ក្បួនជោគជ័យក្នុងអាជីវកម្មទាំង ១០ ពីម្ចាស់ក្រុមហ៊ុន Wal-Mart

1536

Sam Walton ស្ថាបនិករបស់ក្រុមហ៊ុនយក្ស Wal-Mart មានដើមកំណើតជាជនក្រីក្ររស់នៅក្នុងសហគមន៍នៃតំបន់ដាច់ស្រយ៉ាលមួយនៃរដ្ឋ Missouri សហរដ្ឋអាមេរិកដែលកំពុងស្ថិតក្នុងវិបត្តសង្រ្គាមលោកលើកទី ២។ ដោយសារតែជីវភាពក្រីក្រនេះហើយបានធ្វើឱ្យ Sam ប្រឹងរើបម្រាស់ខ្លួនយ៉ាងខ្លាំង និងបង្រៀនគាត់ឱ្យស្គាល់ពីតម្លៃលុយ រហូតដល់អាចបង្កើតក្រុមហ៊ុនលក់រាយដ៏ធំមួយបានសម្រេច។

ក្រោយពី Sam Walton បានស្លាប់ក្នុងឆ្នាំ ១៩៩២ ទ្រព្យសម្បត្តិសរុបរបស់គ្រួសារគាត់ទាំងមូលត្រូវបានគេប៉ានប្រមាណថាមានតម្លៃជាង ២៥ ពាន់លានដុល្លារ ព្រមទាំងបានបន្សល់ទុកនូវក្រុមហ៊ុនលក់រាយដ៏ធំជាងគេបង្អស់លើលោក Wal-Mart ដែលបច្ចុប្បន្នមានទីតាំងសរុប ៤,១៥០ កន្លែង។ ខាងក្រោមនេះគឺជាក្បួនច្បាប់ទាំង ១២ ក្នុងការកំណត់យកភាពជោគជ័យក្នុងអាជីវកម្មពី Sam Walton

១. ប្តេជ្ញាចិត្តក្នុងមុខជំនួញរបស់អ្នក

ហេតុផលដែលចង់ធ្វើជាអ្នកជំនួញគឺមកពីអ្នកស្រលាញ់អាជីពនេះ ហើយអ្នកត្រូវតែជាមនុស្សម្នាក់ដែលជឿជាក់លើមុខជំនួញរបស់អ្នកច្រើនជាងអ្នកណាៗទាំងអស់។  Sam បានខិតខំជម្នះភាពបរាជ័យដែលគាត់ជួបទាំងប៉ុន្មានក្នុងអាជីវកម្មដោយចំណង់ដ៏ខ្លាំងក្លារបស់លោក។ វាច្បាស់ណាស់ថា បើអ្នកចង់ធ្វើជំនួញមួយឱ្យជោគជ័យ អ្នកត្រូវតែស្រលាញ់វាឱ្យអស់ពីចិត្ត ឫយ៉ាងហោចហាស់អ្នកត្រូវរៀនស្រលាញ់វា។ ប្រសិនបើអ្នកស្រលាញ់ការងាររបស់អ្នក អ្នកនឹងនៅជាមួយវារាល់ថ្ងៃ និងធ្វើវាឱ្យល្អបំផុតតាមដែលអាចធ្វើបាន។ ហើយមិនយូរមិនឆាប់ អ្នកនឹងអាចទាក់ចិត្តអ្នកដទៃឱ្យមកសហការជាមួយបានដោយសារចំណង់ចំណូលចិត្ត(passion)។

