ពន្ធប្រថាប់ត្រាគឺជាពន្ធដែលជាទូទៅនៅប្រទេសកម្ពុជាយើង រដ្ឋប្រមូលចំពោះការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ឬយានយន្ដគ្រប់ប្រភេទ។ ហើយអ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាអោយបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែ។
ពន្ធប្រថាប់ត្រាត្រូវបានអនុវត្តប្រមូលចំពោះ៖
- ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្ដគ្រប់ប្រភេទ
- ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
- កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ
- លិខិតមានលក្ខណៈគតិយុត្ត ជាអាទិ៍ លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបិទក្រុមហ៊ុន។
ពន្ធប្រថាប់ត្រាត្រូវបានលើកលែងដូចខាងក្រោម៖
១. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច។
២. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ញាតិ៖
- ការធ្វើសន្ដតិកម្ម (មរតក) រវាងឪពុកម្ដាយបង្កើតនិងកូនបង្កើត រវាងប្ដីនិងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត។
- ការធ្វើប្រទានកម្ម (អំណោយ) រវាងឪពុកម្ដាយបង្កើតនិងកូនបង្កើត រវាងប្ដីនិងប្រពន្ធ និងរវាងយាយតាបង្កើតនិងចៅបង្កើត សម្រាប់តែការផ្ទេរលើកទីមួយប៉ុណ្ណោះ។ ហើយចាប់ពីលើកទីពីរទៅ ត្រូវបានអនុញ្ញាតអោយដកមូលដ្ឋានគិតពន្ធប្រថាប់ត្រា ១០០លានរៀល។ សម្រាប់ការធ្វើសន្ដតិកម្ម និងប្រទានកម្មទាមទារអោយមានឯកសារបញ្ជាក់ទំនាក់ទំនងអំពីញ្ញាតិ ដូចជាសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬឯកសារទាក់ទងផ្សេងៗទៀត។
៣. ការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ដ ត្រីចក្រយានយន្ដគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយានយន្ដគ្រប់ប្រភេទដែលមានកម្លាំងដល់១៥០សេះ។
អត្រាពន្ធ និងការកំណត់ពន្ធប្រថាប់ត្រា មានដូចខាងក្រោម៖
១. 4% នៃតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
២. 4% នៃតម្លៃមធ្យោបាយដឹកជញ្ជូនឬយានយន្ដ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្ដគ្រប់ប្រភេទ។
៣. 0.1% នៃតម្លៃភាគហ៊ុន ចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នា។
៤. 0.1% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។
៥. 1 លានរៀល ចំពោះលិខិតមានលក្ខណៈគតិយុត្ត ៣ប្រភេទគឺ លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការបិទក្រុមហ៊ុន និងលិខិតស្ដីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា៕
