Oprah Winfrey ពីជីវភាពក្ររហាម រហូតក្លាយជាមហាសេដ្ឋីមានប្រាក់ពាន់លាន

1201

Oprah Winfrey គឺជាតារាសម្ដែង ផលិតករ និងម្ចាស់ផលិតកម្ម Harpo Productions។ អ្នកស្រីកើតនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ១៩៥៤ ក្នុងទីក្រុង Kosciusko រដ្ឋ Mississippi សហរដ្ឋអាមេរិក។

ទម្រាំតែបានក្លាយជាជនល្បីល្បាញ និងជាមហាសេដ្ឋីមានប្រាក់សរុបប្រមាណជា ៣ ពាន់លានដុល្លារ អ្នកស្រី Oprah ធ្លាប់រងទុក្ខវេទនាជាច្រើនលើកចាប់តាំងពីវ័យកុមារភាពមកម៉្លេះ។

ម្តាយរបស់គាត់ឈ្មោះ Vernita Lee ជាស្រ្តីមេផ្ទះ ខណៈដែលឪពុករបស់គាត់ឈ្មោះ Vernon Winfrey ជាកម្មករជីករ៉ែ តែក្រោយមកបានប្តូរមុរបរមកធ្វើជាជាងកាត់សក់វិញ។ បន្ទាប់ពីបង្កើតបាន Oprah ម្តាយរបស់គាត់បានប្តូរទីលំនៅ និងធ្វើជាអ្នកសម្អាតតាមផ្ទះ នៅទីក្រុង Milwaukee រដ្ឋ Wisconsin នៃសហរដ្ឋអាមេរិក រីឯឪពុករបស់គាត់បានចូលបម្រើខ្លួនជាកងទ័ពនៅមូលដ្ឋានទ័ពជើងទឹកអាមេរិក ដោយបន្សល់ទុកនូវកូនស្រីតូច Oprah ឱ្យរស់នៅជាមួយលោកយាយរបស់គេ (Hattie Mae Lee ហៅកាត់ថា Presley) នៅតំបន់ដាច់ស្រយ៉ាលមួយនៃរដ្ឋ Mississippi

oprah និងម្តាយរបស់នាង

លោកយាយរបស់ Oprah តែងតែវាយនាងនិងរំពាត់គ្រប់ពេលដែលនាងមិនស្ដាប់បង្គាប់តាមដំបូន្មាន។ នៅពេលដែល Oprah មានអាយុ ៦ ឆ្នាំ លោកយាយរបស់នាងចាប់ផ្តើមធ្លាក់ខ្លួនឈឺ ហើយ Oprah ក៏ត្រូវបានបញ្ជូនឱ្យទៅរស់នៅជាមួយម្តាយរបស់នាងនៅឯក្រុង Milwaukee វិញ ដែលនៅទីនោះ Oprah ត្រូវទ្រាំនិងជីវភាពក្រលំបាកកាន់តែដុនដាប ជាពិសេសគឺត្រូវរងការរំលោភបំពានផ្លូវភេទ។

លុះដល់អាយុបាន ៩ ឆ្នាំ Winfrey ត្រូវបានចាប់រំលោភលើកដំបូងដោយបងប្អូនជីដូនមួយរបស់នាងដែលមានអាយុ ១៩ ឆ្នាំ នេះបើតាមការសរសេររបស់លោក Oscar Bamwebaze Bamuhigire ក្នុងសៀវភៅមួយមានចំណងជើងថា The Healing Power of Self Love”

នៅវ័យ ១៤ ឆ្នាំ ជីវិតរបស់ Oprah ចាប់ផ្តើមមានសេរីភាពវិញ បន្ទាប់ពីបានទៅរស់នៅជាមួយឪពុករបស់នាងនៅឯក្រុង Nashville រដ្ឋ Tennessee ហើយដំណើរនៃភាពជោគជ័យរបស់នាងក៏លេចពន្លកឡើង។

ឪពុករបស់ Oprah បានបង្ហាត់បង្រៀននាងពីរបៀបកំណត់ទិសដៅ បង្កើតវិន័យផ្ទាល់ខ្លួន និងទម្រង់បែបបទរស់នៅនៃជីវិតផ្សេងៗដែលនាងមិនធ្លាប់បានដឹងពីមុនមក។ ស្ថានភាពរស់នៅដែលឪពុករបស់នាងបានផ្តល់ បានធ្វើឱ្យជីវិត Oprah Winfrey មានភាពស្រស់បំព្រងឡើងវិញ ហើយគាត់ថែមបញ្ជូននាងឱ្យទៅរៀននៅសាលា East Nashville High School ដែលនាងត្រូវបានគេផ្តល់កិតិ្តយស និងបោះឆ្នោតឱ្យធ្វើជាសិស្សស្រីដែលមានប្រជាប្រិយភាពជាងគេបំផុត។

