នៅពេលដែលអ្នកចង់សម្រេចចិត្តរកស៊ីជាមួយសមាជិកគ្រួសារខ្លួនឯង វាគឺជាពេលល្អមួយ ប៉ុន្តែវាក៏អាចបង្ករឿងមិនល្អនៅក្នុងគ្រួសាររបស់អ្នកក្នុងពេលខាងមុខផងដែរ។ ខ្ញុំសូមផ្តល់ដំបូន្មានថា ទោះជាបងប្អូនក៏ដោយ អ្នកដទៃក៏ដោយ អ្នកគួរតែមានរបៀបធ្វើការ និងទំនាក់ទំនងមួយជាលក្ខណៈស្តង់ដារ ហើយបែងចែករវាងកិច្ចការក្នុងអាជីវកម្ម និងទំនាក់ទំនងគ្រួសារឲ្យដាច់ដោយឡែកពីគ្នា ជៀសវាងការបែកបាក់ណាមួយនៅក្នុងគ្រួសារដោយសារតែមិនបានជជែកគ្នាទុកជាមុនរាល់ហេតុការណ៍ប្រឈមដែលមិនអាចព្រៀងទុកនាពេលអនាគត។ ខាងក្រោមនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតអាជីវកម្មរួមគ្នាជាមួយសមាជិកគ្រួសារខ្លួនឯង។

គុណសម្បត្តិ

១. ដោយសារតែជាគ្រួសារតែមួយ មានទំនាក់ទំនងក្នុងគ្រួសារល្អ និងការរួមសហការគ្នា គឺជាកម្លាំងចិត្តយ៉ាងមុតមាំក្នុងការធ្វើឲ្យអាជីវកម្មមានភាពប្រកួតប្រជែងជាមួយអាជីវកម្មដទៃទៀត។

២. ការព្រួយបារម្មណ៍ពីគ្នា មានភាពកក់ក្តៅជាងធ្វើការជាមួយមនុស្សដទៃ។

៣. មានសមាជិកក្នុងគ្រួសារខ្លួនឯងកាន់កាប់ចំណែកកម្មសិទ្ធអាជីវកម្ម។

៤. បរិយាកាសធ្វើការមានភាពល្អប្រសើរ ដោយសារអ្នកមានភាពចុះសម្រុងជាមួយមនុស្សជុំវិញអ្នកស្រាប់ និងមិនមានសម្ពាធ។

៥. អាចបង្កើតបានជាអាជីវកម្មតជំនាន់ គ្រប់គ្រងពីជំនាន់មួយទៅជំនាន់មួយ ក្នុងរង្វង់គ្រួសារតែមួយ។

៦. ងាយស្រួលក្នុងការចាប់ផ្តើម ព្រោះបើជាមួយអ្នកដទៃអ្នកត្រូវការពេលចាប់តាំងពីការចរចាចុះកិច្ចសន្យា និងមានភាពយឺតយ៉ាវជាច្រើនទៀតទម្រាំអាចដំណើរការអាជីវកម្មបាន ប៉ុន្តែបើជាមួយសមាជិកគ្រួសារខ្លួនឯង មានភាពងាយស្រួល និងលឿនជាង។

គុណវិបត្តិ

១. មានរឿងខ្លះ នៅពេលដែលងាយស្រួលពេក អាចធ្វើឲ្យដំណើរការអាជីវកម្មមានភាពរអាក់រអួល ដោយសារតែគិតថាជាបងប្អូនឯង ធ្វើការលំៗ។

២. នៅពេលមានបញ្ហាកើតឡើងក្នុងអាជីវកម្ម អាចប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួន ឬអាចឈានដល់ជម្លោះគ្រួសារខ្លួនឯង។ 

៣. ការបែងចែកអំណាចក្នុងការដឹកនាំអាជីវកម្មអាចបង្កការលំបាកក្នុងការសម្រេចចិត្តកិច្ចការណាមួយ។ បងមិនព្រមស្តាប់ប្អូន ដោយសារតែគិតថាក្នុងគ្រួសារខ្លួនជាបង។

៤. បង្កើតរូបភាពមិនល្អដល់បុគ្គលិកក្រោមបង្គាប់ ដោយសារតែអាងជាសមាជិកគ្រួសារ មិនគោរពវិន័យដូចបុគ្គលិកធម្មតា។

៥. អាចមានការច្រណែននៅពេលសមាជិកគ្រួសារណាម្នាក់សម្រេចកិច្ចការធំណាមួយក្នុងអាជីវកម្ម។ ប្រសិនបើសាច់ញាតិបង្កើតមិនច្រណែន ក៏អាចមានសាច់ថ្លៃដែរ។

៦. អ្នកដឹកនាំ មិនមានភាពច្បាស់លាស់ និងទំនុកចិត្តក្នុងការណែនាំ ឬបង្កើតការសម្រេចចិត្តអវិជ្ជមានណាមួយលើសមាជិកគ្រួសារខ្លួនឯង នៅពេលដែលសមាជិកគ្រួសារនោះបង្កកំហុស៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។