តើនិស្សិតមកពីបណ្តាខេត្ត ជួបបញ្ហាប្រឈមអ្វីខ្លះ នៅពេលមកបន្តការសិក្សារនៅភ្នំពេញ?

12529
រូបភាព Credit to PUC Facebook page

ជីវិតគឺជាការប្រកួតប្រជែង និងជាការឆ្លងកាត់ការលំបាកពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ការឆ្លងផុតការប្រលងសញ្ញាប័ត្រទុតិយភូមិគឺជាភាពជោគជ័យមួយផ្នែកសម្រាប់យុវជនក្នុងវិស័យអប់រំ ប៉ុន្តែភាពលំបាកនៅក្នុងជីវិតអ្នកមិនចប់ត្រឹមនេះទេ។ អ្នកប្រហែលជាគិតថាអោយតែផុតការប្រលងទី ១២ ទៅអ្នកប្រហែលជាធូរស្រាលនិងលែងមានកង្វល់ហើយ ប៉ុន្តែតាមពិតមិនមែនទេ។ បន្ទាប់ពីប្រលងជាប់ហើយ អ្នកត្រូវបោះជំហានបន្ទាប់ថាត្រូវធ្វើអ្វីបន្តទៀត? តើគួររៀនជំនាញអ្វី? ជ្រើសរើសរៀនសាលាណា? ហើយម្យ៉ាងវិញទៀត តើការរស់នៅក្នុងទីក្រុងភ្នំពេញបែបណាទៅ?

តាមរយៈនិស្សិតស្រីម្នាក់មកពីខេត្តកំពង់ឆ្នាំង សូមមិនបញ្ចេញឈ្មោះ ហើយសព្វថ្ងៃនាងជានិស្សិតជំនាញសេដ្ឋកិច្ច នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមួយរូបបានលើកឡើងថា ការសម្រេចចិត្តដើម្បីមករៀនបន្តនៅភ្នំពេញគឺជាការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវរបស់នាង។ ក្នុងនាមជានារីមកពីបណ្តាខេត្តម្នាក់ នាងបានបញ្ជាក់ថា តាមពិតទៅគ្រួសាររបស់ខ្ញុំមិនសូវជាគាំទ្រអោយខ្ញុំរៀនបន្តនៅភ្នំពេញប៉ុន្មានទេ អាស្រ័យដោយមិនចង់អោយទៅឆ្ងាយផ្ទះ។ ក្រោយពីបានបញ្ចប់ការប្រលងទី ១២ ឆ្នាំ​២០១៥ ដោយសារតែចង់សម្រេចក្តីស្រមៃរបស់ខ្លួន នាងខ្ញុំក៏សម្រេចចិត្តឡើងមកភ្នំពេញដើម្បីបន្តការសិក្សានៅសកលវិទ្យាល័យ។ ការសម្រេចចិត្តមួយនេះគឺជាទំនួលខុសត្រូវដ៏ធំមួយរបស់នាងខ្ញុំ ដោយសារនាងខ្ញុំត្រូវរស់នៅតែម្នាក់ឯង។ កញ្ញាបានបញ្ជាក់ថា ការដើរលើជីវិតមួយនេះគឺមិនងាយស្រួលទេ ហើយវាទាមទាអោយយើងផ្លាស់ប្តូររបបជីវិតមួយបែបទៀតដែលខុសប្លែកពីមុនទាំងស្រុង។ ក្នុងនោះផងដែរ កញ្ញាបានលើកឡើងថា សម្រាប់ខ្ញុំអ្វីដែលជាផលពិបាកនោះគឺ ការយកចិត្តទុកដាក់ពីគ្រួសារ។ ខ្ញុំទទួលស្គាល់ថា យើងម្នាក់ៗមិនអាចរស់នៅក្រោមការមើលថែពីគ្រួសាររហូតទេ ប៉ុន្តែភាពស្និតស្នាលរវាងគ្រួសារគឺជារឿងសំខាន់ណាស់។ ថ្វីត្បិតតែបច្ចេកវិទ្យាមានភាពជឿនលឿនដែលអនុញ្ញាតអោយយើងសន្ទនាជាមួយឳពុកម្តាយបានយ៉ាងងាយស្រួលក៏ដោយ ក៏វាមិនអាចផ្តល់ភាពកក់ក្តៅ ១០០% ដែរ។ កាលពីមុនធ្លាប់តែមានអ្នកម៉ាក់ ឬលោកប៉ាដែលនៅចាំលួងលោមឬផ្តល់កម្លាំងចិត្ត  និងផ្តល់យោបល់នៅពេលអ្នកមានបញ្ហា បើទោះបីជាពេលខ្លះមិនចាំបាច់និយាយប្រាប់ក៏ពួកគាត់អាចមើលដឹងតាមរយៈកាយវិការ។ ប៉ុន្តែពេលនេះឃ្លាតនៅឆ្ងាយពីគ្នា ពេលវេលាទំនេរក៏មិនត្រូវគ្នា ដូច្នេះហើយភាពស្និតស្នាលក៏ថយជាងមុន។

