សេដ្ឋីសឹង្ហបុរីទាំង 50 នាក់កើនទ្រព្យ 11% ហើយមានសេដ្ឋីថ្មីបីនាក់លេចមុខក្នុងចំណោមសេដ្ឋីប្រចាំប្រទេសទាំង 50 នាក់

545

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes អ្នកមានជាងគេនៅ Singapore ត្រឹមចំណាត់ថ្នាក់ 50នាក់ បានកើនទ្រព្យសម្បត្តិ 11% ពោលគឺសេដ្ឋីប្រចាំប្រទេសទាំង 50 នាក់នេះ មានទ្រព្យបូកចូលគ្នាស្មើរនឹង 116 ពាន់លានដុល្លារអាមេរិច ខណៈកាលពីឆ្នាំមុនមាន 104.6 ពាន់លានដុល្លារអាមេរិច។

អ្នកមានផុតលេខប្រចាំប្រទេសបានទៅលើបងប្អូនត្រកូល Ng គឺលោក Robert និង Philip ដែលជាអ្នករកស៊ីខាងវិស័យអចលនទ្រព្យ ខណៈសហស្ថាបនិកម្នាក់របស់ក្រុមហ៊ុន Facebook លោក Eduardo Saverin គ្រងដំណែងជាមហាសេដ្ឋីលេខពីរប្រចាំប្រទេស។ បងប្អូនត្រកូល Ng មានទ្រព្យសម្បត្តិ 11.9 ពាន់លានដុល្លារ កើនឡើង 2.5 ពាន់លានដុល្លារអាមេរិច ធៀបនិងឆ្នាំមុន ចំណែកលោក Saverin កំពុងតាមដណ្តើមលេខមួយ ដោយមានទ្រព្យសម្បត្តិ 11.8 ពាន់លានដុល្លារអាមេរិច កើនឡើង 2.5 ពាន់លានដុល្លារធៀបនិងឆ្នាំមុនដូចគ្នា។

ដំណែងមហាសេដ្ឋីលេខបីប្រចាំប្រទេសសឹង្ហបុរី បានទៅលើលោក Goh Cheng Liang ដែលកើនទ្រព្យ 700 លានដុល្លារអាមេរិចក្នុងឆ្នាំនេះ ធ្វើឲ្យគាត់មានទ្រព្យសរុប 8.5 ពាន់លានដុល្លារអាមេរិច។ មហាសេដ្ឋីរូបនេះ ក៏ជាអ្នកកាន់កាប់ភាគហ៊ុន 39% របស់ក្រុមហ៊ុនជប៉ុន Nippon Paint Holdings ហើយកូនប្រុសរបស់គាត់ លោក Goh Hup Jin ទើបតែត្រូវបានគេតែងតាំងជាប្រធានក្រុមហ៊ុន Nippon Paint កាលពីខែមីនាកន្លងទៅថ្មីៗនេះ។

ចំណាត់ថ្នាក់មហាសេដ្ឋីទាំង 50 នាក់នៅសឹង្ហបុរីក្នុងឆ្នាំនេះ លេចមុខមហាសេដ្ឋីថ្មីចំនួនបីនាក់។ មហាសេដ្ឋីទាំងបីនាក់នេះ ឡើងមកឈរចំណាត់ថ្នាក់លេខ 32 គឺលោក Gordon Tang ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ SingHaiyi Group មានទ្រព្យសម្បត្តិ 1 ពាន់លានដុល្លារអាមេរិច។ មហាសេដ្ឋីថ្មីម្នាក់ទៀតឡើងមកឈរលេខរៀងទី 34 មានទ្រព្យសម្បត្តិ 910 លានដុល្លារអាមេរិច គឺលោក Muhammaed Aziz Khan ម្ចាស់ក្រុមហ៊ុន Summit Group។ មហាសេដ្ឋីថ្មីម្នាក់ទៀតគឺលោក Forrest Li ឈរលេខរៀងទី 42 មានទ្រព្យសម្បត្តិ 738 លានដុល្លារអាមេរិច ជាម្ចាស់ក្រុមហ៊ុនផលិតហ្គេមអនឡាញ៕

លោក Eduardo Saverin
បងប្អូនត្រកូល Ng
លោក Goh Cheng Liang

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។