Jeff Bezos: អាថ៌កំបាំង ៥ ដើម្បីយកជ័យជម្នះ

1916

រឿងរ៉ាវរបស់មហាសេដ្ឋីកំពូល និងប្រវត្តិនៃការរីកលូតលាស់របស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេបំផុតក្នុងលោក Amazon អាចថាមិនមែនជាអ្វីដែលថ្មីដល់ប្រិយមិត្តដែលពូកែតាមដានជីវប្រវិត្តរបស់បុគ្គលជោគជ័យ។ ប៉ុន្តែ ក្នុងសម័យទំនើបនេះ ការធ្វើជំនួញកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងៗ ដែលទាមទារឱ្យសហគ្រិន ឫអ្នកធ្វើអាជីវកម្មត្រូវស្វះស្វែងរកគំនិតនិងភាពច្នៃប្រឌិតថ្មីដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។ ហើយមហាសេដ្ឋីមានជាងគេលើលោក Jeff Bezos មិនដែលប្រាស់ចាកពីគំនិតទាំងនេះទេ។ ខាងក្រោមនេះគឺជាការសម្ងាត់ប្រាំដែលស្ថាបនិក  Amazon ចង់ឱ្យម្ចាស់អាជីវកម្មទាំងអស់ចងចាំទុក។

 

បង្កើតក្រុមដែលល្អបំផុតតាមដែលអាចធ្វើបាន

ជាការពិតណាស់ ការជ្រើសរើសសមាជិក ឫបុគ្គលិកបានត្រឹមត្រូវគឺជាជោគជ័យធំដំបូងមួយរបស់ក្រុមហ៊ុន និងអង្គភាពនានា។ ក្រុមហ៊ុន Amazon មានរបៀបក្នុងការជ្រើសរើសបុគ្គលិកតាមដំណាក់កាលជាច្រើន។ បេក្ខជនដែលដាក់ពាក្យសុំធ្វើការអាចត្រូវឆ្លើយនិងសំនួរផ្សេងៗ ជាពិសេសទាក់ទងនិងវិធីគិតដែលមានភាពច្បាស់លាល់ ឫ critical thinking skills។ Jeff និយាយថា “គ្រប់ពេលដែលយើងជួលបុគ្គលិក ពួកគេត្រូវតែត្រៀមឆ្លើយសំណួរបន្ទាប់ទៀត ធ្វើដូច្នេះពួកគេនិងអាចបង្ហាញទេពកោសល្យជាបន្តបន្ទាប់។”

ធ្វើខុស ចេះកែ  

កំហុសប្រៀបដូចជាគ្រូអញ្ចឹង។ នៅពេលដែលអ្នកធ្វើខុស អ្នកត្រូវហ៊ានទទួលស្គាល់ និងកែប្រែវាដោយស្ម័ក្រចិត្ត។ ទម្រាំតែសម្រេចបានជោគជ័យដ៏សម្បើមនេះ Amazon ក៏ធ្លាប់បានដួលជាច្រើនលើកច្រើនសារហើយដែរ។ ដើម្បីប្រជែងជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញ eBay លោក Jeff Bezos បានបង្កើតទីផ្សារអនឡាញថ្មីមួយដែលធ្វើឱ្យទំនិញទាំងអស់មានការប្រកួតប្រជែងតម្លៃ ប៉ុន្តែវាក៏ត្រូវទទួលបរាជ័យ។ យ៉ាងណាមិញ បទពិសោធន៍នេះកាន់តែធ្វើឱ្យ Amazon មានភាពច្នៃប្រឌិតបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី ការច្នៃប្រឌិតនឹងបង្កឱ្យមានការយល់ច្រឡំ ដូចដែល Jeff និយាយថា “នៅពេលដែលយើងធ្វើអ្វីថ្មី យើងដឹងហើយថាយើងអាចនិងត្រូវបានគេយល់ច្រឡំអស់ពេលជាយូរ។”

