វិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតដើម្បីលើកទឹកចិត្តខ្លួនឯងក្រោយពេលបរាជ័យក្នុងជីវិត

2182

ក្តីស្រមៃគឺជារូបភាពក្នុងការចងចាំមួយរបស់បុគ្គលម្នាក់ៗ។ ក្តីស្រមៃនោះអាចធំឬតូចអាស្រ័យទៅលើបទពិសោធន៍ និងការតាំងចិត្ត។ ចំពោះក្តីស្រមៃដែលតូចៗវាមិនសូវចោទជាបញ្ហាប៉ុន្មាននោះទេ ប៉ុន្តែនៅពេលដែលយើងប៉ងចង់សម្រេចបាននូវរឿងធំៗវិញនោះប្រាកដជាមានឧបសគ្គបង្អាក់ដំណើរច្រើន។ ឧទាហរណ៍៖ ប្រសិនបើយើងស្រមៃចង់ទទួលបាននិទ្ទេសល្អក្នុងមុខវិជ្ជាណាមួយ វាមិនមែនជារឿងពិបាកទេហើយបញ្ហាក៏មិនច្រើនប៉ុន្មានដែរ។ ផ្ទុយទៅវិញ អ្នកមានក្តីស្រមៃចង់ក្លាយជាសេដ្ឋីមួយរូបក្នុងប្រទេសកម្ពុជាទាំងដែលបច្ចុប្បន្នអ្នកមិនទាន់មានអ្វីក្នុងដៃសោះ នោះហើយជាក្តីស្រមៃដ៏ធំមួយ។ លោក Ellen Jonhson Sirleaf បានពោលថា “ប្រសិនបើក្តីស្រមៃមិនទាន់តាមបន្លាចយើងទេ ក្តីស្រមៃនោះមិនទាន់ធំនៅឡើយទេ”។ ទោះបីជាយ៉ាងណាក៏ដោយ កម្លាំងចិត្តគឺជាកម្លាំងចលករដ៏សកម្មក្នុងការជម្រុញអោយយើងម្នាក់ៗនៅតែបន្តដើរតាមក្តីស្រមៃរបស់ខ្លួនទោះបីមានរឿងអ្វីកើតឡើងក៏ដោយ។ កាលៈទេសៈណាក៏ដោយ ពេលដែលយើងជួបបញ្ហា យើងតែងត្រូវការការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន។ ប៉ុន្តែសូមចងចាំថា មនុស្សគ្រប់រូបចង់បានរឿងផ្សេងៗគ្នា ដូច្នេះចូរកុំរំពឹងថានឹងមានមនុស្សគ្រប់គ្នាតែងតែផ្តល់កម្លាំងចិត្តអោយអ្នកជានិច្ច។ នៅពេលដែលយើងចាប់ផ្តើមទទួលរងនូវអារម្មណ៍ថាឯការបន្តិចម្តងៗ នោះវានឹងនាំយើងទៅកាន់ស្ថានភាពមួយដែលគេហៅថា “ការបាក់ទឹកចិត្ត”។ ជម្ងឺបាក់ទឹកចិត្តនេះខុសប្លែកពីជម្ងឺមួយចំនួនដែលទាមទាការថែទាំសុខភាពរាងកាយ ប៉ុន្តែវាទាមទេអោយយើងថែទាំនូវសុខភាពផ្លូវចិត្តអោយបានល្អ។​ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការលើកទឹកចិត្តខ្លួនឯងបានយ៉ាងមានប្រសិទ្ធភាពបំផុត៖

