វាមិនងាយស្រួលនោះទេក្នុងការចាប់ផ្តើមបើកអាជីវកម្មដំបូង ជាពិសេសគឺត្រូវប្រឈមមុខនិងបញ្ហាធ្វើទីផ្សារ។ វារាងពិបាកបន្តិច ដែលម្ចាស់អាជីវកម្មថ្មីថ្មោងអាចជ្រៀតចូលក្នុងទីផ្សារបានលឿន ហើយដណ្តើមយកចំណែកទីផ្សារបានខ្លះ។ ប៉ុន្តែកុំបារម្មណ៍អី apamat.com នៅទីនេះដើម្បីជួយអ្នក។ មានចំណេះដឹងជាច្រើនអំពីការធ្វើទីផ្សារ សម្រាប់ឲ្យម្ចាស់អាជីវកម្មខ្នាតតូចរៀន។ ការធ្វើទីផ្សារ មិនមែនជាការចំណាយនោះទេ វាគឺជាការវិនិយោគ ហើយវាសំខាន់ណាស់ដែលត្រូវយល់ឲ្យបានច្បាស់ថាគួរតែចាប់ផ្តើមវិនិយោគពីណាទៅណា។ ការធ្វើទីផ្សារគឺជាការវិនិយោគ មានន័យថា យើងចំណាយលុយធ្វើទីផ្សារដើម្បីរកចំណូលមកវិញ វាប្រៀបបានដូចជាការបិទនុយស្ទួចត្រីអញ្ចឹងដែរ។ ប្រសិនបើអ្នកអាចយល់ចំណុចនេះ មានន័យថាអ្នកឈានបានមួយជំហានហើយ។

បន្ទាប់ពីអានអត្ថបទនេះចប់ អ្នកនិងកាន់តែយល់ច្បាស់ថា ការធ្វើទីផ្សារគឺជាអ្វី ហើយហេតុអ្វីបានជាអ្នកត្រូវធ្វើវា។ 

តើការធ្វើទីផ្សារគឺជាអ្វី?

យើងរាល់គ្នាតែងតែលឺអំពីការធ្វើទីផ្សារ ហើយនៅពេលដែលយើងធ្វើអាជីវកម្ម យើងនិងត្រូវធ្វើវា ប៉ុន្តែតើការធ្វើទីផ្សារគឺជាអ្វី? មាននិយមន័យជាច្រើនពិពណ៌នាអំពីការធ្វើទីផ្សារ ដែលនេះក៏ជាមូលហេតុមួយដែលធ្វើឲ្យម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនច្រលំនិងន័យរបស់វាផងដែរ។ យើងលឺអំពីការលក់ ការផ្សព្វផ្សាយ ទំនាក់ទំនងជាមួយសាធារណៈជន ហើយនិងការធ្វើទីផ្សារ។ តើវាទាំងអស់នេះខុសគ្នាដែលទេ? វាមានភាពខុសគ្នា ហើយនៅពេលដែលអ្នកយល់ពីភាពខុសគ្នានេះ វានិងកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារបែបណាឲ្យក្រុមហ៊ុន តាមរយៈការជ្រើសរើសវិធីធ្វើទីផ្សារដែលចំគោលដៅ។

មូលហេតុដែលការធ្វើទីផ្សារត្រូវទាញចំណូលឲ្យបានច្រើនជាងចំណាយ

មានក្រុមហ៊ុនជាច្រើនមើលការធ្វើទីផ្សារជាការចំណាយ។ តាមពិតទៅ នៅពេលដែលអាជីវកម្មមួយយល់ពីភាពសំខាន់ និងមុខងាររបស់ការធ្វើទីផ្សារ វានិងត្រូវគេមើលថាជាការវិនិយោគ។ ការធ្វើទីផ្សារមានសារៈសំខាន់នៅពេលដែលវាដើរតួរជាអ្នកស្វែងរកតម្រូវការរបស់អតិថិជន ហើយបន្ទាប់មកបង្កើត និងអភិវឌ្ឍផលិតផលឲ្យត្រូវតាមអ្វីដែលអតិថិជនចង់បាន។ ការធ្វើទីផ្សារមានប្រសិទ្ធភាពទៅលើការលក់ ការកំណត់ថ្លៃ ការផ្សាយ ហើយនិងយុទ្ធសាស្រ្តផ្សាយពានិជ្ជកម្ម។ នៅពេលដែលអ្នកដឹងពីសារៈសំខាន់នៃការធ្វើទីផ្សារ អ្នកអាចប្រើវាដើម្បីបង្កើនល្បឿននៃការលក់ផលិតផល និងសេវាកម្មរបស់អ្នកឲ្យទៅអតិថិជន វាអាចនាំភាពជោគជ័យដល់អាជីវកម្មខ្នាតតូចរបស់អ្នក។

