ផលប្រយោជន៍របស់ដ្រូន

826

ដោយសារតែបច្ចេកវិទ្យានៅជុំវិញពិភពលោកកាន់ជឿនលឿន ហើយតម្លៃរបស់វាកាន់តែធូរថ្លៃទៀតនោះ យើងឃើញថាក្នុងប្រទេសយើងមានការប្រើប្រាស់ដ្រូនច្រើនគួរសម។ ប៉ុន្ដែមនុស្សភាគច្រើនប្រើវាដើម្បីតែការកំសាន្ដប៉ុណ្ណោះ។ ផ្ទុយទៅវិញវាមានអត្ថប្រយោជន៍ជាច្រើនដែលយើងមិនអាចនឹកស្មានដល់ ហើយខាងក្រោមនេះគឺជាការប្រើប្រាស់ដ្រូនសម្រាប់បម្រើដល់សង្គមសព្វថ្ងៃ។

 

១. ជួយសង្គ្រោះជីវិត៖ នៅពេលមានគ្រោះធម្មជាតិ គេអាចប្រើដ្រូនដើម្បីស្វែងរកជនរងគ្រោះក្នុងកកន្លែងដែលមនុស្សមិនអាចទៅដល់។ ក្រៅពីនេះវាក៏អាចប្រើសម្រាប់ដឹកជញ្ជូនសំភារៈសង្គ្រោះបន្ទាន់ ឬចំណីអាហារទៅដល់ជនរងគ្រោះផងដែរ។

២. តាមដានខ្យល់ព្យុះ៖ គេអាចប្រើដ្រូនដើម្បីទៅប្រមូលភស្ដុតាង ឬទិន្នន័យខណៈពេលកំពុងមានព្យុះដើម្បីទុកសិក្សាស្រាវជ្រាវនិងអាចដឹងពីការកើតឡើងមុនប្រសិនបើមានខ្យល់ព្យុះនាពេលក្រោយទៀត។ ចំនុចពិសេសនោះគឺគេមិនចំបាច់ប្រថុយអាយុជីវិតមនុស្សដើម្បីទៅប្រមូលទិន្នន័យទាំងនោះដូចមុនទេ។ 

៣. តាមដានអាយុកាលនៃសំណង់៖ ការងារទាំងនេះសុទ្ធតែមានគ្រោះថ្នាក់ព្រោះដើម្បីអាចដឹងពីស្ថានភាពរបស់អគារខ្ពស់ៗ សំណង់ធំៗ បង្គោលភ្លើង ឬស្ពានជាដើម ពីមុនមកគឺសុទ្ធតែត្រូវការមនុស្សទៅមើលផ្ទាល់។ បច្ចុប្បន្ននេះគេអាចប្រើត្រឹមតែដ្រូនដើម្បីទៅមើលជំនួសវិញ។

៤. វិស័យកសិកម្ម៖ នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន ដ្រូនត្រូវបានគេប្រើប្រាស់ដើម្បីត្រួតពិនិត្យគុណភាពរបស់ដំណាំតាមរយៈបច្ចេកវិទ្យា infrared ដែលមានបំពាក់ជាមួយនឹងកាមេរ៉ារបស់ដ្រូន ដែលភ្នែកយើងធម្មតាមិនអាចមើលឃើញ។ វាអាចប្រើសម្រាប់វាស់កម្រិតសំណើមរបស់ដី ឬ អាចបង្ហោះដើម្បីដាក់ជី។ កាលពីមុនមក ការងារទាំងនោះគឺស្មុគស្មាញ ទាមទារពេលវេលា និងថវិកាច្រើន។ 

៥. ជំនួយដល់ប៉ូលិស៖ វាអាចប្រើសម្រាប់ដេញតាមជនសង្ស័យដែលកំពុងរត់គេចខ្លួន ឬស្ថិតនៅក្នុងហ្វូងមនុស្សច្រើន។ ក្រៅពីនេះគេប្រើវាដើម្បីស្វែងរកមនុស្សបាត់ខ្លួន។ សម្រាប់ពេលយប់វាអាចតាមដានការប្រព្រឹត្តបទល្មើសផ្សេងៗដោយមានជំនួយពីកាមេរ៉ាមើលយប់ និងបញ្ជូនវីដេអូភ្លាមៗមកកាន់ក្រុមសមត្ថកិច្ច។

៦. ថតរូបនិងវីដេអូ៖ តើអ្នកដែលឃើញរូបភាពថតពីលើកន្លែងខ្ពស់ៗ ឬកន្លែងដែលមិនអាចទៅដល់បានដែរឬទេ? ការពិតរូបថតទាំងនោះសុទ្ធសឹងតែថតដោយប្រើដ្រូន ហើយបើនិយាយពីកាមេរ៉ារបស់វាវិញក៏គុណភាពមិនចាញ់កាមេរ៉ាធំៗប៉ុន្មានដែរ។ ក្រៅពីនេះ គេអាចយកវាទៅថតរឿងបាននិងចំនាយតិចជាងមុន ដោយមិនចាំបាច់ប្រើអេលីកុបទ័រដូចមុនទេ។

 

៧. ដឹកជញ្ជូនឥវ៉ាន់៖ គំនិតនេះយើងឃើញ ក្រុមហ៊ុន Amazon បានសាកល្បងអោយប្រើប្រាស់រួចមកហើយ។ ឥឡូវនេះវាប្រហែលជាមិនទាន់បានដាក់អោយប្រើប្រាស់ទូលំទូលាយនៅឡើយទេ ប៉ុន្ដែក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតគេរំពឹងថាការដឹកទំនិញមួយចំនួនអាចនឹងប្រើដ្រូនជំនួសវិញ ដោយសារតែការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗទាក់ទងនឹងដ្រូន ហើយតម្លៃរបស់វាក៏នឹងថោកជាងមុនដែរ។ 

៨. ការពារសត្វព្រៃ៖ វាអាចប្រើសម្រាប់តាមដានមុននូវភ្លើងឆេះព្រៃ ឬការកាប់បំផ្លាញព្រៃឈើ។ វាក៏អាចតាមដាននូវប្រភេទសត្វកម្រឬកំពុងដាច់ពូជ ដើម្បីអាចអោយក្រុមអ្នកជំនាញចុះទៅជួយសត្វទាំងនោះ។ បន្ថែមពីនេះគេអាចប្រើវាដើម្បីស្វែងរកអ្នកបរបាញ់សត្វខុសច្បាប់ ឬការលក់ដូរនូវសត្វព្រៃ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។