យើងតែងតែលឺអ្នកគាំទ្រឡានអគ្គិសនីនិយាយថា ឡានធម្មតាប្រើសាំងឬម៉ាស៊ូតដែលបញ្ចេញនូវ ឧស្ម័នកាបូនិច(CO2) ជាច្រើនចូលទៅក្នុងបរិយាកាស។ ចំណែកឯឡានអគ្គិសនីមិនមានប្រើឥន្ធនៈទាំងអស់នោះឡើយ ដូចនេះគេអាចនិយាយបានថាវាមិនមានបញ្ចេញឧស្ម័នពុលដែលប៉ះពាល់ដល់បរិស្ថាន បន្ថែមពីនេះជាទូទៅនៅក្នុងការផ្សាយពាណិជ្ជកម្មឡានអគ្គិសនីតែងតែនិយាយថាឡានអគ្គិសនីមិនមែនបញ្ចេញនូវឧស្ម័នអ្វីដែលប៉ះពាល់ដល់បរិយាកាសឡើយ។ ប៉ុន្ដែមុននឹងអ្នកជឿនូវការឃោសនាទាំងនេះសូមពិនិត្យមើលភស្ដុតាងខាងក្រោមសិន។

ដំបូងដើម្បីផលិតឡានបានគឺគេត្រូវប្រើថាមពល ហើយ មួយភាគបីនៃការបញ្ចេញឧស្ម័នកាបូនិចគឺកើតឡើងក្នុងពេលផលិតរថយន្ដ ជាពិសេសគឺការផលិតអាគុយរបស់ឡាននោះ។ ចំណែកឯការជីករក lithium ដែលជាសារធាតុសម្រាប់ការផលិតអាគុយនោះមិនមែនជាសកម្មភាពមួយដែលល្អចំពោះបរិស្ថានទេ។ នៅពេលដែលការផលិតឡានអគ្គិសមួយបានបញ្ចប់ វាបានបញ្ចេញនូវឧស្ម័នកាបូនិចចំនួន 25000ផោន រួចទៅហើយ ខណៈដែលឡានធម្មតាបញ្ចេញតែចំនួន 16000ផោនប៉ុណ្ណោះសម្រាប់ការផលិតនីមួយៗ។

វាមិនទាន់បញ្ចប់ទេ ព្រោះឡានអគ្គិសនីប្រើថាមពលអគ្គិសនីដើម្បីដំណើរការ ដូចនេះវាត្រូវតែប្រើអគ្គិសនីដែលជាឧទាហរណ៍នៅប្រទេសអាមេរិច និងប្រទេសជាច្រើនទៀតនៅលើពិភពលោកថាមពលអគ្គិសនីភាគច្រើនគឺបានមកពីផូស៊ីលឥន្ធនៈដូចជាការដុតធ្យូងថ្មជាដើម។

បើយើងប្រៀបធៀបរវាងឡានអគ្គិសនីនិងឡានធម្មតាយើងឃើញថា Nissan Leaf ដែលជាឡានអគ្គិសនីពេញនិយមជាងគេ សម្រាប់ការរត់ 90000 ម៉ាយ គឺវាបញ្ចេញឧស្ម័នកាបូនិច 31 តោន។ រីឯ Mercedes CDI A160 ដែលជាឡានប្រើម៉ាស៊ូតបញ្ចេញឧស្ម័នកាបូនិចច្រើនជាងតែ 3តោន ប៉ុណ្ណោះ។ ចំណែកឯឡាន Tesla វិញវាបញ្ចេញឧស្ម័នកាបូនិចចំនួន 44តោន ដែលតិចជាង Audi A7 Quattro ចំនួន 5តោនប៉ុណ្ណោះ។ 

ហេតុផលដែលគេគិតថាឡានអគ្គិសនីល្អជាង ដោយសារតែវាបញ្ចេញឧស្ម័នកាបូនិចតិចជាង ប៉ុន្ដែត្រូវចាំថាជាមធ្យមវាបញ្ចេញតិចជាងតែប្រហែល 5តោន ប៉ុណ្ណោះ។ ហើយថាមពលអគ្គិសនីទៀតសោតមិនមែនបានមកពីពន្លឺព្រះអាទិត្យ ឬខ្យល់ឡើយ​ គឺភាគច្រើនបានមកពីការដុតធ្យូងថ្ម។ និយាយរួមនៅពេលនេះឡានអគ្គិសនីនៅមិនទាន់ជារថយន្ដគំរូសម្រាប់បរិស្ថានទេ ព្រោះប្រភពថាមពលរបស់វានៅតែយកមកពីផូស៊ីលឥន្ធនៈនៅឡើយ។ ហើយបើអ្នកស្រឡាញបរិស្ថានខ្លាំង សួរខ្លួនឯងនិងអ្នកការពារបរិស្ថានដទៃទៀតថាតើអ្នកដាំដើមឈើបានប៉ុន្មានដើមហើយ?

ប្រែសម្រួលពី PragerU

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។