ចង់ធ្វើជាអ្នករកស៊ីជោគជ័យមួយរូប គួរដឹងពីចំណុចខ្លឹមៗទាំង ១០ នេះសិន

2112

ដើម្បីក្លាយជាអ្នករកស៊ីម្នាក់ ទាមទារឱ្យអ្នកមានភាពច្នៃប្រឌិត រហ័សរហួន និងមានសេចក្តីក្លាហានក្នុងការប្រកួតប្រជែង។ អ្នកក៏ត្រូវចេះកំណត់ ដើរតាមរូបមន្ត និងព្យាករណ៍មើលពីឱកាសដើម្បីក្លាយជាសហគ្រិនជោគជ័យមួយរូបផងដែរ។ សំណួរសួរថា តើក្នុងលោកនេះពិតជាមានរូបមន្តដើម្បីសម្រេចជោគជ័យពិតមែនឫ? តើគេបានរូបមន្តទាំងនោះមកពីណា? ហើយដើម្បីជោគជ័យគឺត្រូវតែធ្វើតាមរូបមន្ត? បើសម្គាល់មើលទៅឃើញមានបុគ្គលជោគជ័យអស្ចារ្យ ទាំងក្នុងមុខជំនួញ និងជីវិតជាច្រើន បានចែករំលែកបទពិសោធន៍ក៏ដូចជារូបមន្តក្នុងការយកជ័យជម្នះខុសៗគ្នា។ ចុះបើរូបមន្តជោគជ័យច្រើននិងខុសៗគ្នាអញ្ចឹង តើគួរជ្រើសរើសយកមួយណាទើបត្រឹមត្រូវ? ទាំងនេះទាក់ទងទៅនិងសមត្ថភាពក្នុងការត្រឹរិះពិចារណារបស់មនុស្សម្នាក់ៗ។

ទោះជាយ៉ាងណា ពាក្យថាជោគជ័យចំពោះសហគ្រិនគឺមិនមែនមានត្រឹមតែចំណុចដូចដែលបានរៀបរាប់ខាងលើប៉ុណ្ណឹងទេ។ វានៅមានកត្តាពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតដែលអ្នកគួរយល់ដឹង ហើយខាងក្រោមនេះគឺជាលក្ខណៈពិសេស ១០ ដែលអ្នកជំនួញជោគជ័យជាច្រើនមាន៖

១​. ក្តីសុបិន្ត និងការគិតអំពីភាពជោគជ័យ

ដើម្បីទទួលបានជោគជ័យដូចដែលអ្នកចង់បាន អ្នកត្រូវតែហ៊ានស្រមៃឱ្យធំ។ ជាការពិតណាស់ គ្រប់រឿងរ៉ាវជោគជ័យរបស់បុគ្គលល្បីក្នុងលោកទាំងអស់គឺសុទ្ធតែចាប់ផ្តើមដោយក្តីស្រមៃមួយដ៏មហិមារ។ អ្នកត្រូវតែបង្កើតក្តីសុបិន្តនេះដោយខ្លួនឯង និងត្រូវមានទស្សនៈវិស័យច្បាស់លាស់ក្នុងការសម្រេចវា។ ចំណុចចម្បងមួយទៀតដែលអ្នកត្រូវមានគឺ ថ្នត់គំនិតជោគជ័យដែលមាននៅក្នុងការគិតរបស់អ្នក។ ថ្នត់គំនិតនេះសំខាន់ណាស់ក្នុងការទាញអ្នកឱ្យត្រឡប់មករកគោលដៅរបស់អ្នកវិញ បន្ទាប់ពីរងការប៉ះទង្គិចដោយការបរាជ័យជាច្រើនលើករហូតដល់ពេលខ្លះស្ទើរតែបោះបង់ការតស៊ូ។ ដូច្នេះការគិតអំពីជោគជ័អាចជាចំណែកមួយយ៉ាងធំដើម្បីលើកទឹកចិត្តអ្នកឱ្យបន្តសម្រេចក្តីស្រមៃ។

២. ស្រលាញ់អ្វីដែលអ្នកធ្វើ

លក្ខណៈនេះមិនខុសពីស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gates និងម្ចាស់ក្រុមហ៊ុន Tesla & SpaceX លោក Elon Musk នោះទេ។ អ្នកត្រូវតែជឿជាក់និងស្រលាញ់ការងារដែលអ្នកធ្វើ បន្ទាប់ពីមានក្តីសុបិន្តអស្ចារ្យហើយ។ នៅក្នុងវិស័យអាជីវកម្មតម្រូវឱ្យមនុស្សមានការអត់ធ្មត់ និងការខិតខំព្យាយាមគ្រប់បែបយ៉ាង។ ជាងនេះទៅទៀត សហគ្រិនជោគជ័យមិនខ្វល់ថាគេត្រូវចំណាយពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើឱ្យមុខជំនួញរបស់ពួកគេដើរទៅមុខឡើយ ពីព្រោះហេតុផលតែម្យ៉ាងគឺ ពួកគេស្រលាញ់និងជឿជាក់នូវអ្វីដែលពួកគេកំពុងធ្វើ។ បើអ្នកពេញចិត្តចំពោះការងាររបស់អ្នក អ្នកនឹងអាចឈានដល់ចំណុចកំពូលនៃសមត្ថភាពរបស់អ្នកក្នុងការធ្វើវាឱ្យទទួលបានជោគជ័យ។

