អ្នកលក់អនឡាញសម្បូរស្នេហ៍ ប៉ះសុភាពបុរសចិត្តស៊ូ (ភាគ១)

4219

ណាយប៊ុន គឺជានិស្សិតឆ្នាំទី ៣ ផ្នែកគ្រប់គ្រងពានិជ្ជកម្ម នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ណាយប៊ុន ជាបុរសសុភាពរាបសារ និងមិនធ្លាប់មានសង្សារពីមុនមកនោះទេ រហូតដល់មិត្តរបស់គេបង្អាប់ថាចេក…។ ណាយប៊ុនចូលចិត្តលេង Instagram ជាងលេង Facebook ហើយថ្ងៃមួយគេបានឃើញមិត្តរួមថ្នាក់របស់គេម្នាក់បង្ហោះរូបនៅលើ Instagram ជាមួយស្រីស្អាតម្នាក់ឈ្មោះ ជីនអ៉ី និងមាន Tag ឈ្មោះនៅលើរូបនោះផង។ ណាយប៊ុន គ្រាន់តែឃើញរូបជីនអ៉ីភ្លាម ចាប់អារម្មណ៍ជីនអ៉ីតិចៗ ហើយគេក៏បាន Follow នាង។

 

ជីនអ៉ី គឺជានិស្សិតឆ្នាំទី ៤ រៀនផ្នែកឌីហ្សាញនៅសកលវិទ្យាល័យ Limkokwing។ ក្រៅពីរៀននៅសាលា ជីនអ៉ីក៏មាន Business ផ្ទាល់ខ្លួនផងដែរគឺនាំយកផលិតផលពីជប៉ុនមកចែកចាយនៅស្រុកខ្មែរ និងលក់រាយនៅលើអនឡាញ។ 

បន្ទាប់ពីណាយប៊ុនចុច Follow ជីនអ៉ីរួចហើយ គេហាក់មានអារម្មណ៍នៅមិនសុខ រងចាំជីនអ៉ី Accept Request ព្រោះគណនីរបស់នាងដាក់ Private ហើយ Facebook ក៏ផូសរូបដាក់ Only friend ធ្វើឲ្យណាយប៊ុនអន្ទះសារចង់មើលរូបច្រើនទៀតរបស់ជីនអ៉ី ប៉ុន្តែគេមិនហ៊ានសួរមិត្តរួមថ្នាក់របស់គេដែលបង្ហោះរូបជាមួយជីនអ៉ីនោះទេ។ ពីរថ្ងៃក្រោយមកជីនអ៉ីក៏ Accept ណាយប៊ុនទាំង Instagram និង Facebook ហើយគ្រាន់តែណាយប៊ុនឃើញ Notification នោះភ្លាម គេមានអារម្មណ៍រំភើបខុសពីធម្មតាបាត់ទៅហើយ។ បន្តិចក្រោយមក ណាយប៊ុនក៏ចាប់អារម្មណ៍ឆ្ងល់ខ្លួនឯងថាហេតុអ្វីខ្លួនគេទៅជាបែបនេះ “ឬខ្ញុំលង់ស្រលាញ់នាងហើយ???” 

បន្ទាប់ពីពេលនោះមកទើបណាយប៊ុនដឹងថា ជីនអ៉ីគឺជាអ្នកលក់ទំនិញលើអនឡាញ។ តាមការផូសរបស់នាងឃើញថាលក់ដាច់គ្រាន់បើ ព្រោះអីនាងមានសម្រស់ស្រស់ស្អាត រាងស្រឡូន សាច់ស កំពស់បាន ហើយពូកែខាងរកស៉ីទៀត ទើបធ្វើឲ្យសុភាពបុរសដូចជាណាយប៊ុនបាក់ចិត្តដកមិនរួច។

