ក្រុមហ៊ុនដឹកជញ្ជូនអាហារធំជាងគេនៅកម្ពុជា Nham24 បានទទួលទុនវិនិយោគពីក្រុមហ៊ុន Smart

1814

មូលនិធិសម្រាប់អាជីវកម្មឌីជីថលដែលគាំទ្រដោយក្រុមហ៊ុន Smart Axiata ឈ្មោះថា SADIF បានទិញយកភាគហ៊ុនមួយចំណែកតូចពីក្រុមហ៊ុនដឹកជញ្ជូនអាហារ និងបញ្ជាទិញអាហារនៅលើទូរស័ព្ទដៃឈានមុខគេមួយនៅកម្ពុជាគឺ Nham24។ 

ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Nham24 លោក ចាន់ បូរីម៉ា បានប្រាប់សារពត៌មានភ្នំពេញប៉ុសិ៍្តថា ជាមួយនឹងការផ្តល់មូលនិធិនេះ ក្រុមហ៊ុននឹងបន្តផ្តោតលើការផ្តល់បទពិសោធន៍ដែលអាចធ្វើបានល្អបំផុតសម្រាប់អតិថិជន ព្រមទាំងដៃគូភោជនីយដ្ឋានផងដែរ។ លោកបានបញ្ជាក់ថា “យើងទន្ទឹងរងចាំសហការជាមួយមូលនិធិ SADIF ដើម្បីជួយឲ្យអាជីវកម្មរបស់យើងរីកលូតលាស់ និងពង្រឹងតំណែងរបស់យើងក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារ”។

រូបភាព៖ Phnom Penh Post

គេហទំព័រ Nham24 ត្រូវបានបង្កើតឡើងនៅឆ្នាំ 2016 ហើយបច្ចុប្បន្ននេះបានរីកលូតលាស់យ៉ាងឆាប់រហ័ស ក្លាយជាក្រុមហ៊ុនដឹងជញ្ជូន និងបញ្ជាទិញអាហារតាមអ៉ីធើណែតឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជា និងមានហាងជាដៃគូរជាង 550 ហាង។ 

ការទទួលទុនពី Smart នឹងធ្វើឲ្យ Nham24 កាន់តែមានឥទ្ធិពលកាន់តែខ្លាំងជាងមុនទៀតក្នុងទីផ្សារកម្ពុជា ហើយនៅថ្ងៃអនាគត វាត្រូវបានគេជឿថានិងក្លាយជាក្រុមហ៊ុនធំមួយតំណាងកម្ពុជា ក្នុងវិស័យដឹកជញ្ជូនអាហារ និងអាចបន្ថែមសេវាច្រើនទៀត។

មូលនិធិ SADIF មានទុន 5 លានដុល្លារ ដែលគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគ និងប្រឹក្សាយោបល់ Mekong Strategic Partners (MSP) ហើយមូលនិធិនេះអាចផ្តល់ទុនចាប់ពី $25,000 – $500,000 តាមដំណាក់កាលអាជីវកម្ម និងតម្រូវការមូលនិធិរបស់ក្រុមហ៊ុនវិនិយោគ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។