នៅកម្ពុជាមានគំនិតចាស់កម្រិលមួយដែលសល់តាំងពីបុរាណតដល់ក្មេងៗសម័យនេះទៀត ដែលគេតែងតែនិយាយថា “មានតែគំនិតតែគ្មានលុយ ធ្វើអ្វីក៏មិនកើត” ថ្ងៃនេះ apamat.com សូមបកស្រាយគំនិតសុញមួយនេះដល់អ្នកអានរបស់យើងទាំងអស់គ្នា។ 

ស្រុកខ្មែរក្នុងពេលបច្ចុប្បន្ន នៅពេលដែលមានយុវវ័យក្មេងៗធ្វើកិច្ចការអ្វីមួយអស្ចារ្យ  ដូចជាអាចបង្កើតជំនួញធំមួយបានដោយខ្លួនឯង មនុស្សជាច្រើនគិតថា មកពីគ្រួសារគេមានស្រាប់ មានអ្នកជួយពីក្រោយ រកស៊ីខុសច្បាប់ ឬគំនិតអវិជ្ជមានមកលើគេភ្លាម។ ទាំងនេះហើយដែលជាទំលាប់អាក្រក់មួយដែលសង្គមខ្មែរបង្ករឡើងដោយខ្លួនឯង មិនព្រមមើលពិភពលោកខាងក្រៅថាគេមានគំនិតច្នៃប្រឌិតថ្មីៗដល់ណា។ 

ក្មេងៗមួយចំនួន និយាយថាគាត់មានគំនិត តែអត់មានលុយ ធ្វើអីក៏មិនចេញ។ មូលហេតុអាចថា ទីមួយគឺ គាត់គិតអ្វីស្រួលពេក(ចង់ចាប់ផ្តើមធំយកតែម្តង)  ទីពីរគឺ គាត់មិនដឹង-មិនចេះ ទីបីគឺ គាត់យល់ថាលុយសំខាន់ខ្លាំងពេក និងទីបួនគឺ គាត់ចង់បានជោគជ័យលឿនពេករហូតភ្លេចគិតដំណាក់កាលតូចៗដំបូងៗដែលត្រូវដោះស្រាយ។ ខាងក្រោមនេះខ្ញុំនិងប្រាប់អ្នកថា បើមានគំនិត ហើយអត់មានលុយ គឺត្រូវរកវិធីរកលុយ មិនមែនអត់លុយហើយមិនធ្វើអ្វីសោះ ចាំលុយធ្លាក់ពីលើមេឃនោះទេ។

១. បើអត់លុយ អ្នកអាចទៅធ្វើការឲ្យគេដើម្បីសន្សំលុយ

វិធីនេះមានអ្នកអនុវត្តន៍ច្រើន ឧបមាថាអ្នកមានគំនិតចង់បើកអាជីវកម្មមួយដោយចំណាយទុន $3,000 ដូច្នេះអ្នកត្រូវទៅរកការងារធ្វើសន្សំប្រាក់ខែ ប៉ុន្តែប្រាក់ខែបានតិច ឬច្រើន និងរយៈពេលយូឬឆាប់ ទម្រាំគ្រប់ $3,000 គឺអាស្រ័យលើសមត្ថភាពរបស់អ្នក។

២. បង្កើតគម្រោងទីពីរ

ឧបមាថាអ្នកចង់បើកអាជីវកម្មដែលចាយទុន $3,000 ដូចខាងលើ ហើយអ្នកមិនចង់ធ្វើការឲ្យគេ អ្នកអាចរកវិធីសន្សំទុនផ្សេងទៀត គឺរកស៊ីមុខរបរតូចៗដែលអាចរកចំណូលបានខ្ពស់ដូចជាលក់ផលិតផល (Trade products) លក់ឥវ៉ាន់លើអនឡាញ បើកមុខរបរដែលចំណាយទុនតិចល្មមលទ្ធភាព ឬផ្តល់សេវាកម្មដែលអ្នកចេះ។ 

