គំនិតអាជីវកម្មសម្រាប់យុវវ័យ ដែលប្រើដើមទុនតិចក្នុងប្រទេសកម្ពុជា

5488

ពេលចង់ចាប់ផ្ដើមរកស៊ី យើងច្រើនគិតមុនគេអំពីដើមទុន ព្រោះបើគ្មានលុយយើងមិនអាចធ្វើអ្វីបានជាដុំកំភួនទេ។ ដោយឡែកថ្ងៃនេះក្រុមការងាររបស់យើងបានស្វែងរកនូវគំនិតរកសុីដែលប្រើដើមទុនតិចឬសឹងតែមិនប្រើទាល់តែសោះ ហើយមុខរបរទាំងនេះសុទ្ធសឹងតែអាចយកមកអនុវត្តបានក្នុងប្រទេសកម្ពុជាយើងផងដែរ។ 

 

១. លក់ទំនិញអនឡាញ៖
បើតាមយើងសង្កេតមើលក្នុងប្រទេសយើង ជាពិសេសក្រុងភ្នំពេញយើងឃើញថាមានមនុស្សជាច្រើនបានចាប់យកមុខរបរលក់តាមអនឡាញ។ ទំនិញដែលអាចលក់បានមានសឹងតែគ្រប់ប្រភេទតាំងពីរបស់បរិភោគ សម្លៀកបំពាក់ ឬគ្រឿងប្រើប្រាស់ផ្សេងៗ។ ចំនុចពិសេសរបស់ការលក់អនឡានគឺយើងមិនចាំបាច់មានហាង ឬចំណាយទៅលើការជួលបុគ្គលិកច្រើន ថ្លៃទឹកភ្លើង ជាដើម ដោយវាគ្រាន់តែទាមទារអោយយើងមានសេវាដឹកជញ្ជូនអោយភ្ញៀវបានរហ័សនិងអាចទុកចិត្តបាន។ ចំណែកឯការទូទាត់ប្រាក់កាន់តែងាយស្រួលជាងមុនទៅទៀតព្រោះឥឡូវនេះយើងអាចវេរលុយតាម ធនាគារ ឬតាមសេវាវេរលុយជាច្រើនផ្សេងទៀត។ បន្ថែមពីនេះយើងមិនទាមទារអោយចុះបញ្ជី បង់ពន្ធ ព្រោះច្បាប់ទាក់ទងនឹងការធ្វើពាណិជ្ជកម្មអនឡាញនៅក្នុងប្រទេសយើងមិនទាន់ដាក់អោយប្រើប្រាស់ស្រួលបួលនៅឡើយទេ។

២. ធ្វើជាអ្នកផ្ដល់សេវា៖
ប្រសិនបើអ្នកចេះជំនាញណាមួយច្បាស់ដូចជាខាងច្បាប់ ពន្ធដារ… អ្នកអាចធ្វើជាអ្នកពិគ្រោះយោបល់បានខាងផ្នែកទាំងនោះបាន។ ឧទាហរណ៍ បើអ្នកចេះច្បាប់ទាក់ទងនឹងពាណិជ្ជកម្ម អ្នកអាចធ្វើជាអ្នកអោយយោបល់ខាងផ្នែកច្បាប់ទៅអ្នកចង់បើករកស៊ី រត់ការឯកសារ ចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធ និងធ្វើកិច្ចសន្យាដែលគេប្រើប្រាស់ក្នុងជំនួញផ្សេងៗ។ រីឯអ្នកចេះខាងពន្ធដារវិញអាចធ្វើជាអ្នករៀបចំឯកសារពន្ធ គណនាអំពីប្រាក់ពន្ធដែលអាជីវកម្មនីមួយៗត្រូវបង់ប្រចាំខែ និងប្រចាំឆ្នាំជាដើម។ មុខរបរទាំងនេះសុទ្ធតែអាចរកចំណូលបានច្រើនគួរសម្យ។ យើងមិនអាចកំណត់បានតែសេវាពីរនេះទេ ប្រសិនបើអ្នកចេះជំនាញផ្សេងទៀតហើយមានតម្រូវការច្រើននោះអ្នកក៏អាចសាកល្បងផ្ដល់សេវាដែលទាក់ទងនឹងជំនាញរបស់អ្នកផងដែរ។

៣. គួកជេរដី ឬផ្ទះ៖ 
មុខរបរនេះអាចរកចំណូលបានច្រើន ឬតិចអាស្រ័យនឹងថ្វីមាត់ក្នុងការនិយាយរបស់យើង និងការមានទំនាក់ទំនងជាមួយម្ចាស់អចលនទ្រព្យច្រើន។ នៅតាមបុរីមួយចំនួនក្នុងក្រុងភ្នំពេញក៏ត្រូវការបុគ្គលិកខាងផ្នែកលក់ផងដែរ ហើយពេលនេះយើងអាចជាអ្នកបុគ្គលិកផង និងជាអ្នករកស៊ីផងព្រោះបើយើងលក់បានច្រើនប៉ុណ្ណា ប្រាក់ចំណែកភាគរយក៏បានច្រើនប៉ុណ្ណឹងដែរ។

៤. ការលក់ស្នាដៃតាមអនឡាញ៖
បើអ្នកពូកែខាងការរចនារូបភាព (graphic design) អ្នកអាចដាក់លក់នូវស្នាដៃរចនា ឬបង្កើតឡូហ្គោនៅលើវេបសាយ fiverr.com មិនត្រឹមតែប៉ុណ្ណោះអ្នកអាចលក់ វីដេអូ ការសេរសេរកូដ ឬចម្រៀងជាដើម។ នៅកម្ពុជាយើង មានយុវវ័យច្រើនគួរសម ដែលចេះខាងក្រាហ្វិចឌីស្សាញបានបង្កើតក្រុមដើម្បីរកស៊ីខាងផ្នែកមួយនេះ។ ហើយបើអ្នកមានកាមេរ៉ាផ្ទាល់ខ្លួនទៀតនោះ អ្នកអាចសាកល្បងថតរូបនិងដាក់លក់នៅលើវេបសាយ shutterstock.com ។ មុននឹងអ្នកអាចចាប់ផ្ដើមលក់បានដំបូងគឺត្រូវបង្កើតអាខោនជាមុនសិន។ ក្រៅពីនេះសម្រាប់អ្នកមានជំនាញខាងថតវីដេអូ ចេះកាត់តវីដេអូ និងមានគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវអ្វីដែលទាក់ទាញ នោះអ្នកអាចបង្កើត youtube channel ដើម្បីរកចំណូលពីការផ្សាយពាណិជ្ជកម្មនៅលើវីដេអូបាន។ ដូចយើងបានឃើញហើយថាយុវវ័យក្នុងប្រទេសយើងមួយចំនួនអាចរកលុយបានច្រើនសមរម្យដែរពី youtube៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។