៣. សង្កត់ទៅលើភាពខ្លាំង

ភាពខ្លាំង និងខ្សោយគឺជាចំណុចដែលមនុស្សគ្រប់រូបត្រូវដឹងអំពីខ្លួនពួកគេ។ អ្នកមិនអាចប្រែក្លាយខ្លួនឱ្យទៅជាអ្វីៗបានទៅតាមតែសេចក្តីត្រូវការរបស់អ្នកដទៃនោះទេ ដូច្នេះហើយ អ្នកគួរតែបង្កើនការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍចំណុចខ្លាំងរបស់អ្នកជាជាងចំណុចខ្សោយ។ ឧទាហរណ៍ នៅក្នុងការរកស៊ី អ្នកពូកែខាងធ្វើទីផ្សារ អ្នកគួរឆ្លៀតឱកាសនេះប្រើប្រាស់និងពង្រឹងវាឱ្យកាន់តែខ្លាំងជាងមុន ឫស្វែងរកជំនួយពីមនុស្សជំនាញផ្នែកគណនេយ្យ ដើម្បីជួយបំពេញចំណុចខ្វះខាតរបស់អ្នក។ អ្នកនឹងកាន់តែជោគជ័យ ប្រសិនបើអ្នកអាចប្រើចំណុចខ្លាំងរបស់អ្នកនៅក្នុងកិច្ចការដែលអ្នកពូកែធ្វើបំផុត។

៤. កុំគិតពីបរាជ័យ

ក្នុងនាមជាអ្នកជំនួញម្នាក់ អ្នកត្រូវតែជឿជាក់លើគោលដៅរបស់អ្នក។ ជំនួសឱ្យការគិតអំពីលទ្ធភាពដែលមុខរបររបស់អ្នកអាចនឹងទទួលបរាជ័យ ចូរគិតអំពីភាពល្អប្រសើរដែលអ្នកនឹងនាំមកជូនសង្គម ក្រុមគ្រួសារ និងខ្លួនឯង នៅពេលដែលអ្នកធ្វើវាបានសម្រេច។ លើសពីនេះ អ្នកត្រូវតែជឿជាក់លើគំនិត សមត្ថភាព និងខ្លួនរបស់អ្នកថា អ្នកប្រាកដជាអាចធ្វើវាបាន។ ធ្វើបែបនេះ អ្នកនឹងបន្ថែមទំនុកចិត្តដល់ខ្លួនឯងដើម្បីប្រឈមមុខនិងឧបសគ្គទាំងឡាយដែលអាចនិងកើតមានឡើងនាពេលខាងមុខ។

៥. បង្កើតផែនការដោយយកចិត្តទុកដាក់

អ្នកប្រហែលជាមានទស្សនៈវិស័យ ឫការយល់ឃើញមួយ និងមានភាពជឿជាក់ថាអ្នកពិតជាអាចសម្រេចវាតាមការសញ្ចឹងគិតរបស់អ្នក។ ប៉ុន្តែ តើអ្នកដឹងថាធ្វើយ៉ាងម៉េចទើបអាចសម្រេចតាមទស្សនៈវិស័យនោះឫទេ? ដើម្បីសម្រេចអ្វីៗតាមការយល់ឃើញរបស់អ្នក អ្នកត្រូវតែមានគោលដៅច្បាស់លាស់តាំងពីចំណុចចាប់ផ្តើមរហូតដល់ទីបញ្ចប់។ អ្នកត្រូវសរសេរអំពីគោលដៅរបស់អ្នក និងត្រូវរៀបផែនការប្រចាំថ្ងៃដើម្បីឱ្យដឹងថា អ្វីដែលអ្នកកំពុងតែធ្វើគឺនាំអ្នកឆ្ពោះទៅរកការសម្រេចកិច្ចការបានតាមទស្សនៈវិស័យរបស់អ្នក។ រាល់បុគ្គលជោគជ័យតែងតែមានផែនការ និងគោលដៅរបស់ពួកគេ។ ម្យ៉ាងវិញទៀត ពួកគេក៏មានទស្សនៈវិស័យច្បាស់លាស់ និងដឹងពីវិធីធ្វើវាឱ្យក្លាយជាសមិទ្ធិផលពិតប្រាកដទៀតផង។ សមត្ថភាពក្នុងការរៀបចំគោលដៅ និងការបង្កើតផែនការគឺ ជំនាញដែលពុំអាចខ្វះបានដើម្បីមានភាពជោគជ័យ។ អ្នកត្រូវតែបង្កើតផែនការ ព្រោះបើគ្មានវា អ្នកនឹងមិនដឹងពីទិសដៅដែលអ្នកត្រូវទៅនោះទេ។

