ដំបូន្មានដ៏មានអត្ថន័យរបស់ទស្សនវិទូប្លាតូដើម្បីធ្វើអោយជីវិតប្រចាំថ្ងៃកាន់តែមានន័យ

1509

ទស្សនៈវិទូប្លាតូមិនត្រឹមតែត្រូវបានគេស្គាល់ទូទាំងសកលថាជាស្ថាបនិកនៃវិទ្យាស្ថានការអប់រំជាន់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនុស្សដែលត្រូវបានគេទទួលស្គាល់ថាជាបុរសប្រកបដោយការឈ្លាសវៃមួយរូបផងដែរ។ គាត់ជាបុគ្គលមួយរូបដែលរស់នៅប្រកបដោយគោលដៅច្បាស់លាស់ក្នុងជីវិត។ មកទល់នឹងបច្ចុប្បន្ន ស្នាដៃរបស់លោកដូចជាការនិពន្ធក៏ដូចជាការបង្រៀនត្រូវបានមនុស្សផងទាំងពួងយកមកអនុវត្តន៍។ បើទោះបីជាក្រឡេកមើលពីសម័យពីមុន និងពេលបច្ចុប្បន្ន ការរស់នៅរបស់យើងមិនអាចដូចប្លាតូក៏ពិតមែន ប៉ុន្តែមេរៀនដែលប្លាតូបានបន្សល់ទុកសុទ្ធតែជាមេរៀនល្អៗដែលយើងអាចយកប្រើប្រាស់បានក្នុងបច្ចុប្បន្នកាល។ បន្តិចទៀតនេះ យើងនឹងមកសិក្សាទាំងអស់គ្នាពីទស្សនៈវិជ្ជារបស់លោកទាំង ៥ចំបងៗដែលយើងគួរយកមកអនុវត្តន៍ក្នុងជីវិតប្រចាំថ្ងៃ៖

 

១. មេត្តាគីជាកូនសោ

សង្គមមួយប្រមូលផ្តុំទៅដោយមនុស្សច្រើនប្រភេទណាស់។ អ្នកខ្លះក៏ស្រលាញ់ចូលចិត្តអ្នកហើយអ្នកខ្លះទៀតទោះបីធ្វើល្អដាក់យ៉ាងណាក៏មើលមិនឃើញដែរ។ ប៉ុន្តែកាន់តែគ្រោះថ្នាក់ជាងនោះទៅទៀតគឺប្រភេទមនុស្សដែលយើងមិនអាចស្មានដឹងពីចេតនាគេតែម្តង។ ពេលខ្លះយើងពិបាកនឹងយល់ណាស់ថាតើទង្វើគេធ្វើគ្រាន់តែជាការសម្តែងយកមុខមាត់ឬក៏ចេញពីទឹកចិត្តពិត? ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្លាតូបានលើកទឹកចិត្តអោយយើងធ្វើល្អទៅកាន់មនុស្សគ្រប់រូប មិនថាអ្នកទាំងនោះមានចេតនាបែបណាមកលើយើងក៏ដោយ។ នៅក្នុងទ្រឹស្តីព្រះពុទ្ធក៏បានលើកឡើងដែរថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ដូច្នេះហើយ កុំខ្វល់ថាគេធ្វើយ៉ាងណាចំពោះអ្នក ប៉ុន្តែអ្នកត្រូវប្រាកដចិត្តថាអ្នកមិនត្រូវធ្វើអោយអ្នកដទៃវិនាសទៅបានហើយ។

២. មុននិយាយត្រូវគិតសិន

ប្លាតូនិយាយថា​ “ អ្នកចេះដឹងនិយាយដោយសារតែមានរឿងត្រូវនិយាយ ប៉ុន្តែមនុស្សល្ងង់និយាយព្រោះត្រូវតែនិយាយ”។ ពាក្យសម្តីជាអាវុធមុតស្រួចណាស់ ព្រោះវាអាចនាំយកនូវក្តីសុខ និងបញ្ហាក្នុងពេលតែមួយបាន។ ពិសេសបំផុតបច្ចុប្បន្ននេះ នៅតាមប្រព័ន្ធអនឡាញឬក្នុងវេទិការសាធារណៈ មនុស្សភាគច្រើនយល់ស្របតាមមតិភាគច្រើន ឬអាចនិយាយបានថាតែៗស្ករៗតាមគ្នា ដូច្នេះហើយមុននឹងយើងបញ្ចេញមតិយោបល់យើងត្រូវស្វែងយល់អោយបានច្បាស់ពីឫសគល់នៃបញ្ហាសិនចាំវិនិច្ឆ័យ។ ម្យ៉ាងវិញទៀត អ្នកត្រូវចាំថាការនិយាយដែលត្រឹមត្រូវគឺជាការនិយាយដែលផ្តល់ផលប្រយោជន៍ទាំងសងខាង មិនមែនជាការប៉បាច់ប៉បោចនោះទេ។