២. ចែកផលប្រយោជន៍ដល់ដៃគូរបស់អ្នកទាំងអស់

បើអ្នកចាត់ទុកបុគ្គលិកដូចជាដៃគូដ៏ល្អរបស់អ្នក ពួកគេនឹងគិតបែបនេះដូចគ្នាចំពោះអ្នក។ រក្សាទំនាក់ទំនង និងគ្រប់គ្រងវាឱ្យល្អ ប៉ុន្តក្នុងភាពជាដៃគូ អ្នកត្រូវធ្វើជាអ្នកដឹកនាំដែលចូលចិត្តបម្រើគេ។ លើសពីនេះ អ្នកត្រូវធ្វើឱ្យពួកគេមានអារម្មណ៍ថាពួកគេជាចំណែកមួយរបស់ក្រុមហ៊ុនទាំងការខាតបង់​ និងផលចំណេញ។ វិធីនេះនឹងធ្វើឱ្យពួកគេគិតថា ពួកគេមិនគ្រាន់តែជាបុគ្គលិកដែលធ្វើការដើម្បីតែប្រាក់ខែ ព្រមទាំងមិនធ្វើការឱ្យតែរួចពីដៃឡើយ។

៣. លើកទឹកចិត្តដល់ដៃគូ

លុយកាក់និងភាពជាម្ចាស់តែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់នោះទេ។ អ្នកត្រូវគិតរកផ្លូវណាដែលអាចជម្រុញនិងលើកទឹកចិត្ត បង្កើតការប្រកួតប្រជែងគ្នាក្នុងចំណោមបុគ្គលិករបស់អ្នក ធ្វើឱ្យពួកគេសង្ស័យចំពោះអ្វីដែលអ្នកនឹងដាក់ឱ្យពួកគេធ្វើបន្ទាប់ ប៉ុន្តែកុំឱ្យពួកគេទាយបានដោយងាយពេក។

៤. ចែករំលែកការយល់ឃើញរបស់អ្នកទៅកាន់បុគ្គលិក

បើបុគ្គលិកបានដឹងពីទស្សនៈរបស់អ្នក ពួកគេនឹងកាន់តែយល់អំពីអ្នក ហើយដរាបណាពួកគេយល់បានកាន់តែច្បាស់ ពួកគេនិងបង្កើនការយកចិត្តទុកដាក់ដោយខ្លួនឯង និងបំពេញការងារឥតឈប់។ ប៉ុន្តែ​ ចំណុចមួយសំខាន់ជាងនេះទៀត គឺអ្នកត្រូវតែទុកចិត្តពួកគេ បើមិនដូច្នេះទេ ពួកគេនឹងមិនចាត់ទុកអ្នកជាដៃគូឡើយ។

៥. ចេះសរសើរដល់ស្នារដៃរបស់បុគ្គលិក

ប្រាក់ខែ និងចំណែកភាគហ៊ុន គឺជារបស់ដែលអ្នកអាចទិញចិត្តស្មោះពីបុគ្គលិកបាន។ ប៉ុន្តែ គ្រប់គ្នាចូលចិត្តលឺពាក្យសរសើរចេញពីចិត្តចំពោះអ្វីដែលពួកគេបានធ្វើ ជាពិសេសនៅពេលពួកគេបានសម្រេចផែនការណាមួយដោយជោគជ័យ។ គ្មានអ្វីដែលនាំឱ្យបុគ្គលិកសប្បាយចិត្តជាងការដែលធ្វើឱ្យពួកគេមានមោទនភាពលើខ្លួនឯង និងឮពាក្យស្ងើចសរសើរដោយស្មោះចេញពីថ្នាក់លើនោះទេ។

៦. អបអរជ័យជម្នះ

កុំផ្តោតការយកចិត្តទុកដាក់ជ្រុលពេករហូតដល់ថ្នាក់មិនអាចញញឹមចេញក្រោយពីបរាជ័យ។ និយាយបែបនេះហាក់ដូចជាចម្លែក ព្រោះគ្មាននរណាម្នាក់មានអារម្មណ៍សើចសប្បាយស្របពេលកំពុងជួបរឿងខកចិត្តនោះទេ។ ប៉ុន្តែ អ្នកត្រូវតែទទួលស្គាល់ការពិតចំពោះអ្វីដែលអ្នកបានធ្វើ។ បើកិច្ចការដែលអ្នកបានធ្វើបរាជ័យ នោះមានន័យថាអ្នកខ្វះអ្វីម្យ៉ាង ឫការច្នៃប្រឌិតរបស់អ្នកមិនទាន់ដល់កម្រិត។ ផ្ទុយទៅវិញ បើអ្នកទទួលបានជោគជ័យ កុំភ្លេចអបអរជ័យជម្នះនេះជាមួយនិងដៃគូសហការរបស់អ្នក។