៦. ប្រឹងឱ្យខ្លាំង

គ្រប់អ្នកជំនួញជោគជ័យទាំងអស់ គឺតែងតែខិតខំធ្វើការមួយទ្វេរជាពីរ ឫច្រើនជាងនេះ ដើម្បីទទួលបាននូវអ្វីដែលគេប្រាថ្នា។ ជោគជ័យមិនដែលរត់ទៅរកអ្នកណាដែលគ្មានធ្វើអ្វីសោះ ហើយគិតតែពីស្រមៃអំពីរូបភាពនៃជោគជ័យនោះទេ។ បើតាមអ្នកជំនួញ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បី Brian Tracy បាននិយាយថា “អ្នកត្រូវចំណាយពេលធ្វើការមួយថ្ងៃ ៨ ម៉ោងដើម្បីរស់រានមានជីវិត ហើយអ្នកដែលធ្វើការលើសពី ៨ ម៉ោងក្នុងមួយថ្ងៃគឺដើម្បីជោគជ័យក្នុងជីវិត”។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងជំនួញដែលទើបនិងបង្កើតឡើងដំបូង អ្នកត្រូវនៅជាមួយវាគ្រប់ពេលរហូតដល់វាអាចឈរជើងខ្លួនឯងបាន។

៧. បង្កើនទំនាក់ទំនង

ក្នុងវិស័យពាណិជ្ជកម្ម អ្នកនឹងត្រូវបានគេមើលឃើញ និងវាយតម្លៃតាមរយៈសមត្ថភាពដែលអ្នកអាចរក្សាក្រុមហ៊ុនរបស់អ្នកឱ្យនឹងធឹង ឫតាមរយៈការគ្រប់គ្រងក្រុមបុគ្គលិក អ្នកគ្រប់គ្រងក្រោមបង្គាប់តាមផ្នែក និងដៃគូយុទ្ធសាស្ត្រផ្សេងៗ។ ការរកស៊ីតែងតែមានការជួយជ្រោមជ្រែងពីបរិយាកាសទាំងខាងក្នុង និងខាងក្រៅ ដូច្នេះ ការពង្រីកបណ្ដាញទំនាក់ទំនងជាមួយមនុស្សដែលអាចពឹងពាក់គ្នាទៅវិញទៅមកបានគឺពិតជាផ្តល់ផលចំណេញខ្លាំងណាស់។

៨. ស្មារតីក្នុងការសិក្សារៀនសូត្របន្ថែម

ស្ថានភាពរបស់សង្គមមួយតែងតែមានការវិវឌ្ឍនិងប្រែប្រួលជានិច្ចទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងការរស់នៅរបស់មនុស្ស ហើយនេះក៏ជាហេតុដែលនាំឱ្យអាជីវកម្មទាំងឡាយត្រូវតែមានការផ្លាស់ប្តូរដើម្បីបំពេញតម្រូវការរបស់សង្គម។ តាមពិតទៅ ដើម្បីក្លាយជាអ្នកជំនួញ ឫដំណើរការមុខជំនួញមួយឱ្យជោគជ័យ អ្នកមិនចាំមានសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកអាជីវកម្មនោះទេ។ ឧទាហរណ៍ជាក់ស្តែង ដូចជាម្ចាស់ក្រុមហ៊ុន Apple, Facebook, និងអ្នកជំនួញជោគជ័យមួយចំនួនទៀត ភាគច្រើនមិនបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័ ឫវិទ្យាល័យផង។ ពួកគេទាំងនោះមិនជាឆ្លាតជាងអ្នកប៉ុន្មានទេ ប៉ុន្តែពួកគេអាចឈានទៅដល់ចំណុចកំពូលនៃសមត្ថភាពរបស់ពួកគេបាន គឺដោយសារតែពួកគេមានឆន្ទះក្នុងការសិក្សាស្វែងយល់បន្ថែមជានិច្ច។ ទោះជាយ៉ាងណា នេះមិនមែនជាការជម្រុញឱ្យអ្នកបោះបង់ការសិក្សា រួចទៅផ្សងដូចជាពួកគេទាំងនោះទេ។ ពួកគេម្នាក់ៗសុទ្ធតែមានផែនការ និងគោលដៅច្បាស់លាស់រួចទៅហើយមុននិងពួកគេសម្រេចចិត្តបោះបង់អ្វីមួយ។  ផ្ទុយទៅវិញ ដើម្បីជោគជ័យក្នុងមុខជំនួញ អ្នកត្រូវតែបើកចិត្តឱ្យទូលាយ ទទួលរៀនអ្វីថ្មីៗដែលមានប្រយោជន៍សម្រាប់អ្នក។

