ប្រភេទមនុស្សដែលពិបាកធ្វើការជាមួយ

4362

ក្នុងការងារឬការរកស៉ីមិនមែនសុទ្ធសឹងតែងាយស្រួលនោះទេ។ ពេលខ្លះរឿងទាំងនោះកើតចេញពីមនុស្សដែលខ្លួនកំពុងធ្វើការជាមួយ ដោយពួកគេផ្ដល់ផលលំបាកដល់យើង។ ខាងក្រោមនេះគឺជាប្រភេទមនុស្សដែលយើងពិបាកនឹងធ្វើការ ឬចាប់ដៃរកស៉ីជាមួយណាស់ ប្រសិនបើអ្នកជាមនុស្សប្រភេទណាក្នុងចំណោមខាងក្រោមនេះគួរតែធ្វើការកែប្រែដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង និងការចូលចិត្តពីអ្នកដទៃ។ 

១. អវិជ្ជមាន៖ ពេលមានរឿងតិចតួចមនុស្សប្រភេទនេះតែងតែគិតពីរឿងមិនល្អហើយបាក់កម្លាំងចិត្ត មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្វើអោយសមាជិកក្រុមមានគំនិតអវិជ្ជមានដូចខ្លួនទៀតផង។

២. ស្ងៀមស្ងាត់ (មិនចូលចិត្តប្រឆាំង)៖ មិនចូលចិត្តបញ្ចេញយោបល់ ឬហ៊ានការពារគំនិតរបស់ខ្លួនឡើយព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍គេ។ វាអាចធ្វើអោយពិបាកដល់ការអភិវឌ្ឍន៍ក្នុងការងារព្រោះបុគ្គលម្នាក់នេះមិនហ៊ានផ្ដល់នូវគំនិតរបស់ខ្លួនឡើយ ទោះបីជាពេលខ្លះគំនិតនោះអាចជួយដល់ការងារក៏ដោយ។ មួយទៀតបុគ្គលប្រភេទនេះក៏មិនងាយក្លាយទៅជាអ្នកដឹកនាំគេដែរ ព្រោះតែគេមិនអាចមើលឃើញសមត្ថភាពពិតរបស់គាត់។ 

៣. ឆាប់រំជួលចិត្ត៖ ងាយស្រួលនឹងបាក់ទឹកចិត្ត ឬអាចយំទៀតផងនៅពេលដែលមានរឿងឬត្រូវគេណែនាំអំពីកំហុសរបស់ខ្លួន។ ផលវិបាកនោះគឺគេមិនហ៊ានប្រាប់ត្រង់ពីចំនុចអវិជ្ជមានរបស់គាត់ព្រោះខ្លាចធ្វើអោយគាត់អន់ចិត្ត ឬយំជាដើម។

៤. ចង់ឈ្នះចង់ចាញ់៖ មនុស្សប្រភេទនេះអាចធ្វើអោយគេធុញ ព្រោះទោះជាធ្វើរឿងតិចតួចប៉ុណ្ណាក៏ចង់ធ្វើលើសគេដែរ។ ប៉ុន្ដែបើគាត់ចេះយកការចង់ឈ្នះទៅអនុវត្តក្នុងការងារបានប្រយោជន៍វិញនោះវាក្លាយទៅជាចំនុចវិជ្ជមានរបស់គាត់។ 

៥. យល់ថាខ្លួនពូកែជាងគេ៖ មនុស្សបែបនេះល្អប្រសិនបើគាត់ពិតជាពូកែជាងគេមែនហើយមានទំនុកចិត្តនិងអាចទាក់ទាញអោយគេធ្វើតាមគាត់។ តែភាគច្រើនគឺជាមនុស្សប្រភេទនេះបានតែសម្ដី ចូលចិត្តធ្វើខ្លួនជាអ្នកខ្លាំង ហើយអ្នកធ្វើការជាមួយមិនសូវរាប់រកឡើយ។ 

៦. លាក់ពុតត្បុត៖ នៅនឹងមុខយើងជាមនុស្សមួយបែប នៅក្រោយខ្នងជាមនុស្សផ្សេងទៀត។ ចូលចិត្តនិយាយល្អតែតាមពិតមានគំនិតមិនសូវល្អប៉ុន្មានទេ។ 

៧. ចូលចិត្តលេងសើចច្រើន៖ មិនថាមានរឿងសំខាន់យ៉ាងណាក៏គាត់នៅតែរករឿងនិយាយលេងសើចបានដែរ។ យូរៗទៅអ្នកនៅជុំវិញខ្លួនបែរជាមិនយកចិត្តទុកដាក់នឹងពាក្យសម្ដីរបស់គាត់ព្រោះយល់ថាប្រហែលជាគាត់និយាយលេងទៀតហើយ។

៨. ចេះអស់ហើយ៖ ទោះបីជាថ្នាក់លើរបស់ខ្លួនប្រាប់អ្វីក៏មិនងាយធ្វើតាមដែរ ព្រោះយល់ថាខ្លួនចេះអស់ហើយ។ ពេលខ្លះគាត់ធ្វើខុសរឿងអ្វីមួយក៏គ្មានអ្នកមកជួយកែសម្រួលដែរ ព្រោះទោះជាយ៉ាងណាក៏គាត់មិនព្រមស្ដាប់យោបល់របស់គេ។ 

៩. មិនហ៊ានសន្យា៖ មនុស្សប្រភេទនេះមានសមត្ថភាពក្នុងការធ្វើកិច្ចការបានសម្រេច តែជាមនុស្សខ្ជិលឬមិនអាចទុកចិត្តបាន ដោយគាត់មិនចូលចិត្តសន្យាព្រោះបានលេសដើម្បីដោះសារ នៅពេលដែលខ្លួនធ្វេសប្រហែសភ្លេចធ្វើការងារនោះ។ មិនថាតែក្នុងការងារទេ សូម្បីតែក្នុងគ្រួសារ ស្នេហា មិត្តភាព ក៏បុគ្គលនេះមិនហ៊ានសន្យាថាខ្លួននឹងធ្វើអោយបានឡើយព្រោះមិនហ៊ានទទួលខុសត្រូវនៅពេលដែលខ្លួនមិនអាចធ្វើបានមែន។ 

១០. ចូលចិត្តបដិសេធ៖ តែងតែបដិសេធចំពោះគំនិតថ្មីៗ ឬការធ្វើកិច្ចការណាមួយ ប៉ុន្ដែមិនដែលបានផ្ដល់នូវគំនិតណាល្អមកជំនួសអ្វីដែលខ្លួនបដិសេធឡើយ។ ពេលខ្លះគាត់ធ្វើអោយបាត់បង់ឱកាសផ្ទាល់ខ្លួនទៀតផង ព្រោះមើលឃើញតែចំនុចអវិជ្ជមានបន្ដិចបន្ដួច ទោះបីជាឱកាសនោះល្អយ៉ាងណាក៏ដោយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។