ស្នេហាបែបចាស់ទុំ Vs ស្នេហាបែបក្មេងៗ

9338

ក្តីស្រលាញ់ជារឿងធម្មជាតិរបស់មនុស្ស។ យើងមិនអាចហាមឃាត់ថាគួរមានឬមិនមានទេ បើពេលវេលាមកដល់យើងនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយមិនដឹងខ្លួន។ ស្នេហារបស់មនុស្សម្នាក់ៗ វាកើតឡើងទៅតាមវ័យ។ អ្នកខ្លះក៏មានស្នេហាតាំងពីក្មេង អ្នកខ្លះទៀតអាយុច្រើនហើយក៏នៅតែរកគូរមិនទាន់ឃើញ។ ការមានស្នេហានៅវ័យក្មេងមិនមែនជារឿងខុសទេ ក្នុងករណីដែលស្នេហានោះស្ថិតក្នុងភាពចាស់ទុំ។ តើស្រលាញ់គ្នាបែបចាស់ទុំហ្នឹងយ៉ាងម៉េចទៅ? តោះទៅសិក្សាទាំងអស់គ្នា៖

 

១. គិតពីអនាគត                                                                                       

គូរសង្សារដែលស្រលាញ់គ្នាបែបចាស់ទុំមិនមែនគិតតែក្តីសុខក្នុងបច្ចុប្បន្ននោះទេ ប៉ុន្តែអ្នកទាំងពីរគិតទៅថ្ងៃអនាគតថាគួរចាប់ដៃគ្នាធ្វើអ្វីបន្តទៀត? ឧទាហរណ៍៖ តើគួររកស៊ីមុខរបរអ្វី? ទិញផ្ទះនៅពេលណា? ដឹកនាំគ្រួសារបែបណា? ការស្រលាញ់គ្នាបែបនេះជាស្នេហាដែលស្ថិតស្ថេរនិងរឹងម៉ាំមួយ។ ស្រលាញ់គ្នាបែបក្មេងៗគ្រាន់តែចង់រៀបការជាមួយគ្នា ប៉ុន្តែមិនមានផែនការក្នុងជីវិតច្បាស់លាស់ថាថ្ងៃក្រោយនឹងគួរមានជីវិតគ្រួសារដោយមានសរីភាពផ្នែកហិរញ្ញវត្ងុបានយ៉ាងដូចម្តេច?

២. មិនប៉ះពាល់ពេលវេលាឯកជនគ្នា

ការស្រលាញ់គ្នាមិនតម្រូវអោយដឹងគ្រប់ជំហានរបស់ដៃគូរអ្នកនោះទេ។ មនុស្សម្នាក់ៗមានពេលផ្ទាល់ខ្លួនរបស់គេ បើទោះបីជាស្និតស្នាលគ្នាយ៉ាងណាក៏ដោយក៏មានរឿងខ្លះ គេមិនចាំបាច់ប្រាប់អ្នកគ្រប់រឿងនោះទេ ពីព្រោះគេមានហេតុផលរបស់គេ។ យើងត្រូវ​ចេះផ្តល់ពេលវេលាអោយគ្នាទៅវិញទៅមក។ ការមិនលូកដៃចូលជីវិតឯកជនមិនមែនមានន័យថា យើងមិនខ្វល់នោះទេ ប៉ុន្តែជាការផ្តល់សិទ្ធអោយភាគីម្ខាងទៀតធ្វើនូវរឿងដែលគេចង់ធ្វើ។ ពេលវេលារបស់មនុស្សម្នាក់ៗមិនមែនសម្រាប់តែស្នេហាឯណា ចុះគ្រួសារ មិត្តភក្តិ និងអ្នកផ្សេងទៀតទុកនៅទីណា? ដូច្នេះការទុកពេលវេលាឯកជនអោយគ្នាគឺជារឿងល្អមួយ។

៣. ស្តាប់ហេតុផល

ស្នេហាបែបចាស់ទុំជាស្នេហាដែលភាគីទាំងពីរចេះស្តាប់ហេតុផលគ្នាទៅវិញទៅមក។ នៅពេលមានរឿងអ្វីអ្នកស្តាប់ការបកស្រាយរបស់ភាគីម្ខាងទៀត ដោយមិនសន្និដ្ឋានផ្អែកទៅតាមការយល់ផ្ទាល់ខ្លួនឬជឿភាគីទីបី។ ស្នេហាដែលមានអ្នកទីបីមកជ្រៀតជ្រែកគឺងាយនឹងប្រេះឆាណាស់ ដូច្នេះហើយទើបស្នេហាបែបក្មេងៗដែលមានរឿងអ្វីបន្តិចក៏យល់ច្រលំលើគ្នាហើយមិនស្តាប់ការបកស្រាយមិនមានភាពរឹងមាំនោះទេ។ ស្នេហាបែបចាស់ទុំមិនយកកំហឹងឬអារម្មណ៍ឆេវឆាវមកដោះស្រាយបញ្ហានោះទេ តែផ្ទុយទៅវិញជាការរម្ងាប់អារម្មណ៍រៀងៗខ្លួន ស្តាប់ការបកស្រាយហើយដោះស្រាយបញ្ហានោះដោយប្រើបេះដូង និងខួរក្បាល។

៤. មិនងាយបោះបង់

ការស្រលាញ់គ្នាបែបក្មេងៗ នៅពេលមានរឿងបន្តិចបន្តួចមិនព្រមតទល់គ្នាដោះស្រាយទេ ហើយងាយនឹងបោះបង់ចោលណាស់។ ដោយឡែក នៅពេលដែលអ្នកទាំងពីរស្រលាញ់គ្នាបែបច្បាស់លាស់ហើយ បើទោះបីជាមានរឿងអ្វីក៏ដោយក៏មិនទៅណាចោលគ្នាហើយប្រឈមមុខដោះស្រាយបញ្ហា។ អ្នកទាំងពីរមានការតាំងចិត្តយ៉ាងខ្ពស់ថា ដរាបណាអ្នកទាំងពីរនៅជាមួយគ្នា បញ្ហាអ្វីក៏អាចយកឈ្នះបានដែរ។

៥. ហ៊ានណែនាំអោយសាច់ញាតិទាំងសងខាងស្គាល់

បើស្រលាញ់គ្នាធម្មតាលេងៗ គ្មានអ្នកណាគេសុខៗយកទៅអោយប៉ាម៉ាក់ស្គាល់នោះទេ។ បើគេដល់ថ្នាក់ហ៊ានអោយយើងទៅជួបប៉ាម៉ាក់គេ ហើយគេក៏ហ៊ានទៅជួបប៉ាម៉ាក់យើង មានន័យថាគេច្បាស់លាស់ និងគិតគូពីអនាគតជាមួយយើងហើយ។ ម្យ៉ាងវិញទៀត វាជាការបើកឱកាសមួយអោយសាច់ញាតិទាំងសងខាងស្គាល់ច្បាស់ពីគ្នាទៅវិញទៅមក ដើម្បីចុះសម្រុងគ្នានៅថ្ងៃអនាគត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.