សារខ្លះៗទៅកាន់ប្អូនៗដែលកំពុងភ័យបុកពោះចំពោះការប្រលងទី១២ ដែលកំពុងខិតជិតមកដល់នេះ

13656
រូបភាពពី laugh24

សល់មិនដល់ ១ ខែទៀតទេ ការប្រលងទុតិយភូមិថ្នាក់ជាតិបានមកដល់ហើយ។ គួររំលឹកផងដែរថា ការប្រលងថ្នាក់ទី ១២ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨។ បន្ទាប់ពីកំណែទម្រង់របស់ក្រសួងអប់រំឆ្នាំ ២០១៤ មក ការប្រលងបាក់ឌុបត្រូវបានរឹតបណ្តឹងជាងមុន។ ដោយសារតែលឺថា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែតឹងទៅៗ ប្អូនៗទី១២ក៏កាន់តែភ័យទៅៗដែរ។ ជាពិសេសគឺសល់មួយខែចុងក្រោយនេះ ព្រោះមិនដឹងថាក្រសួងនឹងចេញវិញ្ញាសារបែបណា? ខ្ញុំក៏ធ្លាប់ជាសិស្សទី១២ដែរ ដូច្នេះខ្ញុំយល់អារម្មណ៍មួយនេះ ហើយខ្ញុំក៏ចង់ចែករំលែកបទពិសោធន៍ខ្លះៗទៅប្អូនៗដែរ។ ខាងក្រោមនេះគឺជាការយល់ឃើញមួយចំនួនដែលខ្ញុំចង់ចែករំលែក។

១. ការត្រៀមខ្លួនទុកជាមុនជាយុទ្ធសាស្រ្តល្អបំផុត

សិស្សទី១២ភាគច្រើន និយាយថា ជិតដល់ថ្ងៃហើយ ភ័យណាស់ តើធ្វើម៉េចទើបបាត់ភ័យទៅ? បើនិយាយថាមិនភ័យតែម្តងក៏មិនជឿដែរ ការប្រលងអ្នកណាមិនខ្លាចធ្លាក់។ ធ្លាប់លឺឃ្លាមួយដែលគេតែងតែនិយាយថា បើអ្នកអត់ចេះសោះតែម្តងមិនសូវភ័យវិញទេ ប៉ុន្តែណាស់តែអ្នកស្ទើចេះស្ទើអត់ទេដែលដេកភ័យបុកពោះ។ ឃ្លាមួយនេះក៏ត្រូវម្យ៉ាងដែរ ព្រោះអ្នកដែលមិនចេះសោះតែម្តងពួកគាត់មិនភ័យវិញទេ ព្រោះហេតុអី? ទីមួយគាត់បានត្រៀមចិត្តរួចរាល់ហើយថាគាត់ប្រាកដជាធ្លាក់។ ទីពីរ គាត់នៅតែចិញ្ចឹមចិត្តមួយថាក្រសួងបន្ធូបន្ថយខ្លះ ហើយអនុរក្សយោគយល់ខ្លះនៅក្នុងថ្នាក់ដូច្នេះគាត់អាចលួចមើលគេ ឬមើលសំណៅឯកសារបាន។ ប៉ុន្តែតាមរយៈបទពិសោធន៍ខ្ញុំផ្ទាល់ ការសង្ឃឹមនេះជាប្រូបាបដែលមានករណីតិចណាស់ ហើយភាគរយក៏តិចទៅតាមហ្នឹងដែរ។ ចំណែកឯប្អូនៗមួយចំនួនទៀតដែលខ្ញុំនិយាយថា ៥០/៥០ ហ្នឹង ពួកគាត់ភ័យខ្លាចថាវិញ្ញាសារចេញមកគាត់មិនចេះធ្វើ ឬក៏រៀនមិនចំវិញ្ញាសារហ្នឹង។ ប៉ុន្តែ ខ្ញុំសូមប្រាប់ថាការភ័យរបស់ប្អូនៗមិនបានជួយអ្វីអោយប្រសើរនោះទេ ផ្ទុយមកវិញវាជាការដាក់សម្ពាធលើខ្លួនឯងទៅវិញទេ។ ជំនួសអោយការភ័យនោះ យើងគួរយកពេលវេលាមករំលឹកមេរៀនបណ្តើរៗវិញ ព្រោះកុំចាំដល់ថ្ងៃប្រលងទើបរំលឹក។ នៅពេលដែលកៀកថ្ងៃប្រលងមែនទែនហើយទើបយើងរំលឹកមេរៀន នោះយើងនឹងផ្តល់សម្ពាធអោយខ្លួនឯងកាន់តែខ្លាំងឡើងៗ ពីព្រោះវាធ្វើអោយយើងមានអារម្មណ៍សល់មេរៀនច្រើនណាស់ដែលយើងមិនទាន់បានរំលឹក ដូច្នេះហើយយើងក៏កាន់តែភ័យទៅៗ។

