គោលការណ៍រស់ទាំង ១១ របស់កំពូលអ្នកវិនិយោគ Warren Buffett

973

ការរស់នៅរបស់មនុស្សតែងតែមានច្បាប់ទម្លាប់។ ក្រៅពីច្បាប់ដែលរដ្ឋដាក់ឱ្យអនុវត្តតាម មនុស្សត្រូវមានច្បាប់មួយទៀតដែលហៅ “ច្បាប់ទម្លាប់ផ្ទាល់ខ្លួន” ឫគោលការណ៍រស់នៅប្រចាំជីវិត។ ច្បាប់ទម្លាប់ផ្ទាល់ខ្លួននេះត្រូវបានបង្កើតទៅតាមឧត្តមគតិ និងការយល់ឃើញរបស់មនុស្សខុសៗគ្នា។ ចំណែកឯលោក Warren Buffett ដែលជាមហាសេដ្ឋីលំដាប់ទី ៣ របស់ពិភពលោក និងជាអ្នកជំនាញវិនិយោគប្រចាំសតវត្សទី ២១ រហ័សនាមថា “Oracle of Omaha” មានរបៀបក្នុងការរស់នៅផ្ទាល់ខ្លួនតាំងពីតូចមកម៉្លេះ។ បើអ្នកចង់ដឹងថា តើមហាសេដ្ឋីរូបនេះរស់នៅក្នុងស្ថានភាពបែបណានោះ ខាងក្រោមគឺជាគោលការណ៍រស់ទាំង ១១ ដែល Warren Buffett ប្រកាន់ភា្ជប់ពេញមួយស្ទើរពេញជីវិតរបស់លោក។

១. រស់នៅក្នុងផ្ទះដែលលោកទិញតាំងពីឆ្នាំ ១៩៥៨

ផ្ទុយពីមហាសេដ្ឋីលំដាប់ពិភពលោកផ្សេងទៀតដែលរស់នៅក្នុងគេហដ្ឋានដ៏ប្រណិតនិងធំល្វឹងល្វើយ Warren Buffett បែរជានៅតែបន្តរស់នៅក្នុងផ្ទះចាស់មួយដែលលោកបានទិញតាំងពីឆ្នាំ ១៩៥៨ ក្នុងតម្លៃ ៣១,​៥០០ ដុល្លារ នៅទីក្រុង Omaha រដ្ឋ Nebraska សហរដ្ឋអាមេរិក បើទោះបីជាលោកមានទ្រព្យសម្បត្តិរាប់លាន និងមានបណ្ដុំក្រុមហ៊ុនមួយដែលមានក្រុមហ៊ុនក្រោមចំណុះជាង ៦០ ទៀតក៏ដោយ។ នៅឆ្នាំ ២០១៧ ផ្ទះនោះត្រូវប៉ានគេស្មានថាមានតម្លៃប្រមាណជា ២៧០,​០០០ ដុល្លារ ហើយ Buffett បានប្រាប់ដល់ថា លោកពុំធ្លាប់មានបំណងលក់វាសម្រាប់អ្វីផ្សេងទៀតឡើយ។

២. ពិសារអាហារពេលព្រឹកដែលមានតម្លៃថោក

មនុស្សភាគច្រើនប្រកដជាស្មានថា នាមជាមហាសេដ្ឋីកំពូលមួយរូបទៅហើយរឿងអីដែលខ្វះលុយចូលហាងញុំាំអាហារថ្លៃៗរាល់ថ្ងៃនោះ។ ប៉ុន្តែការស្មាននេះគឺផ្ទុយស្រឡះចំពោះមហាសេដ្ឋីដូចជា Warren Buffett។ គាត់ចូលចិត្តពិសារអាហារណាដែលមានតម្លែថោក បែប Fast-Food ដើម្បីសន្សំប្រាក់ ឫញុំានុំរបស់ McDonald នៅពេលបើកឡានទៅកន្លែងធ្វើការជាដើម។ គាត់អាចនឹងចំណាយ ៣.១៧ ដុល្លារ ចំពោះអាហារពេលព្រឹកដែលមានសាច់ជ្រូកមួយដុំ ស៊ុតរួមជាមួយនិងនុំសុំាងវិចមួយជាការស្រេច។ ប៉ុន្តែនៅពេលដែលតម្លៃភាគហ៊ុនធ្លាក់ចុះ គាត់ចំណាយត្រឹមតែ ២.៩៥ ដុល្លារ ឫបើវាកាន់តែធ្លាក់ចុះខ្លាំង គាត់នឹងចាយត្រឹម ២.៦១ ដុល្លារជាមួយនិងកូកាកូឡាមួយដបប៉ុណ្ណោះសម្រាប់អាហារព្រឹក។