៣. លក់ភាគហ៊ុនឲ្យអ្នកដទៃ

នេះគឺជាវិធីមួយដែលមិនសូវមានអ្នកស្គាល់ ព្រោះវាត្រូវការឲ្យយើងយល់ដឹងអំពីការគ្រប់គ្រងភាគហ៊ុន ប្រព័ន្ធគណនី និងច្បាប់ពាណិជ្ជកម្មមួយចំនួន។ ប៉ុន្តែមិនថ្វីទេ apamat.com និងប្រាប់អ្នក។ ឧបមាថា អ្នកមានគំនិតបើកអាជីវកម្មមួយ តែគ្មានលុយ (ត្រង់នេះអាចគ្មានសោះ ឬមានតិច) អញ្ចឹងអ្នកអាចសរសេរគម្រោង រៀបចំគម្រោងប្រតិបត្តិការ យុទ្ធសាស្រ្តរកប្រាក់ចំណេញ ភាពខ្លាំងនៃគំនិតអាជីវកម្ម និងរឿងសំខាន់ផ្សេងទៀតដើម្បីទុកយកទៅបញ្ចុះបញ្ជូលអ្នកវិនិយោគ។ បន្ទាប់មក ឧទាហរណ៍ថាអ្នកបង្កើតភាគហ៊ុនសរុបដំបូងស្មើរ 1,000 ហ៊ុន រួចហើយអ្នកត្រូវទៅរកអ្នកដែលអាចទិញភាគហ៊ុនរបស់អ្នកបានដូចជាគ្រួសារ មិត្តភក្តិ ឬមនុស្សដែលទុកចិត្តអ្នកផ្សេងទៀត ហើយអ្នកកំណត់តម្លៃភាគហ៊ុនរបស់អ្នកថាវាមានតម្លៃប៉ុន្មានក្នុងមួយហ៊ុន (តើតម្លៃនោះត្រូវបានកំណត់ដោយផ្អែកលើកត្តាអ្វី?) ឧបមាថាអ្នកកំណត់មួយភាគហ៊ុនមានតម្លៃ $3 ដូច្នេះមានន័យថាទុនសរុបស្មើរ $3,000 (1,000 ហ៊ុន x $3) ហើយអ្នកមានលុយផ្ទាល់ខ្លួន $300 ដូច្នេះអ្នកអាចទិញយកភាគហ៊ុនទុកជាកម្មសិទ្ធ 100 ហ៊ុន ស្មើរនឹង 10%។ នៅសល់ភាគហ៊ុន 900 ហ៊ុនទៀតអ្នកត្រូវលក់ចេញឲ្យអស់ដើម្បីបានទុនគ្រប់ $3,000 ប៉ុន្តែបន្ទាប់ពីរកបានអ្នកទិញហើយ អ្នកត្រូវបំពេញភាពស្របច្បាប់ដូចជាចុះបញ្ជីក្រុមហ៊ុន និងចុះបញ្ជីឈ្មោះម្ចាស់ភាគហ៊ុនជាដើម (អ្នកអាចប្រឈមមុខនឹងផ្លូវច្បាប់ក្នុងការលក់ភាគហ៊ុនជាសាធារណៈ មិនមានច្បាប់អនុញ្ញាតិ បើអ្នកមិនព្រមទៅចុះបញ្ចីត្រឹមត្រូវ ប៉ុន្តែបើអ្នកចង់ធ្វើស្ងាត់ៗត្រូវទទួលខុសត្រូវចំពោះហានិភ័យនានាដោយខ្លួនឯង)។ សូមបញ្ជាក់ថា ប្រសិនបើអ្នកចង់ប្រើវិធីនេះ អ្នកត្រូវមានទំនុកចិត្តខ្ពស់ក្នុងការដើររកអ្នកដែលអាចទិញភាគហ៊ុនរបស់អ្នក ហើយប្រសិនបើអ្នកមានប្រវត្តិមិនល្អ ចេះមិនប្រាកដ ធ្វើការមិនច្បាស់លាស់ និងមិនគួរឲ្យទុកចិត្ត អ្នកប្រហែលជាមិនអាចរកអ្នកដែលព្រមដាក់លុយជាមួយអ្នកបានទេ។