២. កុំចាត់ទុកការប្រលងជាសម្ពាធ

ខ្ញុំដឹងថាក្នុងកំឡុងថ្នាក់ទី១២នេះ ប្អូនៗបានលះបង់ច្រើនណាស់ មិនមែនជាពេលដែលសប្បាយជាមួយមិត្តភក្តិដូចកាលពីមុនទៀតទេ។ មួយថ្ងៃៗគឺត្រូវខំរៀន រៀននៅសាលារដ្ឋផង ទៅរៀនគួរបន្ថែមផងមិនថាថ្ងៃធម្មតាឬសៅរ៍ អាទិត្យ។ ប្រសិនបើអ្នកមានបន្ទុកក្នុងគ្រួសារផងគឺរឹតតែពិបាកទៀត ព្រោះត្រូវឈ្លៀតពេលទៅជួយគ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ សូមកុំគិតថាការប្រលងគឺជាបន្ទុកក៏ធ្ងន់របស់អ្នក ផ្ទុយទៅវិញត្រូវយល់ថាវាជាឱកាសដែលប្អូនៗបញ្ចេញសមត្ថភាពរបស់ខ្លួនថាតើរយៈពេល ១២ ឆ្នាំមកនេះពួកគេទទួលបានអ្វីខ្លះ? ម្យ៉ាងវិញទៀត វាក៏ជាជណ្តើរនាំប្អូនទៅកាន់ដំណាក់កាលនៃការអប់រំមួយជំហានទៀត។ រឿងមួយទៀត ខ្ញុំសង្កេតឃើញថានៅមុនពេលថ្ងៃប្រលងឬថ្ងៃប្រលងហើយ មានមនុស្សមួយចំនួនសរសេរនៅលើ Facebook របស់ខ្លួនថា ការប្រលងមិនអាចកំណត់ជោគវាសនាបុគ្គលម្នាក់ៗបានទេ អ្នកជោគជ័យក្នុងពិភពលោកមួយចំនួនប្រលងធ្លាក់រាប់មិនអស់ មិនទាំងចូលសាលាផង ប៉ុន្តែគេនៅតែជោគជ័យ។ ខ្ញុំអត់បានប្រឆាំងទាំងស្រុងទៅលើគំនិតនេះទេ ប៉ុន្តែគ្រាន់តែចង់អោយពិចារណាខ្លះៗថា អ្នកដែលមិនបានចូលសាលាហើយជោគជ័យទាំងនោះពួកគាត់មកពីកន្លែងណា? គ្រួសារគាត់បែបណា? ភាពប៉ិនប្រសប់របស់ពួកគាត់យ៉ាងណា? ហើយយើងមានទេ? ការសិក្សាពីថ្នាក់ទី១ ដល់ទី១២ បានផ្តល់ចំណេះដឹងទូទៅមួយដែលជាគ្រឹះសម្រាប់សិស្សានុសិស្សក្នុងការស្វែងរកនូវជំនាញនិងចំណង់ចំណូលចិត្តរបស់ខ្លួន។ រៀនរយៈពេល១២ឆ្នាំមិនស្រួលទេ ដូច្នេះបានជាយើងត្រូវខិតខំដើម្បីប្រលងអោយបានជាប់ ឬនិទ្ទេសល្អ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថាការប្រលងមួយនេះហើយដែលធ្វើអោយយើងទទួលបានកេរ្តិ៍ឈ្មោះព្រមទាំងឱកាស។ អ្នកជាប់និទ្ទេលល្អត្រូវបានគេស្គាល់ច្រើន ឳពុកម្តាយក៏មានមោទភាព មិនតែប៉ុណ្ណោះសាលាល្អៗក៏ផ្តល់អាហារូបករណ៍ទៀត។

៣.​ កុំខ្លាចវិញ្ញាសាពេក

ម្នាក់ៗចេះភ័យថា វិញ្ញាសាចេញមកធ្វើមិនចេញ។ ប៉ុន្តែបើតាមខ្ញុំមើលវិញ្ញាសាចេញរាល់ឆ្នាំកន្លងមកសុទ្ធតែជាវិញ្ញាសាដែលមានលំនាំដដែលៗ។ មានន័យថា បើយើងយល់ពីរបៀបធ្វើគឺមិនពិបាកទេ។ សូមកុំព្យាយាមទន្ទេញអោយចាំទាំងមិនយល់ ព្រោះយូរៗទៅភ្លេចទៅវិញអស់ហើយ។ ម្យ៉ាងវិញទៀត បើនិយាយខ្ញុំយល់ថា ក្រសួងចេញវិញ្ញាសាមកសម្រាប់សិស្សទូទៅទេ មិនមែនជាវិញ្ញាសាសិស្សពូកែឯណា ដូច្នេះបើយើងមានមូលដ្ឋានក្នុងការដោះស្រាយប្រាកដជាអាចធ្វើបានហើយ។