មិត្តសម្លាញ់របស់គាត់ Bill Gates និយាយថា “រឿងមួយដែលគួរឱ្យចាប់អារម្មណ៍ចំពោះ Warren គឺគាត់នៅតែចូលចិត្តញុំាអាហារដូចកាលដែលគាត់មានអាយុ ៦ ឆ្នាំ អញ្ចឹង ហើយភាគច្រើនឃើញគាត់ញុំានុំហែមបឺហ្គឺ ការ៉ែម​ និងកូកាកូឡា។”

៣. ប្រើរថយន្តមួយទឹក

មហាសេដ្ឋីផ្សេងទៀតអាចនឹងចំណាយប្រាក់ខ្ទង់លានដុល្លារដើម្បីមានឡានទំនើបជិះ ប៉ុន្តែ Buffett ចូលចិត្តប្រើរថយន្តដែលធ្លាប់មានអ្នកប្រើរួច ហើយមានតម្លៃថោកល្មម។ Susie Buffett ដែលជាកូនស្រីរបស់លោកប្រាប់ដល់កម្មវិធី BBC documentary ឪពុករបស់នាងចូលចិត្តទិញឡានណាដែលមានការបញ្ចុះតម្លៃ ឫឡានមួយទឹក។ នៅឆ្នាំ ២០១៤ Buffett បានប្រាប់ដល់ទស្សនាវដ្តី Forbes ថា​ លោកធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនអស់រយៈចម្ងាយប្រហែលជា 3,500 ម៉ាយ(5632.704 គីឡូម៉ែត្រ) ប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ ដូច្នេះហើយបានជាលោកមិនទិញឡានថ្មី។ លោកបានផ្តល់ដំបូន្មានថា “ប្រសិនបើអ្នកចង់ទិញឡានថ្មីជិះ អ្នកត្រូវគិតថាតម្លៃរបស់រថយន្តគឺតែងតែធ្លាក់ជាបន្តបន្ទាប់ ហើយបើអ្នកមានឡានល្អតម្លៃសមល្មមមួយជិះ អ្នកគួរតែបន្តប្រើវាឱ្យបានយូរតាមដែលអាចធ្វើបាន ឫក៏ទិញរថយន្តមួទឹកប្រើវិញល្អជាង។”

៤. ចូលចិត្តលេងបៀរជាការកំសាន្ត

ថ្វីត្បិតតែ Warren Buffett ចូលចិត្តធ្វើការងារ និងចំណាយពេលអានរហូតដល់ប្រាំម៉ោងក្នុងមួយថ្ងៃ តែលោកក៏មានល្បែងកំសាន្តមួយទៀតដែរនៅពេលទំនេរ។ ជាទូទៅគេកត់សម្គាល់ឃើញថា Warren ចំណាយពេលលេងបៀរប្រហែលជា ១២ ម៉ោងក្នុងមួយសប្ដាហ៍ តែមិនមែនលេងនៅក្នុងកាស៊ីណូ ឫភ្នាល់លុយច្រើននោះទេ។ ក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី “Sunday Morning” របស់ស្ថានីយពត៌មាន  CBS News កំពូលអ្នកវិនិយោគរូបនេះប្រាប់ថា លោកនឹងមិនមានបញ្ហាអ្វីទេប្រសិនបើលោកត្រូវរស់នៅក្នុងគុក ឱ្យតែលោកមានដៃគូបីនាក់ទៀតលេងបៀរជាមួយគ្នាទៅបានហើយ។ បន្ទាប់ពីទំនេរពីការងារ Buffett ក៏ចូលចិត្តច្រៀង និងលេងឧបករណ៍តន្រ្តី ukulele នៅក្នុងកម្មវិធីមនុស្សធម៌ជាមួយនិងមហាសេដ្ឋី Bill Gates ផងដែរ។

