំងចិត្ត ហើយក៏ជួយបង្ហាញនូវគំនិតថ្មីៗដែលធ្វើអោយអ្នកភ្លឺភ្នែកតែម្តង៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.