Mark Cuban គឺជាអ្នកជំនួញ និងវិនិយោគសញ្ជាតិអាមេរិក កើតនៅថ្ងៃទី ៣១ កក្កដា ១៩៥៨ ក្នុងទីក្រុង Pittsburgh រដ្ឋ Pennsylvania លើទឹកដីនៃសហរដ្ឋអាមេរិក។ លោកក៏ជាម្ចាស់ក្រុម National Basketball Association Dallas Mavericks ជាសហស្ថាបនិករបស់ផលិតកម្ម 2929 Entertainment ជានាយកគ្រប់គ្រងរបស់ប៉ុស្តិ៍ទូរទស្សន៍ AXS TV ហើយលោកជាវិនិយោគិនដ៏ធំម្នាក់ ABC’s Shark Tank ដែលជាកម្មវិធី TV Talk Show ដ៏លេចធ្លោមួយផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយ 30 Days of Genius បង្កើតឡើងដោយ CreativeLive លោក Mark បាននិយាយអំពីកំហុសជាច្រើនដែលអ្នករកស៊ីជើងថ្មីធ្វើនៅពេលដែលពួកគេគិតថាពួកគេបានរកឃើញគំនិតជោគជ័យមួយ។
លោក Mark Cuban ក៏បានផ្តល់ដំបូន្មានដល់អ្នកដែលចង់បើកអាជីវកម្មថ្មីៗផងដែរថា “អ្វីដែលខ្ញុំសួរទៅកាន់អ្នកដែលចង់រកស៊ីខ្លួនឯង ទីមួយគឺ តើអ្វីដែលពួកគេចូលចិត្តធ្វើបំផុត? ទីពីរគឺ តើមានអ្វីដែលពួកគេជំនាញក្នុងការធ្វើវាដែរឫទេ?”
“ជ្រើសរើសការងារណាដែលអ្នកស្រលាញ់និងពូកែធ្វើវា” Mark Cuban។
ជំហ៊ានទីមួយអាចជារឿងពិបាកបំផុតបន្ទាប់ពីអ្នកគិតឃើញគំនិតរកស៊ីមួយហើយ អ្នកត្រូវសួរខ្លួនឯងថាអ្នកមានអារម្មណ៍រំភើបរីករាយចំពោះវាប៉ុណ្ណា។ ជមហ៊ានទីពីរ អ្នកអាចសាកល្បងប្រាប់គំនិតអាជីវកម្មនេះទៅកាន់មិត្តជិតស្និតរបស់អ្នកពីរ បីនាក់ ហើយចាំមើលថាតើមានប្រតិកម្មដូចអ្នកដែរឫយ៉ាងណា។ បន្ទាប់មកទៀត អ្នកគួរតែធ្វើការស្រាវជ្រាវលើ Google ដើម្បីរកមើលថាតើមានប្រភេទអាជីវកម្មដែលអ្នកចង់បើកដែរឫទេ ព្រោះមានមនុស្សមិនតិចទេដែលប្រហែលជាមានគំនិតដូចជាអ្នក ហើយពួកគេប្រហែលជាទើបធ្វើវាបានជោគជ័យ ឫទើបទទួលបរាជ័យផងក៏មិនដឹង។ ដូច្នេះការធ្វើការស្រាវជ្រាវអាចផ្តល់ប្រយោជន៍ជាគន្លឹះមួយសម្រាប់អ្នក។
ទោះជាយ៉ាងណា មិនខ្វល់ថាអ្នកចង់ធ្វើអ្វី ចង់បង្កើតអ្វី ឫមានមនុស្សប៉ុន្មាននាក់បានធ្វើ និងកំពុងធ្វើរឿងដូចគ្នានិងអ្នកក៏ដោយ រឿងពីរដែលអ្នកត្រូវចងចាំគឺ ១. តើអ្នកស្រលាញ់វាខ្លាំងប៉ុណ្ណា? ២. តើអ្នកពូកែក្នុងការធ្វើវាប៉ុណ្ណា?
បច្ចុប្បន្ន Mark Cuban មានវ័យ ៦០ ឆ្នាំ និងជាមហាសេដ្ឋីពិភពលោកលំដាប់ទី 606 ដែលមានទ្រព្យសម្បត្តិសរុប 3.7 ពាន់លានដុល្លារអាមេរិក។
អត្ថបទដោយ៖ Ciel
