លោក Goh Cheng Liang ពីក្មេងប្រុសក្រីក្រម្នាក់ បច្ចុប្បន្នជាមហាសេដ្ឋីលេខបីប្រចាំប្រទេសសឹង្ហបុរី

1046

មនុស្សគ្រប់គ្នាប្រាថ្នាចង់បានការរស់នៅក្នុងជីវិតដ៏សុខសាន្ត ហើយខាងក្រោមនេះគឺជារឿងរបស់ក្មេងប្រុសក្រីក្រម្នាក់ បានរៀនត្រឹមបឋមសិក្សា តែគិតត្រឹមពេលនេះគាត់ជាមហាសេដ្ឋីលំដាប់លេខបីប្រចាំប្រទេសសឹង្ហបុរី និងមានទ្រព្យសម្បត្តិសរុប 8.2 ពាន់លានដុល្លារអាមេរិច។ នេះយោងតាមទស្សនាវដ្តី Forbes។

គ្មាននរណាម្នាក់អាចសម្មត់អនាគតរបស់អ្នក ដោយផ្អែកលើស្ថានភាពរបស់អ្នកក្នុងពេលបច្ចុប្បន្ននោះទេ ប្រៀបបានដូចជាលោក Goh Cheng Liang ដែលកាលពីអតីតជាក្មេងប្រុសក្រីក្រដូច្នេះដែរ។ លោក Goh Cheng Liang ចាប់ផ្តើមឡើងដោយធ្វើជាអ្នកលក់សំណាញ់ចាប់ត្រី ឥឡូវនេះគឺជាម្ចាស់ក្រុមហ៊ុនរបស់ Nippon Paint Holdings (កាន់កាប់ភាគហ៊ុនភាគច្រើន 39%)។

ប្រវត្តិរូបគ្រួសារ

កើតនៅក្នុងឆ្នាំ 1928 រស់នៅជាមួយគ្រួសាររបស់គាត់បានប្រាំពីរឆ្នាំនៅក្នុងផ្ទះតូចមួយដែលជួលក្នុងតម្លៃ 3 ដុល្លារក្នុងមួយខែ។ លោក Goh ឈប់រៀនត្រឹមថ្នាក់បឋមសិក្សាក្នុងអាយុ 12ឆ្នាំ ដោយសារតែឪពុកម្តាយរបស់គាត់បញ្ជូនគាត់ឲ្យទៅជួយលក់សំណាញ់ចាប់ត្រីជាមួយបងថ្លៃរបស់គាត់នៅម៉ាឡេស៊ី។ បទពិសោធន៍លក់សំណាញ់ បានធ្វើឲ្យគាត់រៀនចេះពីរបៀបគ្រប់គ្រងអាជីវកម្មរបស់គាត់។

ការបរាជ័យក្នុងការរកស៊ី

លោក Goh បានវិលត្រលប់ទៅប្រទេសសឹង្ហបុរីវិញនៅឆ្នាំ 1943 គាត់បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយ គឺលក់ទឹកកាបូន ប៉ុន្តែវាមិនបានទទួលជោគជ័យនោះទេ។ គាត់មិនបានបោះបង់ឡើយ គាត់បានបកទៅចាប់យកអាជីពជាអ្នកលក់នៅហាងលក់ឌីសមួយ ហើយគាត់បានព្យាយាមរៀនពីអាជីវកម្មនោះរហូតក្លាយជាអ្នកលក់ពូកែម្នាក់។

ឱកាស

ក្នុងឆ្នាំ 1949 លោក Goh បានឃើញជនជាតិអង់គ្លេសកំពុងតែដេញថ្លៃយកសិទ្ធលក់ថ្នាំលាប ហើយគាត់ក៏បានរកឃើញឱកាសមួយ។ គាត់បានទិញវត្ថុធាតុដើមលាយថ្នាំលាបពីរ បីធុង ហើយគាត់ប្រើបទពិសោធន៍ពីការលក់ឌីស និងបទពិសោធន៍ផ្សេងៗទៀតដែលគាត់ធ្លាប់ជួប រួមទាំងចំណេះដឹងផ្នែកគីមីខ្លះផងនោះ ដើម្បីបង្កើតផលិតផលថ្នាំលាបមួយដោយដាក់ឈ្មោះថា Pigeon Paint។ មួយឆ្នាំក្រោយមក គាត់បានក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពល ដោយសាររដ្ឋាភិបាលសឹង្ហបុរី រឹតបន្តឹងលើការនាំចូល ព្រោះតែសង្គ្រាមកូរ៉េ។ 

លោក Goh បានថ្លែងក្នុងកម្មវិធី Singapore Business Times ឆ្នាំ 1997 ថា “សំណាងរបស់ខ្ញុំកើតឡើងដោយសារតែព្រឹត្តិការណ៍ពីរ គឺ សង្គ្រាមកូរ៉េ និងការហ៊ុមព័ទ្ធប្រេង”។

ការអភិវឌ្ឍន៍អាជីវកម្ម

ទោះជាទទួលបានជោគជ័យលើទីផ្សារក្នុងស្រុកក្តី លោក Goh បានចុះកិច្ចព្រមព្រៀងធ្វើជាដៃគូរចែកចាយផលិតផលឲ្យក្រុមហ៊ុន Nippon Paint Holdings របស់ជប៉ុន នៅឆ្នាំ 1959។

គាត់បានបង្កើតក្រុមហ៊ុន Nippon Paint South-East Asia Group ហើយបានពង្រីកវិសាលភាពក្លាយជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេនៅអាស៊ី ដោយដាក់សាខានៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន និងហ្វីលីពីន។

ការស្រលាញ់មនុស្សជាតិ

ឥឡូវនេះជីវិតរបស់អតីតក្មេងប្រុសក្រីក្រម្នាក់ ក្លាយជាជីវីតដ៏ស្តុកស្តម្ភ ហើយបានផ្ទេរអ្វីដែលគាត់មាន ឲ្យទៅកូនប្រុសរបស់គាត់បន្តិចម្តងៗ។ គាត់តែងតែបរិច្ចាកប្រាក់ជួយក្នុងវិស័យសុខាភិបាល ដោយនៅឆ្នាំ 2017 មូលនិធិរបស់គាត់ឈ្មោះ Goh Foundation បានបរិច្ចាកលុយ 50 លានដុល្លារអាមេរិចឲ្យទៅមជ្ឈមណ្ឌលទប់ស្កាត់ជំងឺមហារីកជាតិសឹង្ហបុរី។ 

រឿងរ៉ាវរបស់លោក Goh បានបង្ហាញឲ្យយើងឃើញថា ភាពក្រីក្រ និងការមិនបានរៀនសូត្រខ្ពស់ខ្ពស់ មិនមែនជាឧបសគ្គរាំងស្ទះក្តីស្រមៃរបស់យើងទេ។ វាទាមទារឲ្យមានការតស៊ូព្យាយាមពិតប្រាកដ និងព្រមទទួលយកបរាជ័យ ហើយរៀនសូត្រពីវា ដើម្បីបន្តឆ្ពោះទៅរកគោលដៅរបស់យើងបន្តទៀត។

តើអ្នករៀនសូត្រពីរឿងរបស់អ្នកជំនួញជោគជ័យរូបនេះ បានអ្វីខ្លះ? យើងពេញចិត្តនិងទទួលយកមតិរបស់អ្នក តាមរយៈការ Comment នៅខាងក្រោមផូសនៃទំព័រ Facebook ផ្លូវការរបស់យើង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។