អាជីវកម្មដែលមិនមានកាលពីជាងដប់ឆ្នាំមុន

1106

ពីមួយឆ្នាំទៅមួយឆ្នាំសេដ្ឋកិច្ចក៏ដូចជាការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានការប្រែប្រួលជានិច្ច។ ថ្ងៃនេះយើងសូមលើកយកមុខរបរដែលកាលពីជាងដប់ឆ្នាំមុនគ្មានឬស្ទើរតែគ្មានគេធ្វើ ហើយភាគច្រើនមុខរបរទាំងនេះគឺកើតឡើងដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា។

១. វេរលុយ៖ សព្វថ្ងៃនេះដើម្បីវេរលុយទៅស្រុកឬអោយបងប្អូន យើងមិនចាំបាច់ផ្ញើរតាមអ្នកស្គាល់គ្នា ឬតាមតាក់ស៊ីដែលពេលខ្លះមិនសូវជាផ្ដល់នូវទំនុចចិត្តដល់យើងប៉ុន្មានទេ។ យើងមាន wing, truemoney, smartluy ឬ លីហ៊ួរវេរលុយជាដើម បន្ថែមពីនេះក៏អាចប្រើតាមកម្មវិធីទូរស័ព្ទដែលធ្វើអោយការផ្ញើរលុយកាន់តែងាយស្រួលមួយកម្រិតទៀត។ 

Credit: Cryptoasia

២. កម្មវិធីទូទាត់លុយ៖ មិនត្រឹមតែវាធ្វើអោយងាយស្រួលមិនចាំបាច់បារម្មណ៍ពីការដាក់លុយតាមខ្លួនច្រើននោះទេ ពេលខ្លះយើងអាចទទួលបានការបញ្ចុះតម្លៃទៅលើការទិញទំនិញជាច្រើនទៀតផងដែលជាឧទាហរណ៍គឺកម្មវិធី PiPay ដែលត្រូវបានដាក់អោយប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ សម្រាប់ធនាគារវិញមានដូចជា ABA ដែលយើងអាចប្រើប្រាស់សម្រាប់ការទិញទំនិញតាមអ៊ីនធើណេតមិនថានៅកម្ពុជាឬនៅទូទាំពិភពលោក បង់លុយទូរស័ព្ទនិងសេវាប្រចាំខែ…។ 

៣. PassApp៖ មានក្រុមហ៊ុនជាច្រើនទៀតប៉ុន្ដែ PassApp គឺជាក្រុមហ៊ុនដែលមានការពេញនិយមជាងគេ។ កម្មវិធី PassApp បានជួយសម្រួលដល់ការធ្វើដំណើរបានច្រើនដោយយើងអាចរើសបាន ជារុឺម៉ក កង់បី ឬឡាន ហើយតម្លៃទៀតសោតគឺច្បាស់លាស់ គិតតាមគីឡូម៉ែត្រមិនមែនចេះតែអាចទារតាមចិត្តដូចពីមុនឡើយ។ ក្រៅពីនេះអ្នកបើកបរក៏មិនហ៊ានធ្វើអោយប៉ះពាល់ដល់ភ្ញៀវដែរព្រោះគេអាចរាយការណ៍ទៅក្រុមហ៊ុន ឬផ្ដល់កម្រិតផ្ដាយនៃការបើកបរនិងសុជីវធម៌របស់អ្នកបើកបរបាន។

៤. ការលក់តាមអនឡាញ៖ ទំនិញមានច្រើនប្រភេទចាប់ពីម្ហូបអាហារ សម្លៀកបំពាក់ រហូតដល់វត្ថុប្រើប្រាស់ប្រចាំថ្ងៃ។ ជាទូទៅគេដាក់លក់តាមបណ្ដាញសង្គមជាពិសេសគឺ facebook ឬអាចដាក់លើវេបសាយដូចជា khmer24 ។

៥. ការដឹកជញ្ជូនម្ហូបអាហារ៖ សេវាដឹកជញ្ជូនម្ហូបអាហារយើងឃើញថាមានការពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយវាផ្ដល់ភាពងាយស្រួលក្នុងសម្រាប់អ្នកដែលមិនចង់ចេញពីផ្ទះ ឬកន្លែងធ្វើការអាចធ្វើការកម្ម៉ង់អាហារដែលខ្លួនពេញចិត្តបានហើយមានអ្នកចាំដឹកជញ្ចូនអោយ។ ម្ហូបអាហារទាំងនោះមិនចាំបាច់តែទិញពីហាងដែលមានសេវាដឹកជញ្ជូនទេព្រោះមានក្រុមហ៊ុនជាច្រើនដូចជា Nham24, Door2Door ឬ Meal Temple រងចាំទទួលដឹកជូនដល់ទីកន្លែងរបស់អ្នកដោយថ្លៃសេវាប្រហែល បួនពាន់រៀលប៉ុណ្ណោះ។

Credit: Khmer Times

៦. រកស៊ីតាមយូធូប៖ អ្នកមួយចំនួនដែលមានជំនាញខាងកំព្យូទ័រ ការថតនិងកាត់តវីដេអូបានងាកមកប្រកបរបររកលុយតាមយូធូប។ វីដេអូដែលពួកគេអាប់ឡូតទាក់ទងទៅនឹងបច្ចេកវិទ្យា កំប្លែង ការសម្ដែងរឿង ដើរកំសាន្ដ លេងហ្គេម ឬចម្រៀងជាដើម។ គេអាចរកចំណូលបានគួរសមពីការដាក់អោយមានពាណិជ្ជកម្មពីយូធូប ហើយប្រសិនបើអាចរកអ្នកចង់អោយឃោសនាផលិតផល នោះចំណូលរឺតតែបានច្រើនមួយកម្រិតទៀត។ 

 

៧. តារាងបាល់ហ្វូតសាល៖ បច្ចុប្បន្ននេះប្រសិនបើអ្នកចង់លេងបាល់ដើម្បីបំបាត់ភាពអផ្សុក អ្នកមិនចាំបាច់ទៅលេងនៅឯណាឆ្ងាយទេព្រោះតារាងបាល់រីកដូចផ្សិត មិនថាតែនៅភ្នំពេញ ឬក្រុងធំៗមួយចំនួនទេ។ ដោយសារប្រជាជនខ្មែរមានចំណូលខ្ពស់ជាងមុននិងគិតគូរពីសុខភាពទើបគេងាកមកលេងកីឡាច្រើន ហើយបាល់ទាត់ក៏ជាការពេញនិយមមួយផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។