បទសម្ភាសន៍ជាមួយអ្នកប្រកបរបរជូនភ្ញៀវខ្មែរទៅលេងប្រទេសថៃ

4022

ថ្ងៃនេះយើងខ្ញុំសូមយកបទសម្ភាសន៍របស់បងប្រុស ​ផេងហ៊ាង ដែលជានាំអ្នកភ្ញៀវទេសចរណ៍ខ្មែរទៅកាន់ខេត្តមួយចំនួននៅក្នុងប្រទេសថៃ។ សព្វថ្ងៃបងកំពុងរស់នៅក្រុងសៀមរាប ហើយបងបានប្រកបមុខរបរនេះប៉ុន្មានខែមកហើយ ដោយប្រើរថយន្ដផ្ទាល់ខ្លួន។ ច្រកព្រំដែនដែលបងនាំភ្ញៀវចេញចូលមានដូចជា អូរស្មាច់ និង ជាំស្រងាំ នៅក្នុងខេត្តឧត្តរមានជ័យ។ ខាងក្រោមនេះគឺជាការសម្ភាសន៍ដែលក្រុមការងាររបស់ apamat.com បានសួរទៅកាន់បងប្រុស។

តើហេតុផលអ្វីដែលនាំអោយបងប្រុសជ្រើសរើសមុខរបរនេះ? ហើយបងចូលចិត្តមុខរបរនេះដែរឬទេ?

“ហេតុផលធំនោះគឺដើម្បីរកចំណូលបន្ថែមក្រៅម៉ោងការងារ។ ខ្ញុំចូលចិត្តការជូនដំណើរភ្ញៀវទៅលេងថៃ ព្រោះខ្ញុំអាចជូនភ្ញៀវទៅផង និងបានដើរលេងកំសាន្ដស្គាល់ពីប្រទេសគេផង។”

តើក្នុងមួយខែបងអាចចេញជូនដំណើរភ្ញៀវប៉ុន្មានជើងទៅលេងប្រទេសថៃ? ហើយទៅលេងខេត្តណាខ្លះ?

“ជាមធ្យមខ្ញុំជូនដំណើរភ្ញៀវបានប្រហែលប្រាំទៅប្រាំមួយដង មានពេលខ្លះអាចដល់ដប់ដងក៏មាន។ ខេត្តអ៊ូប៊ុន ខេត្តសុរិន្ទ ជាខេត្តដែលភ្ញៀវខ្មែរចូលចិត្តទៅជាងគេ។”

Robinson ខេត្តសុរិន្ទ

គោលបំណងរបស់ភ្ញៀវភាគច្រើនទីនោះដើម្បីអ្វី?

“ភាគច្រើនភ្ញៀវខ្មែរដែលទៅទីនោះគឺដើម្បីទៅពិនិត្យសុខភាព និងដើរលេងកំសាន្ដផ្សារទំនើប ទិញឥវ៉ាន់ ឬទៅកន្លែងទេសចរណ៍ផ្សេងទៀត។ នៅអ៊ូប៊ុន មានមាត់ទន្លេ សួនសត្វ កន្លែងហូបគ្រឿងសមុទ្រ និងផ្សារទំនើប។ ចំណែកឯខេត្តសុរិន្ទមានផ្សារទំនើប កន្លែងសម្ដែងដំរី ជាដើម។ រាល់បុណ្យទានធំៗក្នុងប្រទេសថៃ ឬនៅពេលឆ្លងឆ្នាំក៏ភ្ញៀវខ្មែរទៅលេងទីនោះច្រើនដែរ ព្រោះផ្សារទំនើបភាគច្រើនមានលក់ទំនិញបញ្ចុះតម្លៃ។”

ប្រសិនបើខ្មែរយើងចង់ទៅទីនោះតើត្រូវត្រៀមអ្វីខ្លះ? 