៣. កុំចាំ

ប្លាតូបានលើកឡើងថា មនុស្សគ្រប់រូបនឹងបាត់បង់ឱកាសក្នុងការធ្វើល្អចំពោះខ្លួនឯង និងពិភពលោកប្រសិនបើពួកគេនៅតែចាំ មិនព្រមចាប់ផ្តើម។ ការចាប់ផ្តើមគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការងារ។ មូលហេតុដែលយើងមិនចាប់ផ្តើមគឺដោយសារភាពភ័យខ្លាច។ ការភ័យខ្លាចចំពោះភាពបរាជ័យប្រាកដជាមានហើយ ប៉ុន្តែត្រូវចងចាំថា តាមរយៈភាពបរាជ័យនោះអ្នកនឹងទទួលបានលទ្ធផលមួយដែលអ្នកអាចដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង។ ដូច្នេះប្រសិនបើអ្នកមិនហ៊ានចាប់ផ្តើមទេ អ្នកនឹងមិនទទួលបានអ្វីទាល់តែសោះ។

៤. ប្រើអំណាចក្នុងផ្លូវល្អ

មនុស្សគ្រប់គ្នាគឺសុទ្ធតែជាផ្នែកមួយដែលជួយអោយពិភពលោកក្លាយជាកន្លែងស្រស់ស្អាត។ សូម្បីតែអ្នកកំពុងអាននេះក៏ដូចគ្នាដែរ។ ពេលខ្លះអ្នកប្រហែលជាគិតថា ខ្ញុំជាមនុស្សធម្មតាគ្មានសមត្ថភាពអ្វីពិសេសផង តើអាចទៅរួចដែរដែលអាចផ្លាស់ប្តូរពិភពលោកមួយនេះបាន? អ្នកត្រូវចងចាំថា មនុស្សម្នាក់ៗតែងតែមានឥទ្ធិពលនិងអំណាចរៀងៗខ្លួន គ្រាន់តែថាយើងសម្រេចចិត្តជាអ្នកផ្តល់សេវាកម្មអោយអ្នកដទៃឬយើងជាដឹកនាំអ្នកដទៃ? មិនថាអំណាចរបស់យើងកម្រិតណានោះទេ កាតព្វកិច្ចដែលយើងត្រូវធ្វើគឺធ្វើអោយពិភពលោកក្លាយជាកន្លែងដែលល្អប្រសើរសម្រាប់ការរស់នៅ។

៥. បន្តអប់រំខ្លួនឯងជានិរន្តន៍

ជីវិតគឺពោពេញទៅដោយរឿងដ៏អស្ចារ្យជាច្រើននៅរង់ចាំអ្នក ដូច្នេះកុំបញ្ឍប់ខ្លួនឯងត្រឹមនេះ ខណៈពេលដែលមានរឿងយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអោយអ្នកស្វែងយល់ពីវាបន្ថែម។ ប្លាតូបានសង្កត់ធ្ងន់ថា “ អ្នកដែលព្រងើយកន្តើយចំពោះការអប់រំប្រៀបដូចជាការដើរចេញដោយភាពទន់ជ្រាយទៅកាន់ចុងបញ្ចប់នៃជីវិត”។ ការអប់រំជួយអោយជីវិតប្រសើរឡើង។ ពាក្យថាការអប់រំមិនមែនមានតែនៅសាលាទេ ប៉ុន្តែនៅគ្រប់ទីកន្លែងអ្នកសុទ្ធតែអាចរៀនបាន។ ការមានចំណង់ចំណូលចិត្តនៅក្នុងការរៀននឹងធ្វើអោយអ្នកកាន់តែរីករាយជាងមុន ឆ្លាតជាងមុន និងមនុស្សល្អជាងមុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.