៩. តស៊ូ និងមានជំនឿ

ចំណុចនេះមិនខុសពីចំណុចមុនៗខាងលើប៉ុន្មានទេ។ គ្មាននរណាម្នាក់ហ៊ាននិយាយថា ផ្លូវទៅកាន់ភាពជោគជ័យគឺងាយស្រួលឡើយ។ ថ្វីត្បិតតែអ្នកមានគោលបំណងពិតប្រាកដ និងបានខិតខំយ៉ាងណាក្តី ពេលខ្លះអ្នកនៅតែបរាជ័យ។ នេះជាកត្តាពិសោធន៍មួយថា តើអ្នកនឹងមានជំនឿចិត្ត និងការតស៊ូបន្តទៀតឫទេ។ អ្នករកស៊ីមួយចំនួនត្រូវប្រទះនិងការខាតបង់ទ្រព្យសម្បត្តិ ឫអាជីវកម្មក្ស័យធុនរហូតដល់ស្ទើរតែងើបមុខមិនរួច ប៉ុន្តែពួកគេនៅតែប្រកាន់គោលជំហរមួយជាប់ជានិច្ចថា ថ្ងៃណាមួយពួកគេនឹងទទួលបានជោគជ័យធំជាងការបរាជ័យនេះរាប់រយដងទៅទៀត។ ភាពអង់អាចរបស់អ្នកក្នុងការប្រឈមមុខនិងទុក្ខលំបាក ព្រមទាំងសមត្ថភាពធ្វើឱ្យខ្លួនឯងក្រោកឡើងវិញបន្ទាប់ពីរងការខកចិត្ត គឺជាឧបរកណ៍ធានាដល់ជោគជ័យរបស់អ្នក។ ទោះបីជាត្រូវដួលប៉ុន្មានដងក៏ដោយ អ្នកត្រូវងើបមកវិញក្តីជឿជាក់ និងតស៊ូជម្នះនិងឧបសគ្គសារជាថ្មី។

១០. មានវិន័យ និងឱ្យតម្លៃពេលវេលា

នៅពេលអ្នកធ្វើរឿងវិជ្ជមាន អ្នកនឹងគ្មានពេលទៅគិតរឿងឥតបានការឡើយ។ លោក Thomas Huxley សាស្រ្តចារ្យជីវវិទ្យាជនជាតិអង់គ្លេស បានលើកឡើងថា ធ្វើអ្វីដែលអ្នកគួរធ្វើ នៅពេលដែលអ្នកគួរធ្វើវា នេះគឺចង់បញ្ជាក់ថា អ្នកគប្បីធ្វើនូវកិច្ចការណាដែលអ្នកគួរធ្វើ ស្របពេលដែលអ្នកនៅមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើវានៅឡើយ។ បន្ថែមពីនេះ ការមានវិន័យផ្ទាល់ខ្លួនក៏ជាកត្តាសំខាន់ដើម្បីសម្រេចជោគជ័យផងដែរ។ អ្នកគួរតែកំណត់ខ្លួនឯងឱ្យបានច្បាស់រវាងអ្វីដែលគួរធ្វើ និងអ្វីគួរចៀសវាង ហើយនិងធ្វើវាទៅតាមពេលវេលាសមស្រប។

គ្មានអ្វីអាចមកកំណត់វាសនារបស់មនុស្សបានទេ លើកលែងតែការគិតរបស់ពួកគេប៉ុណ្ណោះ។ អ្នកអាចធ្វើអាជីវកម្មមួយឱ្យជោគជ័យ ឫបណ្ដោយឱ្យវានាំបរាជ័យមកកាន់អ្នក។ អ្វីៗគឺស្ថិតនៅលើការគិតនិងការសម្រេចចិត្តរបស់អ្នក។ ប៉ុន្តែ បើអ្នកធ្លាប់សាកល្បងមកយូរច្រើនដងមកហើយ តែនៅតែមិនបានជោគជ័យដូចបំណង ចូរបន្តធ្វើវាតទៅទៀត ឫប្តូរវិធីផ្សេង ព្រោះជោគជ័យអាចនិងនៅមួយជំហ៊ានបន្ទាប់ទៀតប៉ុណ្ណោះ៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