ស្វែងយល់ពីការស្រាវជ្រាវទីផ្សារ

ការស្រាវជ្រាវទីផ្សារ ជួយអ្នកឲ្យអាចវាយតម្លៃបានថា តើផលិតផល ឬសេវាកម្មរបស់អ្នកនឹងអាចចូលទីផ្សារចុះតាមរបៀបណា។ ទិន្នន័យដែលបានពីការស្រាវជ្រាវនេះ អាចជួយអ្នកឲ្យដឹងថាអតិថិជនគោលដៅរបស់អ្នកចូលចិត្តទិញផលិតផលបែបណា និងក្នុងតម្លៃណា។ អ្នកអាចប្រើប្រាស់ការស្រាវជ្រាវទីផ្សារដើម្បីកំណត់ក្រុមអតិថិជនជាអាយុ ភេទ ទីតាំងរស់នៅ និងកម្រិតចំណូលរបស់ពួកគេ ដែលវាធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការបញ្ជូនសារផ្សព្វផ្សាយទៅ ចំពួកគេ។ ការស្រាវជ្រាវទីផ្សារអាចឲ្យអ្នកបង្កើតបានគម្រោងទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក ហើយមិនមែនត្រឹមតែបង្កើតប្រសិទ្ធភាពនោះទេ ប៉ុន្តែវាក៏ជាការចំណាយចំគោលដៅផងដែរ។

មូលហេតុដែលការស្រាវជ្រាវយុទ្ធសាស្រ្តធ្វើទីផ្សារ មានសារៈសំខាន់សម្រាប់អាជីវកម្មរបស់អ្នក

អ្នកបានធ្វើការងារជាច្រើនរួចមកហើយ ហើយអ្នកត្រូវមកធ្វើការស្រាវជ្រាវលើការធ្វើទីផ្សារទៀត តើអ្នកគួរតែខ្វល់ខ្វាយចំពោះវាទេ? មានភាពខុសគ្នារវាងការស្រាវជ្រាវទីផ្សារ និងការស្រាវជ្រាវការធ្វើទីផ្សារ ខ្ញុំនិងពន្យល់អ្នក។ ការស្រាវជ្រាវទីផ្សារ ផ្តល់ពត៌មានដែលអ្នកត្រូវការពីក្នុងទីផ្សារដែលអ្នកចង់ប្រឡូក ចំណែកការស្រាវជ្រាវធ្វើទីផ្សារគឺជាការជីកកកាយទៅក្នុងទម្លាប់នៃការទិញរបស់អតិថិជន ដែលអាចកំណត់យកវិធីធ្វើទីផ្សារណាដែលចំគោលដៅ និងចំណាយតិច។ 

ហេតុអ្វីអតិថិជនទិញរបស់ដែលពួកគេទិញ

នៅក្នុងទីផ្សារតែងតែមានការប្រែប្រួល ហើយវាជាទម្លាប់នៃការចាយរបស់អតិថិជន។ អតិថិជនចង់បានផលិតផលដែលល្អជាងការផ្សាយពានិជ្ជកម្មទៅទៀត ហើយពួកគេតែងតែគិតដល់ការចំណាយលុយដែលពួកគេខំរកមកដោយពិបាក។ ស្វែងរកមូលហេតុដែលធ្វើឲ្យអតិថិជនទិញទំនិញដែលពួកគេទិញ ហើយរកវិធីធ្វើឲ្យពួកគេសម្រេចចិត្តជ្រើសរើសផលិតផលរបស់អ្នក។

ការធ្វើទីផ្សារចំពោះផលិត VS ការធ្វើទីផ្សារឲ្យសេវាកម្ម

ការធ្វើទីផ្សារឲ្យផ្នែកសេវាកម្ម គឺខុសគ្នាពីបែបផលិតផល។ មានរឿងជាច្រើនដែលអ្នកត្រូវគិតពិចារណា និងជំហានផ្សេងៗទៀតដែលអ្នកត្រូវធ្វើដើម្បីជួយឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ល្អ។

តើគម្រោងធ្វើទីផ្សារគឺជាអ្វី?

គម្រោងធ្វើទីផ្សារ ផ្តល់ឲ្យអ្នកនូវផែនទីបង្ហាញផ្លូវមួយនៅពេលដែលវាត្រូវបានសរសេររួចរាល់។ វាអាចកំណត់ភាពជោគជ័យតិចឬច្រើន អាស្រ័យលើថាតើអ្នកសរសេរវាបានល្អប៉ុណ្ណា។ គម្រោងធ្វើទីផ្សារនិងបង្ហាញអ្នកពីអ្វីដែលអ្នកគួរធ្វើ ហើយមូលហេតុអ្វីដែលអ្នកគួរធ្វើវា។ វាក៏និងជួយអ្នកក្នុងការគេចចេញពីការចំណាយលុយធ្វើទីផ្សារខុសគោលដៅ និងកំហុសផ្សេងទៀតក្នុងអាជីវកម្ម ដែលនាំឲ្យអ្នកខាតបង់លុយ និងពេលវេលាផងដែរ។ ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូច ការមានគម្រោងធ្វើទីផ្សារនិងជួយអ្នកឲ្យមានទំនុកចិត្តក្នុងការសម្រេចគោលដៅអាជីវកម្មរបស់អ្នក។