“យើងត្រូវត្រៀម លិខិតឆ្លងដែន បើគ្មានទេយើងអាចយកតែអត្តសញ្ញាណប័ណ្ណកូពីសងខាង ដើម្បីធ្វើក្រដាសសម្រាប់អនុញ្ញាតអោយចេញចូលប្រទេសថៃ។ យើងក៏ត្រូវប្ដូរលុយបាតទុកជាស្រេច ប៉ុន្ដែកុំបារម្មណ៍នៅព្រំដែនក៏មានកន្លែងដូរលុយផងដែរ។ ប្រសិនបើចង់ទៅដើរលេងហើយសំរាកនៅទីនោះក៏ខ្ញុំមានសេវានឹងដែរ។” 

Central Plaza ខេត្តអ៊ូប៊ុន

តើការជូនភ្ញៀវទៅលេងម្ដងមានតម្លៃប៉ុន្មាន?

“ការម៉ៅម្ដងមួយឡានសម្រាប់ខេត្តសុរិន្ទ ទៅវិលល្ងាចមានតម្លៃ ១១០ ដុល្លា សម្រាប់ការសម្រាកនៅទីនោះមួយយប់តម្លៃ ១៣០ដុល្លា។ រីឯខេត្តអ៊ូប៊ុន ទៅវិលល្ងាចតម្លៃ ១៦០ដុល្លា សម្រាប់ការសម្រាកនៅទីនោះមួយយប់ តម្លៃ១៨០ដុល្លា។” 

មន្ទីរពេទ្យខេត្តអ៊ូប៊ុន

មុននឹងចេញដំណើរតើបងប្រុសបានត្រៀមអ្វីខ្លះ?

“មុននឹងចេញដំណើរគឺខ្ញុំបានត្រួតពិនិត្យមើលប្រេងម៉ាស៉ីន កង់ឡាន គ្រឿងក្រោម ដើម្បីសុវត្តិភាពក្នុងការធ្វើដំណើរ។” 

តើមុខរបរនេះមានការប្រកួតប្រជែងច្រើនដែរឬទេ?

“មានអ្នកធ្វើមុខរបរនេះច្រើន រីឯតម្លៃក៏មានការប្រកួតប្រជែងខ្លះ តែតម្លៃរបស់ខ្ញុំក៏រាងធូរថ្លៃជាងគេដែរ។ សម្រាប់រូបខ្ញុំដែលទើបចាប់ផ្ដើមការជូនភ្ញៀវនេះ នៅមិនទាន់មានម៉ូយច្រើនដូចអ្នកធ្វើរាប់ឆ្នាំហើយទេ។ ប៉ុន្ដែខ្ញុំជឿជាក់ថាសេវាកម្មរបស់ខ្ញុំល្អ មិនយូរឬឆាប់គង់តែមានម៉ូយប្រហាក់ប្រហែលគេដែរ។” 

​ជាចុងបញ្ចប់ តើបងប្រុសមានពាក្យពេចន៍អ្វីខ្លះសម្រាប់អ្នកចង់រកស៉ីជូនដំណើរភ្ញៀវទៅកាន់ប្រទេសថៃដូចបងដែរ? 

“អ្នកដែលចង់រកស៉ីជូនភ្ញៀវនេះ បើសិនជាចេះថៃក៏ល្អព្រោះងាយស្រួលក្នុងការនាំភ្ញៀវទៅពេទ្យឬដើរកំសាន្ដ។ ក្រៅពីនេះយើងក៏ត្រូវចេះយល់ចិត្តភ្ញៀវ ជួយយកអាសារ គោរពពេលវេលាបានល្អ និងមានសីលធម៌ល្អទាំងការនិយាយស្ដី និងក្នុងការបើកបរ។” 

ប្រសិនបើលោកអ្នកចង់ទាក់ទងបងប្រុសក្នុងការជូនទៅលេងខេត្តសុរិន្ទ ឬ ខេត្តអ៊ូប៊ុន អ្នកអាចទាក់ទងគាត់តាមលេខទូរស័ព្ទ 081 550 440 និង 061 43 87 97

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។