រឿង ៣ ដែលសហគ្រិនជោគជ័យមិនដែលមើលរំលង

1447

បើក្រឡេកទៅមើលអ្នកជំនួញជោគជ័យកំពូលៗនាប៉ុន្មានទសវត្សចុងក្រោយនេះ អ្នកនឹងឃើញថា ចំណុចសំខាន់មួយដែលពួកគេមានដូចគ្នាគឺ ភាពជាអ្នកដឹកនាំ។ ទោះបីជាស្ថិតក្នុងស្ថានភាពធ្វើការឱ្យគេ ឫមានមុខរបរខ្លួនឯង ពួកគេតែងតែមានសមត្ថភាពដឹកនាំក្រុមមួយឆ្ពោះទៅរកជោគជ័យប្រកបដោយប្រសិទ្ធិភាព។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកជំនួញជោគជ័យធ្វើផ្ទុយពីអ្នកមិនសូវបានទទួលជោគជ័យ។

 

រៀនសូត្រឥតឈប់

រឿងដំបូងហើយក៏អាចជារឿងសំខាន់បំផុតដែលអ្នកដឹកនាំអាជីវកម្មជោគជ័យតែងតែធ្វើគឺ បន្តរៀនសូត្រជានិច្ច។ ប្រសិនបើអ្នកចង់សម្រេចអ្វីៗដែលអ្នកធ្លាប់ប្រាថ្នាចង់បាន អ្នកមិនគួរឈប់នៅពេលដែលអ្នកជោគជ័យម្តងនោះទេ។ ដើម្បីធ្វើជាអ្នកដឹកនាំគេ ឫធ្វើជាជំនួញដ៏ពូកែម្នាក់ ទាមទារឱ្យមានចំណេះដឹង បទពិសោធន៍ និងជំនាញថ្មីៗ។ ឧទាហរណ៍ដូចជា ចុះឈ្មោះចូលរៀនជំនាញវគ្គខ្លីទាក់ទងការធ្វើទីផ្សារក្នុងអាជីវកម្ម ចូលរួមកម្មវិធីសិក្ខាសិលាស្តីពីការបង្កើនការលក់ សនិ្នសិទ ឫចូលរួមជាមួយបណ្ដុំអ្នករកស៊ីផ្សេងៗ ដើម្បីបង្កើនចំណេះដឹង និងពង្រីកបណ្ដាញទំនាក់ទំនងបន្ថែម។ លើសពីនេះ អ្នកក៏អាចស្រូបយកចំណេះដឹងផ្សេងទៀតតាមរយៈការអានសៀវភៅ អត្ថបទធ្វើអាជីវកម្ម របាយការណ៍ និងពត៌មានមានប្រយោជន៍ទាំងឡាយណាដែលអ្នកចូលចិត្ត។

ច្នៃប្រឌិត និងដោះស្រាយបញ្ហា

ចំណុចមួយទៀតដែលបុគ្គលជោគជ័យកំពូលៗធ្វើ ផ្ទុយពីអ្នកមិនសូវជោគជ័យគឺ ពួកគេនៅតែបន្តច្នៃប្រឌិត និងរកបញ្ហាមកដោះស្រាយជាបន្តបន្ទាប់។ ដើម្បីធ្វើជាអ្នកដឹកនាំគេ អ្នកត្រូវតែព្យាយាមកែច្នៃនិងបង្កើតរបស់ថ្មីតាមវិធីខុសប្លែកគ្នា ឫស្វែងរកបញ្ហាដែលអ្នកផ្សេងគេចវេសយកមកដោះស្រាយ។ ជាងនេះទៅទៀត នៅពេលដែលអ្នកស៊ាំនិងការដោះស្រាយបញ្ហា អ្នកនឹងមិនចុះចាញ់ចំពោះឧបសគ្គដោយងាយ ហើយអ្វីៗនឹងកាន់តែប្រសើរឡើងផងដែរ។

ការមានភាពច្នៃប្រឌិតនឹងជួយអ្នកឱ្យរកឃើញដំណោះស្រាយសមស្របនៅពេលមានបញ្ហារអាក់រអួលកើតឡើងក្នុងមុខជំនួញរបស់អ្នក ហើយអ្នកក៏អាចមើលឃើញឱកាសដែលអ្នកដទៃមើលមិនឃើញ ឫក៏អាចចាប់យកផលចំណេញរហ័សជាងពួកគេ។

ចេះបត់បែន

មនុស្សជោគជ័យភាពច្រើនដឹងពីរបៀបផ្លាស់ប្តូរឥរិយាបថទៅកាន់អ្នកដទៃ និងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ។ ធ្វើជាអ្នកដឹកនាំដ៏ល្អ អ្នកក៏ចាំបាច់ចេះបត់បែនទៅតាមស្ថានភាព ពីព្រោះអ្នកត្រូវធ្វើការជាមួយមនុស្សខុសៗគ្នាជាច្រើន។ មិនត្រឹមតែប៉ុណ្ណេះ អ្នកដឹកនាំល្អក៏មានសមត្ថភាពឆាប់យល់ពីអារម្មណ៍អ្នកដទៃ និងដឹងពីអ្វីដែលពួកគេចង់បាន។

បើសិនជាអ្នកបើកអាជីវកម្មមួយ ហើយចង់ឱ្យមានការចូលរួមផ្នែកហិរញ្ញវត្ថុពីវិនិយោគិន អ្នកត្រូវតែសម្តែងឱ្យពួកគេមើលថា អ្នកគឺជាមនុស្សបើកចិត្តទូលាយទទួលយកយោបល់និងគំនិតផ្សេងៗពីពួកគេ ថែមទាំងរៀនជំនាញថ្មីៗដោយស្ម័ក្រចិត្ត។ អ្នកវិនិយោគក៏រកមើលសហគ្រិនណាដែលចូលចិត្តរៀនសូត្រ និងហ៊ានសារភាពនៅពេលដែលមានកំហុស និងហ៊ានទទួលស្គាល់គំនិតល្អៗពីមនុស្សដែលពូកែជាងខ្លួន៕

ប្រភព៖ powerhomebiz

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