ចំណែកឯនិស្សិតប្រុសមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះដូចគ្នា មកពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំទី ២ ជំនាញធនាគារនិងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ជាងគេគឺការចំណាយ។ គាត់បានលើកឡើងថា ការចំណាយក្នុងទីក្រុងខុសគ្នាឆ្ងាយណាស់ពីការចំណាយតាមខេត្ត ឬភូមិ ស្រុក ពីព្រោះនៅភ្នំពេញអ្វីក៏ថ្លៃ ហើយគ្រប់យ៉ាងគឺសុទ្ធតែប្រើលុយ ម្យ៉ាងសេដ្ឋកិច្ចគ្រួសាររបស់ខ្ញុំមិនសូវជាធូរធាប៉ុន្មានទេ។ ដូច្នេះហើយទើបសព្វថ្ងៃខ្ញុំឆ្លៀតធ្វើការផង រៀនផង ហើយម្យ៉ាងទៀតត្រូវលៃលកការចំណាយដោយសន្សំសំចៃបំផុត។ កាលពីមុនមានតែ ២០០០៛ ឬ ៣០០០៛ អាចញាំបាយព្រឹកបាន ប៉ុន្តែនៅភ្នំពេញបាយព្រឹកមួយចានយ៉ាងហោចណាស់ក៏ ៤០០០៛ ដែរ។ នេះនិយាយតែការញាំ នៅមានថ្លៃស្នាក់នៅ ការធ្វើដំណើរ ថ្លៃសាលា ទឹកភ្លើង និង សម្ភារៈសិក្សាទៀត។

កញ្ញា សឺន ស្រីនាង

ចំណែកឯ កញ្ញា សឺន ស្រីនាង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្ននាងជានិស្សិតឆ្នាំទី ៣ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដូចគ្នាបានលើកឡើងពីបញ្ហាចំបងគឺសុវត្ថិភាព។ កញ្ញាបានលើកឡើងថា បញ្ហានេះចោតខ្លាំងបំផុតទៅលើនិស្សិតស្រី ពីព្រោះពួកគាត់ត្រូវការពារខ្លួនអោយបានច្រើនទាំងកន្លែងស្នាក់នៅ និងការធ្វើដំណើរ។ ជាពិសេស កញ្ញាបានលើកទឹកចិត្តអោយស្នាក់នៅជាមួយមិត្តភក្តិ ឬអ្នកស្គាល់ជិតស្និត ពីព្រោះវាអាចផ្តល់ទំនុកចិត្តអោយអ្នកជាជាងនៅម្នាក់ឯង។ បើយើងស្នាក់នៅម្នាក់​ឯងហើយនៅបន្ទប់ជួលទៀត ប្រសិនបើមានអ្នកប៉ុនប៉ងចង់ធ្វើបាបនោះ គ្មានអ្នកណាជួយយើងទាន់នោះទេ។ ម្យ៉ាងវិញទៀត កញ្ញាបានបន្ថែមទៀតថា ការបន្តការសិក្សានៅភ្នំពេញទាមទាអោយយើងរស់នៅដោយឯករាជ្យមួយ។ មានន័យថា យើងត្រូវចេះគិតគូនិងមើលថែខ្លួនឯងជាងមុន ពីព្រោះពេលឈឺថ្កាត់ម្តងៗ​ លែងមានគ្រួសារនៅចាំមើលថែដូចមុនទៀតហើយ។

ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើហើយ នៅមាននិស្សិតខ្លះក៏ធ្លាប់លើកឡើងពីបញ្ហាដែលខ្លួនជួបប្រទះពេលមកភ្នំពេញដំបូងគឺស្ថានភាពផ្លូវនៅភ្នំពេញ។ អ្នកខ្លះជិះហួសផ្ទះខ្លួនឯងនៅទៀតក៏មាន។ ជាការពិតណាស់ នៅក្នុងទីក្រុងចរាចរណ៍ខ្វាត់ខ្វែង ហើយផ្លូវមានគ្រប់ច្រកល្ហក ដូច្នេះយើងត្រូវស្គាល់ផ្លូវ បើមិនដូច្នេះទេប្រាកដជាវង្វេងហើយខាតពេលវេលាទៀត។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ អ្នកគួរបន្សាំខ្លួនទៅនឹងផ្លូវក្នុងទីក្រុងអោយហើយ។ វិធីដែលងាយស្រួលគឺ ចូលទៅកាន់ Google Map ហើយចាប់ផ្តើមស្គាល់ផ្លូវសំខាន់ៗ ជាពិសេសគឺមហាវិថី និងទីតាំងដែលអ្នកត្រូវធ្វើដំណើរជាប្រចាំ។

ចំណុចទាំងឡាយដែលបានរៀបរាប់ខាងលើគឺជាបញ្ហាដែលមនុស្សមួយចំនួនជួបប្រទះ ប៉ុន្តែក៏អាចនៅមានអ្នកមួយចំនួនទៀតឆ្លងកាត់រឿងរ៉ាវផ្សេងពីនេះទៀតដែរ។ ប៉ុន្តែមិនថាយ៉ាងណាក៏ដោយ ចូរកុំសម្លឹងវាក្នុងន័យអវិជ្ជមានអី។ បញ្ហាទាំងអស់នោះ គឺជាឱកាសនិងបទពិសោធន៍ក្នុងការវាយតម្លៃពីសមត្ថភាពរបស់បុគ្គលម្នាក់ៗក្នុងការប្រកួតប្រជែងជាមួយខ្លួនឯងថាតើយើងមានកម្រិតនៃភាពជាម្ចាស់ការលើខ្លួនឯងបានកម្រិតណា? ម្យ៉ាងវិញទៀត យើងម្នាក់ៗមិនអាចរស់នៅក្នុងភាពងាយស្រួលរហូតទេ ដូច្នេះហើយវាជារឿងល្អទេដែលលំបាកបណ្តើរៗអោយហើយ ព្រោះភាពលំបាកទាំងនោះនឹងធ្វើអោយអ្នកកាន់តែរឹងមាំ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.