១.​ ស្រលាញ់ខ្លួន​ឯងអោយបានច្រើន

នៅពេលដែលយើងបាក់ទឹកចិត្ត យើងនឹងមានរូបភាពមួយក្នុងខួរក្បាលថាស្អប់ខ្លួនឯង ហើយការស្អប់នោះនឹងធ្វើអោយយើងបាត់បង់ទំនុកចិត្តហើយបង្កើតនូវការគិតអវិជ្ជមាន។ អ្នកចាប់ផ្តើមបណ្តុះគំនិតថាអ្នកមិនសមទទួលបានទង្វើល្អទេនៅក្នុងពិភពលោកមួយនេះ។ យូរទៅៗ អ្នកឱបទុកគ្រប់រឿងតែម្នាក់ឯង ហើយមិនថាស្ថានភាពអាក្រក់កើតឡើងបែបណាអ្នកនៅយល់ថាតែអ្នកសមនឹងទទួលវា។ រឿងតែមួយគត់ដើម្បីកែប្រែអារម្មណ៍បែបនេះគឺស្រលាញ់ខ្លួនឯងអោយបានច្រើន។ គ្មានអ្នកណាស្គាល់អ្នកច្បាស់ជាងអ្នកខ្លួនឯងនោះទេ។ យើងប្រាកដជាដឹងពីខ្លួនឯងច្បាស់ហើយថាយើងចូលចិត្តអ្វីនិងស្អប់អ្វី? ចូរស្វែងរកប្រភពដែលធ្វើអោយអ្នករីករាយ ហើយអាចក្រោកឈរបោះជំហានឆ្ពោះទៅរកក្តីស្រមៃអ្នកឡើងវិញ។ កត់ត្រារឿងរ៉ាវដែលអ្នកបានសម្រេចជោគជ័យ ហើយឧស្សាហ៍រំឭកវាជារៀងរាល់ថ្ងៃ ការធ្វើបែបនេះធ្វើអោយយើងចងចាំថា ខ្លួនឯងអស្ចារ្យកម្រិតណាទើបបានមកដល់សព្វថ្ងៃ។

២. ឈប់ដាក់សម្ពាធលើខ្លួនឯង

នៅពេលដែលយើងចង់សម្រេចនូវក្តីស្រមៃឆាប់រហ័សពេក យើងនឹងដាក់សម្ពាធលើខ្លួនឯងកាន់តែខ្លាំង។ ជាការពិតណាស់ សង្គមទាំងមូលតែងតែអបអរនិងកោតសសើរចំពោះភាពជោគជ័យរបស់នរណាម្នាក់ ហេតុដូច្នេះហើយទើបយើងគ្រប់គ្នាខំប្រឹងយ៉ាងខ្លាំងដើម្បីសម្រេចបានជោគជ័យមួយនោះ។ នៅពេលដែលយើងខិតខំធ្វើអ្វីមួយដើម្បីគ្រាន់តែឆ្លើយតបនឹងការរំពឹងទុករបស់អ្នកដទៃ យូរទៅៗយើងនឹងមានអារម្មណ៍ថាគ្មានតម្លៃហើយគ្មានសមត្ថភាព។ មានសុភាសិតមួយឃ្លាលើកឡើងថា “ដំណើររាប់ពាន់យោជន៍ក៏ត្រូវចេញពីមួយជំហានដែរ”។ កុំដោយសារតែអ្នកមិនអាចដើរលឿនដូចអ្នកដទៃហើយអ្នកក៏ប្រាប់ខ្លួនឯងថាអ្នកជាមនុស្សអន់។ អ្នកត្រូវចាំថា មានមនុស្សជោគជ័យច្រើនណាស់ដែលចាប់ផ្តើមលើវិថីជីវិតរបស់ពួកគេដោយការវារបន្តិចម្តងៗ មិនមែនរត់ទេ។