ត្រូវចេះសន្សំសម្ចៃ

ចំណាយតិច ចំណេញច្រើន នេះជាចំណុចសំខាន់ដែលម្ចាស់អាជីវកម្មគ្រប់គ្នាតែងតែចង់បានក្នុងការរកស៊ីរបស់ពួកគេ។ ម្យ៉ាងវិញទៀត ទាំងក្នុងមុខជំនួញនិងជីវភាពប្រចាំថ្ងៃ ការចំណាយចំគោលដៅ នឹងជួយឱ្យមុខជំនួញរបស់អ្នកកាន់តែរីកចម្រើន បង្កើនប្រសិទ្ធភាពនៃការផលិត និងជួយឱ្យអ្នកសន្សំសម្ចៃថវិកាផងដែរ។

តាំងជំហរឱ្យមាំ

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល Bezos គិតតែពីខំប្រឹងប្រែងធ្វើការដោយមិនខ្វល់ពីភាពល្បីល្បាញក្នុងសង្គម។ ក្រោយពីក្រុមហ៊ុន Amazon ជោគជ័យ កេរ្តិ៍ឈ្មោះរបស់ Jeff Bezos ក៏កាន់តែល្បីខ្ទរខ្ទារ និងបានបង្ហាញខ្លួនក្នុងសង្គមកាន់តែច្រើន។ Jeff ដឹងថា ដើម្បីកុំឱ្យមានភាពខុសប្លែកគ្នា និងដើម្បីរីកចម្រើនជាបន្ត គាត់ត្រូវតែធ្វើខ្លួនឱ្យស្របទៅនិងស្ថានភាពនេះ។ ប៉ុន្តែ Bezos នៅតែប្រកាន់ភ្ជាប់នូវគោលជំហរ និងទស្សនៈវិស័យដ៏ធំរបស់គាត់ក្នុងអាជីកម្ម និងភាពជាអ្នកដឹកនាំ បើទោះបីជាមានផ្នែកខ្លះផ្លាស់ប្តូរក៏ដោយ។ Jeff មានបន្តថា “អ្នកដឹកនាំតែងមានជំនឿច្បាស់លាស់ និងជំហរដ៏មុតមាំ។ ពួកគេមិនបណ្ដោយខ្លួនទៅតាមបម្រែបម្រួលនៃសង្គមដោយងាយនោះទេ។ បន្ទាប់ពីបានសម្រេចចិត្តរួចរាល់ ពួកគេប្តេជ្ញាធ្វើវាឱ្យបានសម្រេច”។ អ្វីៗអាចនិងត្រូវបានផ្លាស់ប្តូរ ក្រោយពីទទួលបានជោគជ័យ ឫបរាជ័យ ប៉ុន្តែ អ្នកមិនត្រូវបោះបង់ការតាំងចិត្ត និងទស្សនៈវិស័យរបស់អ្នកឡើយ។

គិតឱ្យធំ

តាមពិតទៅ Amazon មិនមែនគ្រាន់តែចង់ត្រឹមធ្វើជាហាងលក់សៀវភៅតាមអនឡាញប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែពេលនោះការលក់សៀវភៅគឺជាវិធីមួយអាចជួយឱ្យ Amazon ជ្រៀតចូលទីផ្សារបានយ៉ាងងាយ ហើយ Amazon គ្រាន់តែជាចំណុចចាប់ផ្តើមតូចមួយនៃគម្រោងការរបស់ Jeff Bezos។ ដោយឡែក ក្នុងឆ្នាំ ២០០០  Jeff បានធ្លាប់បង្កើតក្រុមហ៊ុនមួយឈ្មោះ Blue Origin ជាក្រុមហ៊ុនរុករកផ្នែកអាកាស ដើម្បីបំពេញក្តីសុបិន្តរបស់គាត់។ ប៉ុន្តែ ចុងក្រោយគំនិតទាំងនោះ បែរជាធ្វើឱ្យ Amazon ក្លាយជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅលើផែនដីទៅវិញ។

ចូរគិតអំពីក្តីស្រមៃរបស់អ្នក និងវិធីសាស្រ្តដើម្បីសម្រេចវា។ ចាប់ផ្តើពីតូចទៅធំ។ ជោគជ័យគឺនៅមិនឆ្ងាយដ៏រាបណាអ្នកចាប់ផ្តើមធ្វើវា៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