ណាយប៊ុនព្យាយាមឆែកមើលគណនីរបស់ Facebook និង Instagram របស់ជីនអ៉ីព្រោះចង់ដឹងពត៌មានខ្លះៗរបស់នាង តើនាងជាអ្នកមកពីខេត្ត ឬនៅភ្នំពេញ? រៀននៅសាលាណា? តើនាងចូលចិត្តអ្វី? និងជាពិសេសតើនាងមានសង្សារហើយឬនៅ? ណាយប៊ុនរកឃើញថា ជីនអ៉ីគឺជាអ្នកខេត្តបាត់ដំបង ហើយអ្វីដែលចម្លែកគឺពួកគេទាំងពីរមានស្រុកកំណើតដូចគ្នា។ ក្រៅពីហ្នឹងណាយប៊ុនរកឃើញទៀតថា ជីនអ៉ីរៀននៅសាលា Limkokwing ហើយនាងមិនដែលមានរូបថតជាមួយបុរសណាម្នាក់បែបស្នេហានោះទេ ហើយនៅលើ Facebook របស់នាងក៏ដាក់ Relationship ថា Single ផងដែរ ពត៌មានទាំងនេះបានធ្វើឲ្យណាយប៊ុនមានសង្ឃឹមតិចៗហើយ…។ 

ណាយប៊ុនទំនងជាលង់និង ជីនអ៉ីមែនទែនហើយ គ្រាន់តែឃើញរូបថតគេសោះ ឥឡូវហ៊ានទៅលួចមើលគេដល់សាលាទៀត តែមិនហ៊ានមើលគេចំទេព្រោះអៀនពេក។ ព្រោះតែមិនធ្លាប់ ណាយប៊ុនបាន Search នៅលើ Google ថា “How to woo a girl? How to let my crush know that I really love her so much? How to make my crush love me back?”…. ពិតជាតស៊ូមែនតែណាយប៊ុនអានមិនយល់វិធីទាំងនោះសោះ ប៉ុន្តែគេរកឃើញវិធីមួយ!!!

ណាយប៊ុនឆាតទៅទិញផលិតផលដែលជីនអ៉ីលក់….

ព្រោះតែចង់ជួបជីនអី ទើបណាយប៊ុនទិញឥវ៉ានអនឡាញ តែចុងក្រោយគេឲ្យប្អូនគេដឹកជញ្ជូនឲ្យ… (Sad… គម្រោងដំបូងត្រូវបរាជ័យ)

ណាយប៊ុនព្រោះតែចង់ឆាតជាមួយជីនអ៉ី សុខចិត្តទិញឥវ៉ាន់អស់ជាច្រើន រហូតមានថ្ងៃមួយជីនអ៉ីដឹកឥវ៉ាន់ទៅអោយណាយប៊ុនដោយផ្ទាល់។ ណាយប៊ុនក៏ក្លាយជាម៉ូយពិសេសរបស់ជីនអ៉ី ហើយពួកគេក៏មានទំនាក់ទំនងល្អនឹងគ្នា។ ពីរខែក្រោយមក… ណាយប៊ុនក៏ដាច់ចិត្តសារភាពអារម្មណ៍ពិតរបស់គេចំពោះជីនអ៉ី ប៉ុន្តែគួរឲ្យសោកស្តាយបានត្រឹមតែចម្លើយដ៏ឈឺចាប់មកវិញតែប៉ុណ្ណោះ… ជីនអ៉ីបានប្រាប់ណាយប៊ុនថា នាងមានមនុស្សដែលនាងស្រលាញ់រួចហើយ បុរសម្នាក់នោះកំពុងតែសិក្សានៅបរទេស ហើយពួកគេមានគម្រោងរៀបការនៅពេលរៀនចប់ទៀតផង។ តើមនុស្សប៉ុន្មាននាក់យល់អារម្មណ៍ឈឺចាប់របស់ណាយប៊ុន? ទើបតែមានស្នេហាដំបូង ប៉ុន្តែបែរជាជួបរឿងឈឺចាប់បែបនេះ…

សូមរង់ចាំតាមដានភាគ 2

សាច់រឿងដោយ៖ ប៊ុនរ៉ាត់

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។