៣. កុំមើលរំលងបញ្ហាតូចតាច

នៅពេលដែលជីវិតយើងពោពេញដោយការមមាញឹក ពេលខ្លះបើទោះបីមានបញ្ហាកើតឡើតយើងតែងតែមើលរំលងហើយបណ្តោយអោយវាទៅតាមដំណើរ។ ការព្រងើយកន្តើយមិនដោះស្រាយបញ្ហាតូចៗនេះជាញឹកញាប់ វាអាចធ្វើអោយអ្នកមានបញ្ហាស្រ្តេស។ ភាពតានតឹងដែលកើតឡើងបណ្តាលពីស្ត្រេសនេះធ្វើអោយយើងកាន់តែមានអារម្មណ៍ឯកាហើយលែងទុកចិត្តមនុស្សជុំវិញខ្លួន។ ដើម្បីកុំអោយបញ្ហានេះកាន់តែយ៉ាប់យឺន យើងគួរតែដកឃ្លាពេលវេលារវល់ខ្លះដើម្បីស្វែងរកនូវប្រភពបញ្ហាណាមួយជាក់ស្តែងដែលជះឥទ្ធិពលមកលើការគិតរបស់យើង។ ការកំណត់បាននូវការគិតបែបអវិជ្ជមាននឹងជួយបន្ធូរភាពតានតឹងលើបញ្ហាហើយជួយអោយយើងយកឈ្នះវាបានទៀត។

៤. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

មនុស្សយើងគ្រប់រូបតែងតែយកអ្នកដទៃធ្វើជារង្វាស់នៃភាពត្រឹមត្រូវឬភាពទទួលយកបាន។ ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃធ្វើអោយយើងខំប្រឹងទាំងគ្មានភាពជារបស់ខ្លួនដើម្បីអោយដូចនឹងអ្នកដទៃ។ នៅពេលឃើញគេជាម្ចាស់ជំនួញជោគជ័យ ជាប្តីប្រពន្ធដ៏មានសុភមង្គល ឬជានិស្សិតដែលពូកែ យើងតែងឆ្លុះបញ្ចាំងមកខ្លួនឯងថាខ្លួនគ្មានអ្វីទាល់តែសោះ។ ប៉ុន្តែអ្នកត្រូវចងចាំថាមនុស្សម្នាក់ៗមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន។ គ្មានអ្នកណាល្អឥតខ្ចោះនោះទេ។ មនុស្សដែលអ្នកគិតថាពួកគេល្អឥតខ្ចោះក៏នៅតែគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ហើយប្រៀបធៀបជាមួយអ្នកដទៃទៀតដែរ។ ដូចគ្នានេះដែរ វាក៏អាចមានន័យថាប្រហែលជាមានមនុស្សមួយចំនួនដែលអ្នកមិនដឹងក៏កំពុងប្រៀបធៀបខ្លួនគេជាមួយអ្នកដែរ ដូច្នេះហើយហេតុអីអ្នកចាំបាច់តានតឹងជាមួយខ្លួនឯងយ៉ាងនេះ?

៥. ឈប់លង់នឹងភាពសោកសៅ

នៅពេលដែលរឿងខ្លះកើតឡើងមិនដូចអ្វីដែលអ្នកគ្រោងទុក អ្នកប្រាកដជាសោកសៅ។ នៅពេលដែលស្ថានភាពសោកសៅវិវត្តន៍បន្តិចម្តងៗ វាធ្វើអោយយើងកាន់តែរកកំហុស ការមិនពេញចិត្ត និង ភាពខ្វះខាតរបស់ខ្លួនឯងកាន់តែច្រើនឡើងៗ។ ត្រូវចងចាំជានិច្ចថា កំហុសមួយឬពីរដែលបានបង្កើតឡើងមិនអាចលុបប្រវិត្តសាស្រ្តដែលអ្នកខំសាងអំពើល្អមករហូតបាននោះទេ។ ចូរកុំព្យាយាមងប់ងល់នឹងកំហុសដែលកន្លងហួសទៅហើយ ពីព្រោះវានឹងធ្វើអោយអ្នកកាន់តែរកឃើញចំណុចផ្សេងៗជាច្រើនទៀតដែលធ្វើអោយអ្នកមិនចូលចិត្តខ្លួនឯង។ សំណួរសួរថា​តើមានអ្នកណាទៀតដែលស្គាល់អ្នកច្រើនជាងអ្នកខ្លួនឯង? ហើយបើមាន អ្នកបន្តភាពហ្មងសៅនោះទៀតចុះ ប៉ុន្តែបើគ្មានទេ ចូរបំភ្លេចវាចោលទៅហើយមើលឃើញចំណុចល្អពីខ្លួនឯងអោយបានច្រើនតាមដែលអាចធ្វើបាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.