មិនថានៅក្នុងក្រុមហ៊ុន ស្ថាប័ន ឬអង្គការណាមួយនោះទេ អ្នកដឹកនាំគឺជាធាតុដ៏សំខាន់បំផុតក្នុងការនាំក្រុមហ៊ុន ឬស្ថាប័នឆ្ពោះទៅកាន់់ជោគជ័យ។ ក្នុងពេលតែមួយនេះដែរ ប្រសិនបើអ្នកដឹកនាំមិនល្អក៏អាចបង្អាក់ភាពជោគជ័យរបស់ក្រុមហ៊ុនបានផងដែរ។ ហេតុដូច្នេះហើយទើបថ្នាក់ដឹកនាំនិមួយៗត្រូវមានតួនាទីខ្ពស់ក្នុងការគ្រប់គ្រងក្រុមហ៊ុនអោយបានល្អ។ បែបផែននៃការគ្រប់គ្រងរបស់អ្នកដឹកនាំគឺមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះក៏សិក្សាពីរបៀបនៃការដឹកនាំពីអ្នកដទៃ ពីសៀវភៅ ឬអ្នកខ្លះទៀតក៏ចេះច្នៃយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងដោយខ្លួនឯង។ បើតាមការសិក្សា គេបានបែងចែកប្រភេទនៃអ្នកដឹកនាំជាប្រាំប្រភេទ។
ប្រភេទទី ១៖ Managerial Leader
អ្នកដឹកនាំប្រភេទនេះជាមនុស្សដែលមានសក្តានុពលតិចតួចបំផុតក្នុងចំណោមប្រភេទអ្នកដឹកនាំទាំងប្រាំ។ អ្នកដទៃធ្វើតាមគេដោយសារតែចាំបាច់ត្រូវធ្វើ ដោយចៀសមិនបានតែប៉ុណ្ណោះ។ ពួកគេមើលឃើញអ្នកដទៃគ្រាន់តែជាឧបករណ៍ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ពួកគេបម្រើអ្នកដទៃពីព្រោះតែវាជាតួនាទីរបស់ខ្លួន។ ម្យ៉ាងវិញទៀត អ្នកដឹកនាំប្រភេទនេះតាំងខ្លួនជាអ្នកសម្រេចចិត្តគ្រប់កិច្ចការទាំងអស់។ ពួកគេមិនសូវមានគំនិតទូលំទូលាយប៉ុន្មានទេ ហើយភាគច្រើនអោយតម្លៃអ្នកណាម្នាក់ផ្អែកលើមុខតំណែងតែប៉ុណ្ណោះ។
ប្រភេទទី ២៖ Rational Leader
អ្នកដឹកនាំប្រភេទនេះបង្កើតទំនាក់ទំនងជាមួយអ្នកដទៃដើម្បីគ្រាន់តែចង់ជះឥទ្ធិពលលើអ្នកដទៃប៉ុណ្ណោះ។ ចំណែកឯអ្នកធ្វើតាមពួកគេនោះ គឺដោយសារតែតំណែងពួកគេជាអ្នកណា ជាជាងអ្វីដែលពួកគេគ្រប់គ្នាដឹង។ បើទោះបីជា អ្នកដទៃធ្វើតាមអ្នកដឹកនាំនេះក៏ដោយ ក៏អ្នកដែលធ្វើការជាមួយនោះមិនបានបង្ហាញពីសក្តានុពលផ្ទាល់ខ្លួនអោយពេញលេញនោះទេ ពីព្រោះពួកគេព្យាយាមសម្របតាមអ្នកដឹកនាំតែប៉ុណ្ណោះ។
ប្រភេទទី ៣៖ Motivational Leader
អ្នកដឹកនាំនៅក្នុងប្រភេទនេះក៏ព្យាយាមស្វែងរកផលប្រយោជន៍ដែរ ប៉ុន្តែជាផលប្រយោជន៍រួម។ និយាយអោយខ្លីគឺផលប្រយោជន៍ទាំងខ្លួនឯង បុគ្គលិក សហគមន៍ និងមនុស្សជុំវិញខ្លួន។ មនុស្សទាំងពួងធ្វើតាមពួកគេដោយការពេញចិត្ត និងទំនុកចិត្ត។ រាល់ការសម្រេចបានជោគជ័យទាំងឡាយ ពួកគេមិនដែលគិតថាជារបស់ខ្លួនទាំងស្រុងនោះទេ ប៉ុន្តែពួកគេតែងតែដឹងគុណដល់អ្នកដទៃដែលជាចំណែកមួយនៃភាពជោគជ័យនោះ។ ចំណុចខ្វះខាតរបស់ពួកគេគឺមិនបង្កើតការលះបង់ចាំបាច់ណាមួយដើម្បីបង្កើត Motivational leader ផ្សេងទៀត។
ប្រភេទទី 4 ៖ Inspirational Leader
អ្នកដឹកនាំប្រភេទនេះជម្រុញ Managerial leader និង Relational leader អោយក្លាយជា Motivational leader។ ការយកចិត្តទុកដាក់ដ៏ធំរបស់គេគឺពង្រីកសមត្ថភាពផ្ទាល់ខ្លួនដើម្បីជម្រុញអ្នកដទៃអោយរីកចម្រើនទៅមុខដែរ។ Inspirational leader ខុសគ្នាពី Motivational leader ពីព្រោះ Inspirational leader ផ្តោតលើការលើកទឹកចិត្តអ្នកដទៃផ្នែកខាងក្នុង ប៉ុន្តែ Motivational leader លើកទឹកចិត្តផ្នែកខាងក្រៅតែប៉ុណ្ណោះ។ បើនិយាយទៅ ការដឹកនាំបែប Inspirational មានការតាំងចិត្តខ្ពស់បំផុតក្នុងការអភិវឌ្ឍន៍លើអត្តចរិតរបស់មនុស្ស។ ដោយសារតែការយកចិត្តទុកដាក់បែបនេះហើយទើបមនុស្សជាច្រើនធ្វើតាមអ្នកដឹកនាំប្រភេទនេះ។
ប្រភេទទី ៥ ៖ Transformational Leader
ជាប្រភេទអ្នកដឹកនាំដែលមានឆន្ទៈ និងមហិច្ចតាក្នុងការផ្លាស់ប្តូរអ្នកដទៃ។ ក្នុងចំណោមប្រភេទទាំងអស់នៃអ្នកដឹកនាំ Transformational Leader មានឥទ្ធិពល និងទទួលបានការគោរពខ្ពស់បំផុត។ កេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់គេគឺបានមកពីសមត្ថភាពក្នុងការអភិវឌ្ឍន៍អ្នកដទៃអោយក្លាយជាម្ចាស់ការលើខ្លួនឯង។ ជាធម្មតា អត្តចរិតរបស់ក្រុមនេះគឺមានភាពរឹងម៉ាំ ហើយមានការតាំងចិត្តខ្ពស់ក្នុងការបម្រើ និងអភិវឌ្ឍន៍អ្នកដទៃ។ អ្នកដឹកនាំប្រភេទនេះសម្បូរទៅដោយបណ្តុំគំនិត និងចេះផ្តល់តម្លៃលើអ្នកដទៃ។ ពួកគេអោយតម្លៃលើអ្នកដទៃមិនមែនពឹងផ្អែកលើមុខតំណែងទេ ប៉ុន្តែដោយសារតែតម្លៃដែលពួកគេសមនឹងទទួលបាន៕