៤. ត្រូវចេះស្វែងរកឯកសាររៀនបន្ថែម

ការរៀនតែជាមួយគ្រូ និងធ្វើលំហាត់ដែលគាត់ដាក់អោយតែមួយមុខ វាមិនគ្រប់នោះទេ។ យើងត្រូវចេះស្វែងរកឯកសាខាងក្រៅបន្ថែមទៀតដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន។ នៅពេលដែលយើងជួបលំហាត់កាន់តែពិបាកទៅៗ វាធ្វើអោយកាន់តែដឹងវិធីសាស្រ្តក្នុងការដោះស្រាយវា ដូច្នេះវាជាការត្រៀមខ្លួនដ៏ល្អមួយ។ បើយល់ល្អ គួរតែរៀនធ្វើលំហាត់ដែលធ្លាប់ចេញប្រលងរាល់ឆ្នាំកន្លងមក ព្រោះយើងអាចមើលលំនាំនៃការធ្វើបាន។

៥. កុំព្យាយាមធ្វើតាមអ្នកដទៃ

កាលពីមុន ដោយសារតែចង់បាននិទ្ទេសល្អ ខ្ញុំតែងតែស្តាប់កិច្ចសម្ភាសន៍របស់សិស្សពូកែៗទូទាំងប្រទេស ខ្ញុំខំទិញសៀវភៅដែលនិយាយពីគន្លឹះនៃការរៀនអោយពូកែមកអាន។ រឿងទាំងអស់នេះអាចជួយខ្ញុំបានមែន ប៉ុន្តែមិនទាំងស្រុងទេ។ ប្អូនៗអាចអាចដឹងពីគន្លឹះទាំងអស់នោះពីអ្នកពូកែបាន ប៉ុន្តែកុំព្យាយាមធ្វើត្រាប់តាមទាំងអស់ ព្រោះមនុស្សយើងមានរបៀបនៃការរៀនផ្សេងគ្នា។ ឧទាហរណ៍ សម្រាប់ខ្ញុំផ្ទាល់ ពេលអានសៀវភៅច្រើនទៅគេនិយាយថា ដើម្បីអោយរៀនឆាប់ចាំត្រូវងើបពីព្រឹកទន្ទេញមេរៀន។ ខ្ញុំក៏សាកធ្វើតាម ប៉ុន្តែវាមិនបានផលទេ ព្រោះខ្ញុំជាមនុស្សដែលរៀនឆាប់ចូលជាងនៅពេលយប់ជ្រៅ។ ដូច្នេះមិនប្រាកដថា មនុស្សគ្រប់គ្នាធ្វើទៅជោគជ័យហើយយើងធ្វើទៅជោគជ័យដែរទេ។ យើងត្រូវស្វែងយល់ពីខ្លួនឯងសិនថាយើងជាប្រភេទមនុស្សបែបណា? ហើយត្រូវស្វែងរកគន្លឹះនៃការរៀនដោយខ្លួនឯង។

៦. កុំទុកចិត្តលើសមត្ថភាពខ្លួនឯងពេករហូតដល់ធ្វេសប្រហែស

ខ្ញុំនិយាយនេះ គឺនៅក្នុងកាលៈទេសៈដែលស្ថិតក្នុងបន្ទប់ប្រលង។ មានអ្នកខ្លះគាត់ជឿជាក់លើសមត្ថភាពខ្លួនឯងពេករហូតដល់បង្កើតកំហុស។ នៅលើសន្លឹកវិញ្ញាសាត្រូវជៀសវាងដាច់ខាតក្នុងការបង្កើតសញ្ញាសម្គាល់ ហើយម្យ៉ាងវិញទៀតមុនពេលចាប់ផ្តើមធ្វើវិញ្ញាសារ សូមស្តាប់ឬអានការណែនាំអោយចប់សិន ជៀសវាងមានការកែប្រែណាមួយដែលយើងមិនដឹង។ មួយវិញទៀត មុននឹងដាក់សន្លឹកវិញ្ញាសាត្រូវត្រួតពិនិត្យអោយបានល្អិតល្អន់ ក្រែងមានកំហុសត្រង់ណា។ មិនចាំបាច់ប្រញាប់ប្រញាល់ដាក់មុនពេកទេ ព្រោះវាមិនដូចការប្រលងប្រចាំខែ ឬឆមាសដែលហើយមុនចេញមុនទេ។ ប្រលងទី ១២ បើទោះបីជាហើយមុនក៏នៅត្រូវអង្គុយចាំលឺសូរសម្លេងជួងទើបអាចចេញបានដែរ។

អ្វីដែលរៀបរាប់ទាំងឡាយនេះ គឺផ្អែកតាមបទពិសោធន៍កន្លងមកដែលខ្ញុំធ្លាប់ជួបតែប៉ុណ្ណោះ ដូច្នេះវាមិនប្រាកដថាវាជាសារដ៏ល្អទៅកាន់មនុស្សគ្រប់គ្នានោះទេ។ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំសង្ឃឹមថាវាជាសារមួយក្នុងការធ្វើអោយប្អូនៗបានកាត់បន្ថយភាពតានតឹង ក៏ដូចជាការត្រៀមខ្លួនដ៏ល្អមួយចំពោះការប្រលងដែលខិតជិតមកដល់មួយនេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.