៥. មានមិត្តភាពដ៏ល្អ

ទំនាក់ទំនងរវាងមហាសេដ្ឋី Bill Gates និង Warren Buffett ត្រូវបានគេមើលឃើញថាជាមិត្តមួយដ៏គួរឱ្យស្ងើចសរសើរ ហើយម្ចាស់ក្រុមហ៊ុន Microsoft ក៏បានពន្យល់ពីមិត្តភាពនេះថា លោកបានរៀនរឿងជាច្រើនពី Buffett អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ ប៉ុន្តែរឿងសំខាន់មួយដែលធ្វើឱ្យទំនាក់ទំនងរបស់លោកទាំងពីរមានភាពយូរអង្វែងគឺជាអ្វីៗដែលទាក់ទងនិងមិត្តភាព។ “មនុស្សគ្រប់គ្នាប្រហែលជាមានសំណាងបើសិនជាមានមិត្តចិត្តសប្បុរស និងពូកែគិតដូចជា Warren។ គាត់តែងតែស្វែងរករកវិធីដែលធ្វើឱ្យអ្នកដទៃមានអារម្មណ៍ល្អចំពោះខ្លួនពួកគេ និងចូលចិត្តចែករំលែកភាពរីករាយក្នុងជីវិត” Bill Gates។ ចំណុចមួយដែលគេឃើញ Buffett ធ្វើដាក់ Bill Gates គឺគាត់តែងតែបើករថយន្តខ្លួនឯងទៅទទួល Bill Gates ដោយផ្ទាល់នៅឯព្រលានយន្តហោះ។

៦. នៅតែប្រើទូរស័ព្ទដៃម៉ាក Nokia បត់

បើទោះជាបច្ចេកវិទ្យាមានការវិវឌ្ឍទៅលឿនយ៉ាង និងមានស្មាតហ្វូនទំនើបៗដាក់លក់នៅលើទីផ្សារច្រើនប៉ុណ្ណាក៏ដោយ Warren Buffett នៅតែប្រើទូរស័ព្ទដៃស៊េរីចាស់ Nokia បត់ដដែល។ គាត់និយាយបែបកំប្លែងនៅក្នុងបទសម្ភាសន៍របស់ CNN ថា “នេះជារឿងមួយដែល Alexander Graham Bell ប្រាប់ដល់ខ្ញុំថា លោកនឹងមិនបោះបង់អ្វីមួយចោលទេ រហូតទាល់តែលោកប្រើវាអស់ពេលពី ២០ ទៅ ២៥ ឆ្នាំសិន។” Warren បានឱ្យដំបូន្មានថា “ប្រសិនបើអ្នកនៅតែមានះចង់ទិញ iPhone ជំនាន់ចុងក្រោយដើម្បីភាពហ៊ឺហារ អ្នកគួរតែរកវិធីផ្សេងក្នុងការសន្សំការចំណាយទៅលើទូរស័ព្ទដៃ ឫទិញទនិ្នន័យផ្សេងទៀតដែលអាចចែករំលែកដល់ក្រុមគ្រួសារ។”

៧. មិនកាបូបលុយ ឫសម្លៀកបំពាក់ម៉ូដថ្មី

Buffett បានបង្ហាញនៅក្នុងបទសម្ភាសន៍របស់ CNN ថា លោកនៅតែប្រើកាបូបលុយពណ៌ខ្មៅដដែលក្នុងរយៈពេលជាង ២០ ឆ្នាំ​នេះ ហើយលោកក៏នៅតែប្រើសម្លៀកបំពាក់ដែលកាត់ដោយម្ចាស់សហគ្រាសជនជាតិម្នាក់ឈ្មោះ Madam Li ដែលគាត់បានជួបនៅក្នុងឆ្នាំ​ ​២០០៧។ លោកបន្តថា ជ្រើសរើសទំនិញណាដែលមានគុណភាព និងនៅជាមួយអ្នកបានយូរ ជាជាងទិញរបស់ដែលគ្រាន់តែមានយីហោរល្បី។

៨. សន្សំប្រាក់ពេល

Buffet បានសម្តែងឱ្យគ្រប់គ្នាឃើញថា សូម្បីតែមហាសេដ្ឋីក៏នៅតែសន្សំលុយពេលណាដែលមានឱកាស។ Bill Gates បានប្រាប់ផងដែរថា នៅពេលដែលលោកព្រមជាមួយនិងភរិយារបស់លោក Melinda Gates បានធ្វើដំណើរកំសាន្តនៅហុងកុងជាមួយគ្នានិង Warren Buffett លោកបានឃើញ Warren ប្រើ coupons (ក្រដាស ឫលិខិតអ្វីមួយដែលមានតម្លៃប្តូរយករបស់អ្វីផ្សេងក្រៅពីសាច់ប្រាក់) ដើម្បីទិញអាហារ fast-food។ នេះបង្ហាញឱ្យឃើញថា ការសន្សំប្រាក់ជារឿងមួយដ៏មានប្រយោជន៍មិនថាអ្នកជាមនុស្សបែបណាក៏ដោយ។