បង្កើតកញ្ចប់ថវិកាធ្វើទីផ្សារ

កម្រិតចំនួនលុយសម្រាប់ធ្វើទីផ្សារឲ្យអាជីវកម្មរបស់អ្នក និងលៃលកលុយប៉ុន្មានសម្រាប់ការចំណាយលើផ្នែកផ្សេងទៀត ដែលនេះអាចជាបញ្ហាធំមួយដែលអ្នកត្រូវប្រឈមមុខ។ វាអាចជាកូនសោរមួយក្នុងការឲ្យអ្នកសម្រេចចិត្តថាគួរពង្រីកអាជីវកម្ម ឬត្រូវបិទអាជីវកម្ម។ 

បង្កើតគម្រោងទីផ្សារ 90 ថ្ងៃ

ប្រសិនបើអ្នកមិនដែលធ្លាប់សរសេរគម្រោងធ្វើទីផ្សារ ខ្ញុំសូមណែនាំឲ្យសាកល្បងគម្រោងធ្វើទីផ្សាររយៈពេល 90 ថ្ងៃ។ វាគឺជាគម្រោងមួយដែលមានរយៈពេលខ្លី ហើយអាចជួយអ្នកឲ្យផ្តោតលើតម្រូវការ និងលទ្ធភាពរយៈពេលខ្លី។ វាអាចវាស់ស្ទង់សមត្ថភាពធ្វើទីផ្សាររបស់អ្នក និងអាចកែតម្រូវបានលឿនសម្រាប់អ្នកដែលជាជើងថ្មី។ 

រៀនពីរបៀបធ្វើទីផ្សារពីអ្នកដទៃ

ការធ្វើទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច កំពុងតែមានការប្រកួតប្រជែងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសនៅពេលដែលសេដ្ឋកិច្ចមានសំទុះហក់ឡើងដូចជាប្រទេសកម្ពុជាយើង។ ទោះជាយ៉ាងណាក៏ដោយ មានក្រុមហ៊ុនជាច្រើនបានកំពុងប្រើប្រាស់វិធីធ្វើទីផ្សារថ្មីៗមិនធ្លាប់មានពីមុនមក ហើយអ្នកអាចរៀនពីរបៀបដែលពួកគេធ្វើបាន។ 

បើអ្នកមានទំនាក់ទំនងល្អជាមួយម្ចាស់អាជីវកម្មច្រើននាក់ អ្នកអាចរៀនពីពួកគេបានលឿន និងងាយស្រួលជាងការទៅស្រាវជ្រាវ និងរៀនដោយខ្លួនឯង។ 

បម្រែបម្រួលនៃការធ្វើទីផ្សារតាមសម័យកាល

តើអាជីវកម្មរបស់អ្នកនិងធ្វើអ្វីនៅ 10 ឆ្នាំក្រោយ? ខ្ញុំគិតថា អ្វីៗគឺពឹងលើការធ្វើទីផ្សាររបស់អ្នក។ វាគឺជាពេលដែលអ្នកត្រូវវិនិយោគលើការធ្វើទីផ្សារដើម្បីទាញលុយឲ្យកាន់តែច្រើនចូលក្នុងអាជីវកម្មរបស់អ្នក។ អ្នកគួរតែគិតទុកមុនអំពីការផ្លាស់ប្តូរណាមួយនៃរបៀបធ្វើទីផ្សារក្នុងពេលអនាគត។ វាប្រៀបបានដូចកាលពីជាងដប់ឆ្នាំមុន ការធ្វើទីផ្សារលើបណ្តាញសង្គមគឺគ្មានប្រសិទ្ធភាពដូចពេលនេះទេ ប៉ុន្តែពេលនេះសូម្បីតែទូរទស្សក៏ចង់ពិបាកជាមួយវាដែរ។ 

សរុបមករឿងដែលគួរឲ្យយកចិត្តទុកដាក់គឺថា ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនមិនបានព្យាយាមសរសេរគម្រោងធ្វើទីផ្សារ ហើយវាគឺជាមូលហេតុចម្បងមួយនៃមូលហេតុផ្សេងទៀតដែលធ្វើឲ្យអាជីវកម្មបិទទ្វាយ៉ាងឆាប់រហ័ស។ អ្នកគួរតែព្យាយាមសរសេរគម្រោងធ្វើទីផ្សារ ហើយនិងការរើសយកយុទ្ធសាស្រ្តធ្វើទីផ្សារ រហូតទាល់តែអាជីវកម្មរបស់អ្នកឈរជើងហ្នឹង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...