នៅទីនោះ Oprah បានរកឃើញចំណង់ចំណូលចិត្តរបស់នាងក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងបានចូលរួមជាមួយក្រុមអ្នកវោហារស័ព្ទ និងបានធ្វើការឱ្យស្ថានីយវិទ្យុមួយបន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវិទ្យាល័យ។

នៅឆ្នាំទី ៣ នៃការសិក្សា Oprah បានទទួលអាហាររូបករណ៍ពេញនៅសកលវិទ្យាល័យ Tennessee State University ប៉ុន្តែនាងបានចាកចេញពីសាលាដោយមិនទាន់បានបញ្ចប់ការសិក្សានៅអាយុ ១៩ ឆ្នាំ ដើម្បីបន្តអាជីពក្នុងប្រព័ន្ធផ្សព្វផ្សាយ។

មុនឈានដល់វ័យ ២០ ឆ្នាំ Oprah Winfrey ចាប់ផ្តើមល្បីឈ្មោះជាអ្នកសារពត៌មានស្ត្រីស្បែកខ្មៅទីមួយក្នុងក្រុង Nashville។ ប៉ុន្តែ ក្រោយពីបានឡើងតំណែង និងត្រូវគេផ្ទេរមកធ្វើការនៅក្រុង Baltimore អ្នកស្រី Oprah ត្រូវបានគេបង្អាប់បង្អោន និងរងការបំពានផ្លូវភេទម្តងទៀត ហើយក៏ត្រូវបានគេបញ្ឈប់ពីការងារ ៧ ខែកន្លះ មុនកាលកំណត់។

ទោះជាយ៉ាងណា Oprah មិនបានបោះបង់ក្តីសង្ឃឹមតែត្រឹមនេះទេ។ គាត់បានត្រឡប់ទៅបង្កើតកម្មវិធីនិយាយផ្សាយបន្តផ្ទាល់មួយហៅថា​ AM Chicago” ហើយ ៣ ឆ្នាំក្រោយមកទៀតកម្មវិធីនេះត្រូវបានកែឈ្មោះមកជា The Oprah Winfrey Show”

ឆ្នាំ ១៩៨៦ អ្នកស្រី Winfrey បានផ្លាស់ប្តូរជីវភាពទាំងស្រុងនៅពេលដែលគាត់បង្កើតផលិតកម្ម Harpo Productions និងបានចរចារធ្វើជាម្ចាស់របស់ The Oprah Winfrey Show” ដែលរកចំណូលបាន ៣០០ លានដុល្លារក្នុងមួយឆ្នាំក្នុងកំឡុងពេលដែលកម្មវិធីនេះមានភាពល្បីល្បាខ្លាំង។

ក្រោយពីជោគជ័យនេះ Oprah បានបន្តធ្វើជាតួសម្ដែងនៅតាមបុស្តិ៍ទូរទស្សន៍ និងក្នុងវិស័យភាពយន្ត ព្រមទាំងឈ្នះពានរង្វាន់តារាសម្ដែងដែលមានអ្នកគាំទ្រច្រើនជាងគេក្នុងឆ្នាំ ១៩៨៥ ក្នុងរឿង The Color Purple”។ លើសពីនេះ អ្នកស្រីថែមទាំងបានបង្កើតទស្សនាវដ្តី The Oprah Magazine ស្ថានីយវិទ្យុ Oprah Radio និងបុស្តិ៍ទូរទស្សន៍ Oprah Winfrey Network

បច្ចុប្បន្ន Oprah Winfrey មានវ័យ ៦១ ឆ្នាំ និងកំពុងរស់នៅក្នុងជីវិតធូរធារមួយដែលគាត់ធ្លាប់ស្រមៃដល់កាលពីក្មេង ធ្វើដំណើរដោយយន្តហោះផ្ទាល់ខ្លួនមួយដែលមានតម្លៃ ៤២ លានដុល្លារ ព្រមទាំងបានបរិច្ចាកប្រាក់រាប់លានដុល្លារដល់អង្គការមនុស្សធម៌ជាច្រើនដូចជា The Angel Network , The Oprah Winfrey Foundation, និង The Oprah Winfrey Operating Foundation

ប្រភព៖ businessinsider

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