អត្តចរិតទាំង៨របស់អ្នកជំនួញពូកែ

1057

១. ជាអ្នកដឹកនាំ៖ អ្នកជំនួញគឺជាអ្នកពូកែក្នុងការដឹកនាំ ជាអ្នកដែលហ៊ានប្រឈមមុខនឹងបញ្ហាដែលមនុស្សភាគច្រើនរាថយ យើងជានិច្ចកាលតែងតែនាំមកនូវដំណោះស្រាយដ៏ល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះគាត់មានជំនាញក្នុងការទំនាក់ទំនងទៅកាន់អ្នកនៅថ្នាក់ក្រោម ហើយថែមទាំងទទួលបានការកោតខ្លាចពីពួកគេទៀតផង។ អ្នកអាចដឹងថាខ្លួនឯងមានអត្តចរិតជាអ្នកដឹកនាំបាន ដោយសង្កេតមើលថាពេលមានបញ្ហាត្រូវដោះស្រាយតើមានគេមករកអ្នកអោយជួយ ឬផ្ដល់គំនិតអោយគេដែរឬទេ?

 

២. ធ្វើការដោយមិនចាំបាច់គេប្រាប់៖ គ្មាននរណាម្នាក់អាចប្រែក្លាយខ្លួនអោយជោគជ័យបាន ដោយចាំតែអង្គុយអោយគេប្រាប់ថាធ្វើអ្វីនោះទេ។ ពួកគេមិនរួញរានឹងបញ្ហាភាគច្រើន ហើយតែងតែស្វែងរកគន្លឺះដោះស្រាយជាច្រើនទោះបីជាពេលខ្លះវាមិនអាចដោះស្រាយបានក៏ដោយ។ គោលដៅសំខាន់របស់ពួកគេគឺត្រូវតែសម្រេចអោយបានគោលដៅនីមួយៗដែលបានកំណត់ជាមុនសិន មុននឹងសម្រាក។ 

៣. សីលធម៌ល្អ៖ អ្នកប្រើល្បិចក្នុងការរកស៊ីអាចបានផលប្រយោជន៍មែន តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្ដែសម្រាប់អ្នកគិតវែងឆ្ងាយគឺគេមិនចង់លក់ផ្លូវឡើយ។ ការរកស៊ីស្មោះត្រង់គឺមិនត្រឹមតែអាចអោយគេរកបានដៃគូរជំនួញល្អទេ ថែមទាំងអាចបង្កើតមិត្តភាពក្រៅជំនួញបានយូរអង្វែងផងដែរ។ បន្ថែមពីនេះពួកគេមិនមែនចេះតែដើរទម្លាក់កំហុសដាក់គេឯងឡើយ គឺពួកគេតែងតែទទួលខុសត្រូវចំពោះកំហុសឆ្គងណាដែលខ្លួនឬក្រុមការងារបានបង្កើតឡើង។ 

៤. ហ៊ានប្រថុយ៖ ពួកគេសាកល្បងនូវអ្វីដែលថ្មីនៅក្នុងការរកស៊ី ប៉ុន្តែមិនមែនមានន័យថាគេធ្វើដោយគ្មានទិសដៅឡើយ។ មុននឹងហ៊ានដាក់ទុនធ្វើអ្វីមួយគឺគេតែងតែគិតបានល្អិតល្អន់បំផុត ហើយបន្ទាប់មកគេនឹងប្រឹងអោយអស់ពីលទ្ធភាពដើម្បីធ្វើវាអោយបានល្អ។ ប៉ុន្ដែមិនមែនរាល់គំនិតរកស៊ីទាំងនោះសុទ្ធតែដំណើរការទេ ទោះបីជាមានការគិតគូរមុនយ៉ាងណាក៏ដោយ ។ចំនុចនេះបែងចែកដាច់រវាងមនុស្សធម្មតា និងអ្នកជំនួញជោគជ័យ។ ពេលបរាជ័យម្ដងឬពីរដងអ្នកធម្មតាតែងតែបោះបង់ការរកស៊ីចោលហើយទៅធ្វើការងារដូចមុន តែសម្រាប់អ្នកជោគជ័យគេមិនងាយបាក់ទឹកចិត្តឡើយ។ 

៥. ជាអ្នកបង្កើតថ្មី៖ ជានិច្ចកាលពួកគេតែងតែបង្កើតនូវគំនិតរកស៊ីថ្មីៗ ឬកែលម្អគំនិតចាស់អោយកាន់តែល្អ។ ពួកគេមិនខ្លាចការផ្លាស់ប្ដូរក្នុងពិភពជំនួញ និងការនិយមចូលចិត្តថ្មីរបស់អតិថិជន ហើយអាចសម្របខ្លួនទៅតាមបាន។ ជាឧទាហរណ៍ ដូចជាការបង្កើតកម្មវិធីហៅឡានតាក់ស៊ី របស់ Uber ឬ PassApp នៅប្រទេសកម្ពុជាយើងជាដើម។

៦. យល់ដឹងច្រើន៖ ហេតុផលដែលធ្វើអោយគេដឹងច្រើនគឺដោយសារតែគេហ៊ានសួរពីអ្វីដែលគេមិនធ្លាប់ចេះ និងដាក់ខ្លួនមិនធ្វើជាអ្នកចេះដឹងជាងអ្នកដទៃ។ ក្រៅពីនេះពួកគេទាំងអស់គ្នាសុទ្ធតែជាអ្នកចូលចិត្តអានសៀវភៅដែលទាក់ទងនឹងជំនួញ ឬទាក់ទងនឹងប្រធានបទដែលមានប្រយោជន៍សម្រាប់ការរស់នៅ។ 

៧. ចូលចិត្តប្រកួតប្រជែង៖ នេះជាអត្តចរិតរបស់អ្នកជោគជ័យទាំងអស់។ គេត្រៀមខ្លួនជានិច្ចព្រោះគេដឹងថាក្នុងពិភពជំនួញគឺជាសង្គ្រាមដែលទាមទារអោយមានការត្រៀមខ្លួនអោយបានល្អ។ ហើយដើម្បីអោយខ្លួនមានប្រៀបជាងដៃគូរប្រកួតគឺគេតែងតែបង្កើនចំណេះដឹងល្អៗ និងនាំយកនូវគំនិតរកស៊ីថ្មីៗដែលដៃគូរមិនទាន់មាន។ 

៨. ទំនាក់ទំនង៖ អ្នកជំនួញដឹងថាទំនាក់ទំនងជាមួយអ្នកជំនួញដទៃទៀតគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះយើងមិនដឹងថាទៅថ្ងៃអនាគតយើងអាចនឹងត្រូវការគេដើម្បីសហការគ្នារកស៊ី ឬជួយក្នុងបញ្ហាណាមួយ។ ដូចនេះអ្នកជោគជ័យសុទ្ធតែពូកែខាងការបង្កើតនូវមិត្តភាព និងរក្សាទុកនូវមិត្តភាពនោះអោយបានយូរអង្វែង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។