90 ថ្ងៃនៃការចេញរកស៊ីដោយខ្លួនឯងដំបូង របស់និស្សិតឆ្នាំទីបីម្នាក់នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

19295

ដំណើរការបើកអាជីវកម្មជាប់ពាក់ព័ន្ធនិងជំហានយុទ្ធសាស្រ្តជាច្រើនរាប់ចាប់ពីការរើសឈ្មោះអាជីវកម្មរហូតដល់ការជ្រើសរើសយកប្រភេទអាជីវកម្ម។ នៅពេលដែលអាជីវកម្មមួយអាចឈរជើងបាន 90 ថ្ងៃដំបូង វាគឺអាចរាប់ថាជាដំណាក់កាលជោគជ័យមួយនៃការចាប់ផ្តើម។ ថ្ងៃនេះគេហទំព័រ អប្បមាទ សូមលើកយកការចាប់ផ្តើមអាជីវកម្មអនឡាញខ្នាតតូចមួយនៅទីក្រុងភ្នំពេញដែលទើបនិងដំណើរការបាន 90 ថ្ងៃនៃការចាប់ផ្តើមដំបូង។

Jueor គឺជាហាងលក់គ្រឿងសម្អាងមួយដែលលក់ផលិតផល Original នាំយកពីប្រទេសបារាំង និងអាមេរិច ហើយលក់នៅលើ Facebook និង Instagram ដែលមានម្ចាស់ជានិស្សិតឆ្នាំទីបីផ្នែកគ្រប់គ្រងពានិជ្ជកម្ម នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា គឺកញ្ញា ឆៀវ ផល្លីន។ ក្នុងការសំម្ភាស៍ជាមួយ apamat.com កញ្ញាបានចែករំលែកបទពិសោធន៍ និងរបៀបនៃការចាប់ផ្តើមការរកស៊ីដែលទើបនិងបានជាង 90 ថ្ងៃថា៖

ចាប់យកអតិថិជនដំបូង

វាមិនអាចក្លាយជាអាជីវកម្មមួយបានឡើយ បើអ្នកមិនមានអតិថិជន។ ប្រសិនបើអ្នកចាប់ផ្តើមដំបូង ហើយមិនទាន់មានអតិថិជនស្គាល់ច្រើន អ្នកអាចចាប់ផ្តើមតាមវិធីមួយគឺព្យាយាមលក់ឲ្យមនុស្សដែលអ្នកស្គាល់ដូចជាមិត្តរួមថ្នាក់ មិត្តភ័ក្រដែលអ្នកស្គាល់ សាច់ញាតិ និងមនុស្សដែលចង់ឃើញអ្នកជោគជ័យផ្សេងទៀត។

បណ្តុះជំនាញលក់

ការលក់គឺជាគន្លឹះដែលនាំឲ្យអាជីវកម្មបានជោគជ័យ។ ខ្វះបទពិសោធន៍លក់ ជាបញ្ហាប្រឈមមួយដែលអ្នកចាប់ផ្តើមចេញរកស៊ីដំបូងភាគច្រើនជួប។ សម្រាប់កញ្ញា ផល្លីន នាងបានចំណាយពេលយ៉ាងទៀងទាត់ដើម្បីរៀនពីវិធីលក់ថ្មីៗ នាងបានបញ្ជាក់ថានាងក៏ជាអ្នកគាំទ្រគេហទំព័រ apamat.com និងបានរៀនពីគេហទំព័រមួយនេះច្រើនផងដែរ។  

បង្កើតប្រាក់ចំណេញ

ប្រាក់ចំណេញគឺជាធាតុមួយសំខាន់ បើសិនជាមិនមានការចំណេញទេ អាជីវកម្មនិងដួល។ ការយល់ពីថ្លៃដើមទំនិញ និងការគ្រប់គ្រងវាកុំឲ្យឡើងខ្ពស់ ឬប្រែប្រួលលឿនពេក អាចជួយឲ្យយើងផ្តោតអារម្មណ៍បានល្អជាមួយនិងការរកប្រាក់ចំណូល។ សម្រាប់ការរកស៉ីដូចជាង Jueor ប្រាក់ចំណេញគឺបានមកពីការវិនិយោគលើការស្តុកទំនិញ និងចំណូលរៃរងផ្សេងទៀត។ កញ្ញាបានផ្តល់យោបល់ថា ទោះបីជារកស៊ីរបរតូចតាចក៏ដោយ ការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុគឺជារឿងសំខាន់ ប្រសិនបើអ្នកចង់ធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែធំ។