៧. ចេះស្ដាប់អ្នកនៅក្រោមបង្គាប់

បានធ្វើជាមេគេមិនមែនមានន័យថាគំនិតរបស់អ្នកសុទ្ធតែត្រូវទាំងអស់នោះទេ។ ផ្ទុយពីនេះ អ្នកត្រូវចេះស្ដាប់យោបល់របស់អ្នកនៅក្រោមបញ្ជា​ និងអនុញ្ញាតឱ្យពួកគេនិយាយអ្វីដែលជាការគិតរបស់ពួកគេ។ ចៅហ្វាយល្អចេះទទួលស្ដាប់អ្វីដែលបុគ្គលិកព្យាយាមប្រាប់។

៨. បំពេញចិត្តរបស់អតិថិជនលើសពីការរំពឹងទុករបស់ពួកគេ

ប្រសិនបើអ្នកអាចធ្វើរឿងនេះបាន អតិថិជននឹងត្រឡប់មកទិញអ្នកផលិតផល ឫសេវាកម្មរបស់អ្នកម្តងហើយម្តងទៀត។ ធ្វើឱ្យអតិថិជននិយាយថា WOW ចំពោះការយកចិត្តទុកដាក់របស់អ្នកដល់ពួកគេ។ បើអ្នកធ្វើខុស​ កុំប្រើលេស តែត្រូវសូមការអភ័យទោស និងកែប្រែវាឱ្យល្អឡើងវិញ។ ឃ្លាដំបូងដែល Sam Walton ប្រើនៅលើស្លាកយីហោរបស់ Wal-Mart គឺ “Satisfaction Guaranteed” ដែលមានន័យថា ការបំពេញចិត្តទាំងអស់ត្រូវបានធានា។

៩. គ្រប់គ្រងការចំណាយរបស់អ្នកឱ្យល្អជាងគូរប្រជែង

នេះជាវិធីដែលអ្នកអាចរកផលប្រយោជន៍ពីការប្រកួតប្រជែងខុសពីគេ។ រយៈពេល ២៥ ឆ្នាំ មុននិង Wal-Mart ត្រូវបានមនុស្សទទួលស្គាល់ថាជាក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់អាមេរិក ក្រុមហ៊ុននេះនៅតែរក្សាបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុមហ៊ុនដែលរក្សាបានការចំណាយក្នុងប្រតិបត្តិការលក់ទាបជាងគេ។

១០. ហែលបញ្រ្ជាស់ទឹក

ជាមនុស្សមិនធម្មតា ត្រូវតែធ្វើរឿងដែលអ្នកដទៃមិនងាយនិងធ្វើបាន។ ដូចគ្នានេះដែរ ជាក្រុមហ៊ុនដ៏អស្ចារ្យ ត្រូវតែបង្កើតរឿងអស្ចារ្យខុសប្លែកគេ។ ប្រសិនបើអ្នកត្រូវជ្រើសរើសផ្លូវមួយរវាងចំណុច A និង B ហើយចំណុច A មានមនុស្សជ្រើសរើសច្រើនដោយសារតែភាពងាយស្រួលរបស់វា អ្នកគួរតែហ៊ានប្រថុយជ្រើសរើសចំណុច B ដែលមានភាពយ៉ាប់យឺនខុសពីគេ ព្រោះបើអ្នកជួបឧបសគ្គកាន់តែច្រើន រង្វាន់ដែលអ្នកនឹងទទួលបានក៏កាន់តែធំ។ ប៉ុន្តែ ប្រសិនបើវាលំបាកពេករហូតដល់អ្នកប្រឹងអស់ពីលទ្ធភាពហើយនៅតែទ្រាំមិនបាន​ នោះអ្នកត្រូវទទួលស្គាល់ថាអ្នកមកផ្លូវខុសហើយ៕

ចុចអានបន្ត៖ តើនរណានៅពីក្រោយក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតក្នុងលោក Walmart?

ប្រភព៖ powerhomebiz

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