ដំបូន្មានពីអ្នកជំនួញជោគជ័យក្នុងពិភពលោក

858

ដើម្បីរកស៊ីបានជោគជ័យប្រហែលជាមានផ្លូវមួយសម្រាប់តម្រង់ទិសអោយយើងដើរ ចំណែកឯចំនុចខាងក្រោមនេះគឺជាដំបូន្មានដែលអ្នកជំនួញជោគជ័យជាច្រើនបានឯកភាពតាម។ យើងអាចនិយាយបានថាប្រសិនបើអនុវត្តតាមបានល្អនោះយើងក៏មានភាគរយច្រើននឹងជោគជ័យដូចពួកគាត់បានដែរ។ 

 

១. អត្តចរិតក្នុងការរកស៊ី៖ នេះគឺជាដំបូន្មានដំបូងព្រោះច្បាប់ដ៏សំខាន់នៅក្នុងជំនួញនោះគឺយើងត្រូវមើលអត្តចរិតរបស់យើងទៅលើមុខជំនួញនោះ ប្រសិនបើយើងយកចិត្តទុកដាក់លើផលិតផលឬសេវា ហើយចេះយល់ចិត្តអតិថិជននិងស្ដាប់ពីការរិះគន់ដើម្បីកែប្រែរបស់ពួកគាត់ នោះការរកសុីគង់តែមានការរីកចម្រើន។

២. ចំណង់ចំណូលចិត្តអាចឈ្នះការបរាជ័យបាន៖ សួរថាតើអ្នកមានអ្វីដែលជាចំណងចំណូលចិត្តផ្ទាល់ខ្លួនហើយឬនៅ? បើអ្នកសាកល្បងរកស៊ីអ្វីដែលទាក់ទងនឹងចំណង់ចំណូលចិត្តនោះហើយបរាជ័យ តើអ្នកនៅមានកម្លាំងចិត្តធ្វើវាទៀតឬទេ? ត្រូវរកអ្វីដែលអាចអោយអ្នកនៅតែចង់បន្ដធ្វើទោះបីជាមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ ព្រោះបើអ្នកមិនចូលចិត្តវាទេពេលជួបបញ្ហាអ្នកនឹងដកខ្លួនចេញ។ 

៣. ធ្វើអ្វីដែលប្លែកពីគេ៖ សព្វថ្ងៃនេះមានមុខជំនួញជាច្រើនដែលស្រដៀងគ្នា មានខ្លះក៏ជោគជ័យតែភាគច្រើនក៏ដួលរលំទៅវិញ។ ហេតុផលនោះគឺអតិថិជនភាគច្រើនមិនសូវជាគាំទ្រអ្វីដែលចម្លងពីគ្នាប៉ុន្មានទេ ដូចនេះបើយើងចង់ធ្វើជំនួញក្នុងវិស័យណាមួយ យើងគួរតែផ្ដល់អតិថិជននូវចំនុចពិសេសមួយរបស់ខ្លួនដែលមិនមានគេធ្លាប់ផ្ដល់អោយពីមុនមក។

៤. កុំពឹងលើបច្ចេកវិទ្យាពេក៖ បច្ចុប្បន្ននេះដោយសារតែការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សសព្វថ្ងៃមិនសូវជាបានជួបមុខគ្នាប៉ុន្មានទេព្រោះអាចទាក់ទងគ្នាតាមបច្ចេកវិទ្យាទាំងនោះបាន។ ប៉ុន្ដែក្នុងការរកស៊ីការជួបមុខគ្នាផ្ទាល់មានសារៈសំខាន់ណាស់ព្រោះវាផ្ដល់ភាពជិតស្និទ្ធរវាងដៃគូរជំនួញ ហើយការពិភាក្សាទៀតសោតតែងតែល្អព្រោះមិនមានការយល់ច្រឡំ ឬមិនអាចបកស្រាយបានអស់សេចក្ដីដូចតាមការនិយាយទូរស័ព្ទ ឬផ្ញើរសារជាដើម។ 

៥. សុខភាព៖ ត្រូវតែរក្សាសុខភាពរបស់ខ្លួនអោយបានល្អជាដាច់ខាត ហើយជៀសវាងការធ្វើអ្វីដែលប៉ះពាល់ដល់ខ្លួនប្រាណដូចជាគ្រឿងស្រវឹង ឬអាហារកែច្នៃ…។ មនុស្សសម័យថ្មីតែងតែចូលចិត្តបរិភោគនូវអ្វីដែលថ្មី ទាំងមិនដឹងថារបស់នោះប៉ះពាល់ដល់ខ្លួនប្រាណប៉ុណ្ណា។ យល់ល្អយើងគ្រប់គ្នាគួរសាកងាកមកទទួលទានអាហារមិនសូវទំនើបម្ដង ដោយមើលគំរូមហាសេដ្ឋី Warren Buffet ដែលពេលនេះគាត់មានអាយុ ៨០ ជាងឆ្នាំហើយតែគាត់នៅតែសកម្មក្នុងការរកស៊ីនិងវិនិយោគជានិច្ច។ 

៦. រកស៊ីអ្វីដែលមិនប៉ះពាល់ដល់សង្គម៖ ការមានបានដោយការធ្វើអោយប៉ះពាល់ដល់ជីវិតអ្នកដទៃ មិនមែនជាការជោគជ័យពិតប្រាកដទេ។ ថ្ងៃមួយយើងគង់តែនឹងបាត់បង់ពីពិភពលោកនេះទៅ តើយើងនឹងបន្សល់ទុកអ្វីដែលល្អដល់កេរ្តិ៍ឈ្មោះយើងក៏ដូចជាក្រុមគ្រួសាររបស់យើង?

៧. គុណភាពមុនបរិមាណ៖ នេះគឺជាពាក្យដែលយើងតែងលឺ ហើយវាក៏ជាការពិតផងដែរក្នុងពិភពជំនួញ។ ប្រសិនបើយើងផ្ដល់នូវបរិមាណច្រើនក្នុងតម្លៃទាប ដំបូងតែងមានគេចាប់អារម្មណ៍ប្រើច្រើន តែមិនយូរមិនឆាប់ការគាំទ្រនោះក៏សាបរលាបដោយសារតែគុណភាពចុះអន់ថយផងដែរ។ 

៨. ការរិះគន់របស់អតិថិជន៖ យើងត្រូវតែយកចិត្តទុកដាក់ចំពោះការរិះគន់របស់ពួកគេអោយបានច្រើន ព្រោះប្រហែលជាពួកគេចូលចិត្តនិងចង់យើងជោគជ័យហើយទើបពួកគេបង្ហាញពីចំនុចអវិជ្ជមានរបស់យើង។ កុំចាត់ទុកការរិះគន់ជារឿងបុគ្គល ព្រោះវាអាចធ្វើអោយអ្នកបាក់ទឹកចិត្តបាន ផ្ទុយទៅវិញគិតថាវាគឺជាឧ៌កាសសម្រាប់ការកែលម្អ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។