អ្នកអានអត្ថបទរបស់ apamat.com ភាគច្រើនគឺជាអ្នកចាប់អារម្មណ៍ក្នុងការរកស៉ី និងចង់បង្កើនចំណេះដឹងខាងជំនួញ។ ហើយប្រាកដណាស់ថាដើម្បីអោយការរកស៉ីដើរទៅមុខបានលុះត្រាណាតែយើងមានការតស៊ូ និងទាមទារអោយយើងមានការយល់ដឹងច្រើនពីការរកស៊ី។ មានអ្នកខ្លះចង់ចាប់ផ្ដើមរកស៊ីដែរ ប៉ុន្ដែមិនដឹងថាត្រូវចាប់ផ្ដើមពីខាងណាមុន តែកុំទាន់អស់សង្ឃឹម លោក Dragan Sutevski ដែលជា CEO របស់ក្រុមហ៊ុនពិគ្រោះយោបល់ក្នុងការធ្វើអាជីវកម្ម បានផ្ដល់គន្លឹះចំនួនប្រាំក្នុងការបង្កើនចំណេះដឹងខាងផ្នែកជំនួញ ដែលគាត់តែងតែអោយយោបល់ទៅអតិថិជនដែលមករកសេវាពីគ្រោះយោបល់។ 

១. រកគ្រូបង្វឹកខាងការរកស៊ី៖ អ្នកអាចសុំអោយអ្នកដែលមានបទពិសោធន៍រកស៊ីជួយផ្ដល់ចំណេះដឹង និងប្រាប់ពីបទពិសោធន៍របស់គាត់ដល់អ្នកបាន ឬអ្នកអាចទៅស្នើសុំធ្វើការជាមួយគាត់និងរៀនពីរបៀបរកស៉ីរបស់គាត់ក៏បានដែរ។ ប្រសិនបើអ្នកមានសាច់ញ្ញាតិឬអ្នកស្គាល់គ្នាណាដែលមានមុខរបរធ្វើជំនួញបានជោគជ័យគ្រាន់បើ ក៏ល្អដែរព្រោះអ្នកអាចសុំយោបល់ឬចំណេះដឹងពីគេកាន់តែងាយស្រួល។ ពេលខ្លះការចូលរួមសិក្ខាសាលា (workshop) ដែលទាក់ទងនឹងការរកស៊ីក៏អាចផ្ដល់ឱកាសក្នុងការជួបនិងបង្កើនទំនាក់ទំនងជាមួយអ្នកជំនួញផងដែរ។ 

២. ស្វែងរកពត៌មានពីការរកស៉ីស្រដៀងគ្នា៖ មុខនឹងប្រឡូកចូលក្នុងវិស័យណាមួយ អ្នកគួរតែស្រាវជ្រាវពត៌មានពីជំនួញណាដែលប្រហាក់ប្រហែលនឹងអ្នក ហើយរៀនសូត្រអោយបានច្រើនពីពួកគេ ដឹងពីចំនុចខ្សោយឬខ្លាំងរបស់គេសិន មុននឹងយើងចូលទៅប្រកួតជាមួយគេ។

៣. រៀនពីការអាន៖ អានអោយបានច្រើនពីជីវិត បទពិសោធន៍ ដំបូន្មាន និងការរកសីរបស់បុគ្គលជោគជ័យ។ គ្មានអ្នកជំនួញជោគជ័យណាម្នាក់ក្នុងពិភពលោកដែលមិនអានសៀវភៅនោះទេ។

៤. រៀនខាងពាណិជ្ជកម្ម៖ សម្រាប់ប្អូនដែលចង់ធ្វើជំនួញហើយមិនទាន់ច្បាស់ថាខ្លួនចង់រៀនអ្វីអាចចុះឈ្មោះរៀនមុខជំនាញណាដែលទាក់ទងនឹងការធ្វើអាជីវកម្ម។ ចំនុចនេះមិនមែនមានន័យថា បើចង់រកស៉ីបានទាល់តែរៀនខាងពាណិជ្ជកម្មនោះទេ ប្អូនក៏អាចរៀនជំនាញផ្សេងទៀតបានដែរប្រសិនបើប្អូនគិតថាជំនាញទាំងនោះនឹងផ្ដល់ផលប្រយោជន៍ដល់ប្អូនបានច្រើន។ តែការរៀនខាងពាណិជ្ជកម្មអាចអោយយើងដឹងពីប្រតិបត្តិការក្នុងជំនួញ ការគ្រប់គ្រងលុយកាក់ ធន់ធានមនុស្ស គណនេយ្យ និងច្បាប់ក្នុងការធ្វើពាណិជ្ជកម្មជាដើម…។ 

៥. អនុវត្តផ្ទាល់៖ មុននឹងក្លាយទៅជាម្ចាស់ជំនួញ យើងគួរស្វែងរកបទពិសោធន៍ពីការងារណាដែលទាក់ទងនឹងមុខជំនួញរបស់យើង។ ឧទាហរណ៍ ប្រសិនបើយើងចង់បើកលក់អាហារ ដំបូងយើងគួរទៅធ្វើការក្នុងភោជនីយដ្ឋានជាមុនសិន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។