ហេតុអ្វីអ្នកខ្លះរកស៊ីមិនបានជោគជ័យល្អ?

612

 

គ្មាននរណាចង់រកស៊ីខាតទេ តែជាក់ស្ដែងមានមនុស្សមួយចំនួនរកស៊ីបរាជ័យហើយមិនដឹងថាខ្លួនមានចំនុចខ្វះខាតត្រង់ណាទេ។ ខាងក្រោមនេះគឺជាការវិភាគពីមូលហេតុដែលជាទូទៅនាំអោយមុខជំនួញមួយចំនួនបរាជ័យ។ 

១. ចង់រកស៊ីដើម្បីតែរកលុយ៖ ការពិតណាស់ការរកស៊ីគឺដើម្បីរកលុយអោយបានច្រើន មានផ្ទះនៅ មានឡានជិះ និងដើម្បីអោយក្រុមគ្រួសាររស់នៅបានស្រួល មានប្រាក់គ្រប់គ្រាន់ដើម្បីមិនបាច់ខ្វល់ខ្វាយពេលចាស់ទៅ។ តែព្រោះតែលុយមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បីអោយយើងអាចតស៊ូនឹងឧបសគ្គបានយើងក៏ត្រូវមានកម្លាំងចិត្តខ្ពស់ និយាយរួមគឺត្រូវតែមានហេតុផលអ្វីក្រៅពីវត្ថុរូបីដូចជាលុយកាក់ ផ្ទះឡាន ដូចជាដើម្បីអោយអ្នកដែលតែងតែថាយើងធ្វើអ្វីមិនកើតមើលឃើញពីជោគជ័យរបស់យើង ដើម្បីអោយឪពុកម្ដាយមានមោទនភាព…។ ឧទាហរណ៍លោក Patrick bet David ដែលជា CEO របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅអាមេរិចបាននិយាយថា គោលដៅដែលគាត់ប្ដេជ្ញាចិត្តថានឹងរកស៊ីអោយបានជោគជ័យមិនមែនដើម្បីលុយជាធំនោះទេ តែដើម្បីអាចមានលទ្ធភាពមើលថែឪពុករបស់គាត់ដែលមានជម្ងឺប្រចាំខ្លួន។ បើដើម្បីតែលុយមែន ពេលរកស៊ីបានល្មមហើយអ្នកអាចនឹងបាត់បង់ចិត្តពុះកញ្ច្រោលក្នុងការរកស៊ី ហើយគិតថាសព្វថ្ងៃនេះខ្លួនមានសមល្មមហើយមិនចាំបាច់ប្រឹងទៀតទេ។ 

២. ការគ្រប់គ្រងមិនល្អ៖ អ្នករកស៊ីមួយចំនួននៅស្ទើរខាងផ្នែកគ្រប់គ្រងលុយកាក់ បុគ្គលិក ឬទំនិញចេញចូល។ បើយើងមិនដឹងថាតើផ្នែកណាមួយនៃការរកស៊ីយើងមិនល្អ នោះភាគរយបរាជ័យច្រើន។ ពេលខ្លះនៅពេលរកស៊ីបានគ្រាន់បើបន្ដិចបន្ដួច បែរជាប្រលែងដៃមិនសូវនៅគ្រប់គ្រងបានច្រើនដូចមុន ហើយចេះតែបណ្ដោយអោយគេមើលជំនួស។ 

៣. ដើមទុនស្ទើរ៖ ពេលចាប់ផ្ដើមរកស៊ីយើងមានលុយគ្រប់សម្រាប់តែចាប់ផ្ដើមប៉ុន្ដែមិនមានលុយទុកសម្រាប់ការចំនាយឬការខាតទេ។ មុខជំនួញភាគច្រើនត្រូវការពេលយ៉ាងតិចបំផុតមួយឆ្នាំដើម្បីអាចរកផលចំនេញបាន។

៤. ទីតាំង៖ វាក៏សំខាន់ដែរប្រសិនបើយើងមិនចេះរើសទីតាំងនោះការរកស៊ីយើងក៏មិនល្អប៉ុន្មានដែរ។ ទោះបីជាអាជីវកម្មយើងមានការគ្រប់គ្រងបានល្អយ៉ាងណាក៏ដោយប្រសិនបើមិនមានទីតាំងល្អនោះការរកស៊ីប្រាកដជាចាញ់អាជីវកម្មមិនជាល្អណាស់ណាតែមានទីតាំងល្អ។ ឧទាហរណ៍ ប្រសិនបើចង់លក់ម្ហូបអាហារគួរតែមានទីតាំងនៅក្នុងក្រុង ឬនៅក្នុងទីប្រជុំជន មិនអាចទៅលក់នៅដាច់ស្រយ៉ាលបានទេ ប៉ុន្ដែបើកន្លែងនោះមានអាកាសធាតុល្អ មានទីតាំងធំទូលាយ ពេលខ្លះឆ្ងាយបន្ដិចក៏មិនអីដែរ។ 

៥. គ្មានផែនការច្បាស់លាស់៖ ពេលខ្លះបរាជ័យដោយសារខ្វះផែនការជំនួញដែលក្នុងនោះមានដូចជាការរៀបរាប់ល្អិតល្អន់ពីការរកស៊ី គោលដៅនៃជំនួញរបស់យើង និងចក្ខុវិស័យសម្រាប់ពេលអនាគត។ ក្រៅពីនេះក៏មានដែរនូវការវិភាគអំពីទីផ្សារដែលយើងកំពុងដែលស្ថិតនៅ វិភាគពីដៃគូរប្រកួតប្រជែង ការរៀបចំហិរញ្ញវត្ថុ និងការធ្វើទីផ្សារជាដើម។ ទាំងនេះគឺសុទ្ធជាអ្វីដែលយើងអាចរកឃើញនៅក្នុងជំនួញដែលដំណើរការល្អ។ 

៦. គ្មានប្រព័ន្ធបណ្ដាញសង្គម៖ ពេលខ្លះគេមិនសូវស្គាល់អាជីវកម្មយើងដោយសារតែគេមិនអាចរកបាននៅតាម facebook ឬបណ្ដាញសង្គមផ្សេងទៀត។ សម្រាប់អាជីវកម្មដែលគេរកស៊ីយូរហើយ មានម៉ូយច្រើន និងមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើទីផ្សារឬផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយតាមបណ្ដាញសង្គមមិនជាចាំបាច់ខ្លាំងទេ។ តែបើយើងទើបតែចេញរកស៊ីយើងគួរតែមានបណ្ដាញសង្គម ដូចជា facebook ជាដើមដើម្បីជួយផ្សព្វផ្សាយផលិតផលឬសេវារបស់យើង ព្រោះវាចំនាយលុយតិចជាង និងមានមនុស្សច្រើនគួរសមដែរប្រើកម្មវិធីទាំងនោះប្រចាំថ្ងៃ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។