៩. ធ្វើការក្នុងអគារចាស់ជាង ៥០ ឆ្នាំ

ចាប់តាំងពីចូលរួមជាមួយក្រុមហ៊ុន Berkshire Hathaway ក្នុងកំឡុងឆ្នាំ ១៩៦០ មក Buffett នៅតែបន្តធ្វើការក្នុងការិយាល័យចាស់របស់លោក។ ក្នុងកម្មវិធី HBO documentary គាត់និយាយថា “យើងមានគ្នាតែ ២៥ នាក់ប៉ុណ្ណោះក្នុងការិយាល័យ ហើយបើយើងប្តូរកន្លែងថ្មី វានៅតែ ២៥ នាក់ដដែល។ វាគ្រាន់តែជាកន្លែងប្លែកមួយប៉ុណ្ណោះ។ បើវាមិនទាន់ខូចខាត កុំជួសជុលវាអី។” ដូចដឹងស្រាប់ហើយ គាត់ជាមនុស្សពូកែសន្សំ ក្នុងន័យនេះគាត់ប្រហែលជាចង់ប្រាប់ថា ការសន្សំជាវិធីមួយដ៏ចាំបាច់ក្នុងជីវភាពរស់នៅរបស់មនុស្ស។

១០. គិតក្រៅប្រអប់ក្នុងការសន្សំប្រាក់

ក្នុងសៀវភៅសរសេរអំពីជីវប្រវត្តិរបស់អ្នកជំនួញចំណងជើង “Buffett: The Making of an American Capitalist” និពន្ធដោយលោក Roger Lowenstein បានរៀបរាប់ថា បន្ទាប់ពីកូនដំបូងរបស់ Buffett បានកើត គាត់បានយកតុតូចមួយទៅធ្វើជាគ្រែឱ្យទារកដេក ជំនួសឱ្យការចំណាយលុយទិញគ្រែថ្មី។ មនុស្សភាគច្រើនអាចយល់ថាការធ្វើបែបនេះដូចជាសន្សំសម្ចៃជ្រុលពេក ប៉ុន្តែវាគ្រាន់តែជាឧទារហ៍មួយក្នុងការគិតក្រៅប្រអប់តែប៉ុណ្ណោះ។ អ្នកគួរតែប្រើរបស់ណាដែលអាចឱ្យអ្នកប្រើការបានជាជាងការចំណាយទៅលើរបស់ដែលមិនចាំចាប់។

១១. ឱ្យតម្លៃមិត្តភាពជាងអ្វីៗទាំងអស់

Buffett បានពន្យល់ពីរបៀបរស់នៅរបស់លោកក្នុងកម្មវិធីសំណួរចម្លើយមួយដែលគាត់ធ្វើឡើងជាមួយសិស្សមួយក្រុមមកពីសាលាពាណិជ្ជកម្មនៅឆ្នាំ ២០០៩ ថា អ្នកមិនអាចទិញសុខភាព និងក្តីស្រលាញ់បានទេ។ ខ្ញុំមិនចាប់អារម្មណ៍ចំពោះរថយន្តល្អៗ ហើយគោលដៅរបស់ខ្ញុំគឺមិនធ្វើឱ្យអ្នកណាច្រណែននោះទេ។ កូនស្រីរបស់គាត់ Susie Buffet ក៏បានបន្ថែមទៀតថា គាត់មិនខ្វល់ថាគាត់មានលុយប៉ុណ្ណានោះទេ អ្វីដែលគាត់ស្រលាញ់បំផុតគឺគ្រួសារ។

Warren Buffett មិនមែនត្រឹមតែជាមហាសេដ្ឋីសាមញ្ញមួយរូបប៉ុណ្ណោះទេ តែលោកក៏ជាសុភាពបុរស និងជាមនុស្សដែលត្រូវបានគេស្គាល់ថាមានការគិតគូរទាំងរឿងសន្សំប្រាក់ និងទស្សនៈក្នុងការរស់នៅឱ្យជីវិតមានន័យ ហើយគាត់ក៏ជាគំរូដ៏ល្អមួយដល់អ្នកជំនួញ និងវិនិយោគិនគ្រាប់គ្នាក្នុងសម័យនេះ៕

ប្រភព៖ gobankingrates

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