វិធីរកលុយពីអ៉ីនធើណែត មិនចាំបាច់ចេញពីផ្ទះ

4937

រឿងមួយដ៏អស្ចារ្យពីការចេះទាញប្រយោជន៍ពីអ៉ីនធើណិតគឺថា អ្នកអាចរកចំណូលពីវាបានដោយមិនចាំបាច់ចេញពីផ្ទះទៅធ្វើការខាងក្រៅនោះទេ។ អ្វីដែលអ្នកត្រូវការគឺ មានអ៉ីនធើណិតប្រើ មានកុំទ្យូទ័រ ប៉ុណ្ណឹងអ្នកអាចរកលុយពីអ៉ីនធើណិតបានហើយ។ ឲ្យតែអ្នកដាក់ចិត្តព្យាយាមធ្វើវា អ្នកប្រាកដជាអាចរកចំណូលបានស្រួល ជាពិសេសយុវជនខ្មែរដែលកំពុងរៀនថ្នាក់វិទ្យាល័យ បើអាចចែកពេលវេលាខ្លះរកលុយចាយដោយខ្លួនឯង និងអាចផ្គត់ផ្គង់ខ្លួនឯងរៀនថ្នាក់មហាវិទ្យាល័យ។ 

មានវិធីជាច្រើនដើម្បីរកលុយពីអ៉ីនធើណិត ហើយអ្នកអាចរើសយកសកម្មភាពណាមួយដែលអ្នកចូលចិត្តមកធ្វើបានផងដែរ។ ឧទាហរណ៍ថា អ្នកចូលចិត្តការ Make-up អញ្ចឹងអ្នកអាចបង្កើតវីឌីអូនិយាយពីការ Make-up រួចហើយបង្ហោះចូលក្នុងឆានែល Youtube ហើយចំណូលអ្នកអាចរកពី Youtube និងការផ្សាយពានិជ្ជកម្មឲ្យម៉ាកផលិតផលសំអាងផ្សេងៗផងដែរ។ បើអ្នកចូលចិត្តដើរកំសាន្ត អ្នកអាចបង្កើតគេហទំព័រមួយណែនាំពីកន្លែងដើរលេងស្អាតៗដែលអ្នកបានទៅ ហើយចំណូលអ្នកអាចរកបានពីការដាក់ផ្ទាំងពានិជ្ជកម្មនៅលើវេបសាយ Instant Article Google Adsense និងប្រភពចំណូលសំខាន់ៗជាច្រើនទៀត។ អ្វីដែលពិសេសគឺវាមិនចាំបាច់ចំណាយលើការជួលបុគ្គលិក ជួលទីតាំង ឬក៏ត្រូវទិញសម្ភារៈថ្លៃៗច្រើននោះទេ។ 

ខាងក្រោមនេះ apamat.com និងលើកយកគំនិតអាជីវកម្មអនឡាញមួយចំនួនមកចែកជូនអ្នក

១. លក់របស់របរផលិតដោយដៃនៅលើគេហទំព័រ

មានគេហទំព័រលក់ទំនិញច្រើនមកហើយនៅក្នុងស្រុកខ្មែរ ប៉ុន្តែគេហទំព័រដែលផ្តោតលើការលក់ទំនិញផលិតដោយដៃគឺមិនទាន់មានទេ។ លើសពីការរកចំណូលពីវា អ្នកក៏អាចជួយបង្កើតចំណូលឲ្យប្រជាជនរបស់យើងផងដែរតាមរយៈការងារសិប្បកម្ម។ 

២. បង្កើត YouTube Channel

អ្នកអាចរកចំណូលពី YouTube តាមរយៈការចូលមើលវីឌីអូល្អៗដែលអ្នកផលិត។ អ្នកអាចបង្កើតវីឌីអូបែបចែករំលែកចំណេះដឹង ណែនាំផលិតផល ណែនាំសៀវភៅ ណែនាំកន្លែងដើរកំសាន្ត ណែនាំហាងលក់អាហារឆ្ងាញ់ៗ…។ 

៣. លក់សៀវភៅ និងវីឌីអូលើវេបសាយ

ថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា យើងឃើញមានគ្រូបង្វឹកជោគជ័យ និងអ្នកដើរបង្រៀនតាមសិក្ខាសិលាលក់សំបុត្រមួយចំនួនបានកំពុងតែរកចំណូលពីការលក់វីឌីអូបង្រៀនរបស់ពួកគេនៅលើគេហទំព័រ។ អ្នកក៏អាចរកចំណូលបានពីវិធីនេះដូចគ្នា ប្រសិនបើអ្នកចេះចំណេះដឹងសំខាន់ៗសម្រាប់ចែករំលែកដល់អ្នកដទៃ។ 

៤. បង្កើតផេក Facebook ឬគណនី Instagram រួចធ្វើឲ្យល្បី

បើនិយាយពីបណ្តាញសង្គម នៅមានក្រុមហ៊ុនជាច្រើនទៀតដែលយើងអាចទាញប្រយោជន៍បាន ប៉ុន្តែនៅកម្ពុជាមានតែ Facebook និង Instagram ប៉ុណ្ណោះដែលនិយមប្រើជាងគេ។ អ្នកប្រាកដជាធ្លាប់ឃើញផេកមួយចំនួនបង្កើតឡើងដើម្បីបង្ហោះវីឌីកំប្លែង វីឌីអូចម្រៀង និងរូបភាពដែលមានអក្សរអប់រំ។ ឧទាហរណ៍ ផេក The Troll Cambodia ដែលបង្កើតវីឌីអូកំប្លែក ម្ចាស់ផេកនោះអាចរកចំណូលជាច្រើនពីការផ្សាយពានិជ្ជកម្មលើវីឌីអូ និងពី YouTube Channel។ ឧទាហរណ៍មួយទៀតគឺ សារពត៌មាន TVFB (TV Facebook) ដែលអ្នកក៏ប្រហែលជាស្គាល់ដែលពីការចាប់ផ្តើម Live គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ និងសកម្មភាពផ្សេងៗទៀតរហូតទាញបានប្រជាប្រិយភាពច្រើន ហើយឥឡូវនេះបានក្លាយជាអង្គភាពពត៌មានល្បីមួយ។ 

ចំណែក Instagram វិញអ្នកអាចបង្កើតអ្វីប្លែកៗ គួរឲ្យចាប់អារម្មណ៍ដើម្បីរកចំនួនអ្នក Follow ឲ្យបានច្រើន បន្ទាប់មកអ្នកអាចរកចំណូលពីការផ្សាយពានិជ្ជកម្មឲ្យផលិតផលផ្សេងៗ ប្រៀបបានដូចតារាមួយចំនួនក៏រកចំណូលពីការផូសរូបផ្សាយពានិជ្ជកម្មនេះដែរ ដោយជាមធ្យមតារាល្មមៗយកតម្លៃ ពី 50-100 ដុល្លារក្នុងមួយផូស៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។