៤. រកដៃគូរួមសហការ ឬបង្កើតក្រុម

វិធីនេះស្រដៀងវិធីខាងលើ ប៉ុន្តែស្រួលជាង។ ឧបមាថាអ្នកមានគំនិត តែអត់លុយ អញ្ចឹងអ្នកអាចទៅរកមិត្តភ័ក្រដែលទុកចិត្តអ្នក ហើយមានលុយ។ ចរចាជាមួយពួកគេ និយាយរៀបរាប់ពីផលប្រយោជន៍ដែលពួកគេនឹងទទួលបានពីការវិនិយោគប្រាក់ជាមួយអ្នក។ អ្នកមានគំនិត និងជាអ្នកទទួលខុសត្រូវក្នុងប្រតិបត្តិការដឹកនាំអាជីវកម្មនោះ អញ្ចឹងទោះអ្នកគ្មានលុយ ក៏អ្នកត្រូវមានចំណែកខ្លះដែរ អ្នកគួរចរចាទាមទារចំណែកមួយដែលសាកសម្យនិងការចំណាយពេលវេលា និងកម្លាំងធ្វើ។ នេះនិយាយក្នុងលក្ខខណ្ឌដែលគម្រោងអាជីវកម្មរបស់អ្នកល្អអាចទុកចិត្តបាន គំនិតអាជីវកម្មមានអ្វីពិសេស ដែលអាចឲ្យគេចង់ដាក់ទុនជាមួយអ្នក។

៥. ខ្ចីធនាគារ

បើអ្នកមិនចង់វិនិយោគពេលវេលាធ្វើការឲ្យគេដើម្បីសន្សំទុន មិនដាក់ខ្លួនរកស៊ីតូចៗដើម្បីសន្សំទុន មិនអាចរកអ្នកវិនិយោគលុយជាមួយអ្នកបាន នៅមានវិធីមួយទៀតគឺទៅរកខ្ចីធនាគារ។ ខ្ចីធនាគារអ្នកត្រូវមានទ្រព្យបញ្ចាំ បើចង់បានអត្រាការប្រាក់ទាប។ បើអ្នកគ្មានអ្វីបញ្ចាំ អាចទៅរកធនាគារដែលគេផ្តល់កម្ចីបើកអាជីវកម្ម ដោយតម្រូវឲ្យអ្នកមានតែគម្រោងអាជីវកម្មយកទៅឲ្យគេមើលប៉ុណ្ណោះ ប៉ុន្តែទំហំសាច់ប្រាក់ដែលគេអាចឲ្យអ្នកខ្ចី គឺអាស្រ័យលើការវាយតម្លៃគម្រោង និងសមត្ថភាពរបស់អ្នក។ វិធីនេះមានហានិភ័យជាងវិធីទី ៣ និងទី ៤ ព្រោះវិធីទាំងពីរខាងលើ បើខាតគឺខាតទាំងអស់គ្នា បើចំណេញ ចំណេញទាំងអស់គ្នា ប៉ុន្តែបើខ្ចីធនាគារ ទោះខាត ឬចំណេញក៏អ្នកត្រូវសងទៅធនាគារវិញដែរ។

សូមបញ្ជាក់ថា វិធីដែលយើងរៀបរាប់ខាងលើនេះ គឺគ្រាន់តែជាវិធីមួយចំនួនដែលអ្នកអាចយកទៅប្រើការបានប៉ុណ្ណោះ ហើយយើងសុទ្ធតែធ្លាប់ប្រើវិធីទាំងនេះជាក់ស្តែងរួចអស់ហើយ មិនមែនចេះតែសរសេរប្រាប់អ្នកនោះទេ។ ប៉ុន្តែប្រើការកើត ឬមិនកើតគឺពឹងលើសមត្ថភាព និងការព្យាយាមរបស់អ្នក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។