វាយតម្លៃ តម្លៃលក់ចេញ

នៅពេលចាប់ផ្តើមរកស៊ីដំបូង អ្នកត្រូវកំណត់តម្លៃដែលត្រូវលក់ទៅឲ្យអតិថិជន និងទុកគម្លាតប៉ុន្មានសម្រាប់ចំណេញ។ ក្នុងរយៈពេល 90 ថ្ងៃនៃការដំណើរការដំបូង និងបង្ហាញថាអ្នកមានសមត្ថភាពប៉ុណ្ណានៅក្នុងការប្រឡូកចូលក្នុងទីផ្សារជាក់ស្តែង។ កញ្ញាបានបញ្ជាក់ថា វាមានការលំបាកខ្លាំងដែរនៅពេលដំបូង ព្រោះមានគូរប្រជែងច្រើន ប៉ុន្តែដោយសារបានប្រឹក្សាយោបល់ និងការជួយពី APAMAT TEAM ទើបបានរលូនជាងមុន។ 

កំណត់គោលដៅរាល់បីខែម្តង

ការចេញរកស៉ីដំបូង គឺត្រូវចំណាយពេលធ្វើការច្រើន និងមានរឿងពិបាកៗច្រើនដែលមិនធ្លាប់ជួប។ អ្នកគួរតែមានគោលដៅជាដំណាក់កាលៗដើម្បីសម្រេច និងដើម្បីជាកម្លាំងចិត្តជម្រុញឲ្យសម្រេចគោលដៅបន្ទាប់ទៀត។ កញ្ញាបាននិយាយថា “សម្រាប់ Jueor ខ្ញុំមានគោលដៅធ្វើឲ្យវាធំ ហើយកំឡុងពេលនេះខ្ញុំកំពុងសិក្សាអំពីវា។” 

រកឲ្យឃើញថាអ្នកស្ថិតក្នុងសហគ្រិនប្រភេទណា 

ប្រសិនបើអ្នកស្គាល់ខ្លួនឯងកាន់តែច្រើនក្នុងអាជីវកម្មរបស់អ្នក បន្ទាប់មកអ្នកអាចដឹងថាធ្វើបែបណាដើម្បីឲ្យអាជីវកម្មក្លាយជាផ្នែកសំខាន់ណាមួយក្នុងជីវិតរបស់អ្នក។

ផ្តល់រង្វាន់ឲ្យខ្លួនឯង

ការចាប់ផ្តើមរកស៊ីដំបូង គឺដូចជាការរៀបចំបង្ហោះគ្រាប់រ៉ុកកែតទៅអវកាសអញ្ចឹង។ ថាមពលដែលមានទាំងប៉ុន្មាន គឺត្រូវប្រើដើម្បីរុញគ្រាប់រ៉ុកកែតឲ្យផុតពីទំនាញផែនដី។ ការចាប់ផ្តើមរកស៊ីក៏ដូចគ្នា គឺត្រូវប្រើកម្លាំងដែលមានទាំងប៉ុន្មានខំធ្វើការដើម្បីឲ្យអាជីវកម្មរបស់យើងអាចដំណើរទៅបាន ឬក៏ត្រូវបោះបង់ចោល ប៉ុន្តែការខំខុសកន្លែងគឺជារឿងមួយផ្សេងប្រៀបបានដូចជាការបង្ហោះគ្រាប់រ៉ុកកែតបរាជ័យដោយសារតែរៀបចំដំណើរការមិនបានល្អដូច្នេះដែរ។ ច្បាស់ណាស់វានិងធ្វើឲ្យយើងហត់ ប៉ុន្តែបន្ទាប់ពីជោគជ័យយើងអាចចំណាយពេលខ្លះសម្រាប់ផ្តល់រង្វាន់ដល់ខ្លួនឯង។

ចុងក្រោយកញ្ញាផល្លីន បានថ្លែងថា “ពេលវេលានិងប្រាប់អ្នកពីរឿងត្រឹមត្រូវដែលអ្នកធ្វើ ហើយនិងកំហុសដែលអ្នកសាង។ ប្រសិនបើអ្នកមានបញ្ហាច្រើនក្នុងរយៈពេលដំណើរការ 90 ថ្ងៃដំបូង អ្នកត្រូវពិនិត្យមើលគម្រោងរបស់អ្នកឡើងវិញ”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។