Google អាចនឹងប្រឡូកចូលប្រទេសចិនសារជាថ្មី

429

Google គឺជាវេបសាយដ៏ដំបំផុតមួយរបស់ពិភពលោកដែលប្រជាជនស្ទើរតែទូទាំងពិភពលោកកំពុងប្រើប្រាស់ ប៉ុន្ដែ Google មិនមានប្រើប្រាស់នៅក្នុងប្រទេសចិនឡើយ។ ដោយឡែកកាលពីពេលថ្មីៗនេះមានដំណឹងល្ហិចល្ហៀងថាក្រុមហ៊ុន Google សម្រេចចិត្តប្រឡូកចូលក្នុងវិស័យអ៉ីនធើណេតក្នុងប្រទេសចិនសារជាថ្មី ដែលធ្វើអោយមានការងឿងឆ្ងល់ពីសមាជិកសភារបស់អាមេរិចដោយពួកគាត់បានសួរថាតើ Google នឹងសហការជាមួយរដ្ឋាភិបាលចិនដើម្បីបំបិទការស្វែងរកមួយចំនួនដែលទាក់ទងនឹងនយោបាយចិនដែរឬទេ? អ្នកជំនាញបាននិយាយថាប្រសិនបើ Google ចូលក្នុងប្រទេសចិនម្ដងទៀតមែននោះ Google នឹងត្រូវ បង្កើត Search Engine ថ្មីមួយដែលអាចទប់ស្កាត់ការស្វែងរកអំពីរឿងទាក់ទងនឹងសិទ្ធមនុស្ស ប្រជាធិបតេយ្យ ឬការធ្វើបាតុកម្មក្នុងប្រទេសចិនជាដើម…។ 

ផ្ទុយទៅវិញ China Security Daily របស់រដ្ឋាភិបាលចិន បែរជាបដិសេធថាការវិលត្រឡប់មកវិញរបស់ Google មិនពិតនោះទេ។ ចាប់តាំងពីឆ្នាំ ២០១០ មក Google ដកខ្លួនចេញពីទីផ្សារប្រទេសចិន ហើយវេបសាយរបស់ខ្លួនត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារ Great Firewall របស់ប្រទេសចិន។ ប្រសិនបើ Google ប្រឡូកចូលក្នុងទីផ្សារចិនវិញមែននោះពួកគេត្រូវតែគោរពតាមច្បាប់ហាមឃាត់របស់ចិនអោយបានល្អ។ បច្ចុប្បន្ននេះ Baidu គឺជាវេបសាយធំជាងគេដែលកាន់កាប់ ៨០ភាគរយនៃទីផ្សារក្នុងប្រទេសចិន ហើយបើ Google ចូលទៅប្រកួតប្រហែលជាអាចដណ្ដើមបានទីផ្សារច្រើនព្រោះខ្លួនគឺជាជើងខ្លាំងស្រាប់ក្នុងពិភពលោក។ ទោះបីជាវេបសាយ Google ត្រូវបានហាមឃាត់ក៏ដោយ ក៏កម្មវិធីបកប្រែ Google Translate និង Files Go ត្រូវបានប្រើប្រាស់ក្នុងប្រទេសចិន។ ក្រៅពីនេះ Google ក៏បានជួយដល់អ្នកសរសេរកម្មវិធី និងបានចូលរួមវិនិយោគក្នុងក្រុមហ៊ុន JD.com ជាដើម។ អ្នកតំណាងរបស់ Google ម្នាក់បាននិយាយថា “ទោះជាក្រុមហ៊ុនយើងបានដាក់អោយប្រើប្រាស់កម្មវិធីមួយចំនួន និងវិនិយោគក្នុងប្រទេសចិនក៏ដោយ តែពួកយើងមិនបញ្ចេញមតិលើគម្រោងដែលមិនទាន់កើតឡើងនោះទេ” ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។