តើធ្វើបែបណាដើម្បីបង្កើតបាន Startup Team ដ៏ខ្លាំងមួយនៅកម្ពុជា?

820

បើអ្នកចង់បង្កើតក្រុមហ៊ុនមួយ វាមិនដូចជាការបើកអាជីវកម្មលក្ខណៈគ្រួសារនោះទេ អ្នកត្រូវការក្រុមដ៏មានសក្តានុពលមួយ។ អ្នកប្រាកដជាត្រូវការមនុស្សដែលពូកែៗក្នុងជំនាញរបស់ពួកគេ បង្ហាញខ្លួននៅក្នុងក្រុមរបស់អ្នក ប៉ុន្តែនៅក្នុងស្ថានភាពសង្គមរបស់យើងបច្ចុប្បន្នមានការពិបាកខ្លះដែរក្នុងការស្វែងរកក្រុមដែលមានសមត្ថភាពពិតប្រាកដ ជាពិសេសមនុស្សក្នុងវ័យក្រោម ២៥ ទៅ ៣០ ឆ្នាំ។ ដូច្នេះអ្នកត្រូវចេះមើលមនុស្សដោយរបៀបណា? ចេះវិធីទាក់ទាញមនុស្សមានសមត្ថភាពចូលក្រុមរបៀបណា? នៅពេលអ្នកយកពួកគេចូលក្រុមហើយ តើត្រូវដាក់ពួកគេនៅកន្លែងណាដើម្បីឲ្យពួកគេធ្វើការបានប្រសិទ្ធភាពខ្ពស់? តើអ្វីដែលជាគន្លឹះដឹកនាំ និងអភិវឌ្ឍន៍ក្រុមរបស់អ្នក?

 

របៀបដឹកនាំភាគច្រើនគេចូលចិត្តយកលំនាំតាមក្រុមកីឡា ដូចជាក្រុមបាល់ទាត់។ តើកីឡាករណាគួរដាក់ឲ្យចូលលង 11 នាក់ដំបូង? តើកីឡាករណាទុកបម្រុង? តើអាចដាក់ខ្សែរបម្រើឲ្យលេងក្នុងតំបន់ផ្សេងទៀតដែរទេ? តើកីឡាករណាជាអ្នកនាំលេង…? ទាំងនេះគ្រាន់ជាឧទាហរណ៍មួយចំនួនតែប៉ុណ្ណោះ…

ខាងក្រោមនេះ គឺជាវិធីល្អៗមួយចំនួនដើម្បីបង្កើត Startup Team 

១. សមាជិកក្រុមទាំងអស់គួរផ្តោតលើគោលដៅតែមួយរួមគ្នា

នៅក្នុងក្រុមតែមួយ ប្រៀបបានដូចជានៅលើទូកតែមួយ ត្រូវចែវទៅរកទិសដៅតែមួយ កុំខ្វល់សម្លេងស្រែកហៅនៅជុំវិញ ហើយមើលតែគោលដៅឲ្យត្រង់។ ដូច្នេះនៅពេលអ្នករើសមនុស្សចូលក្រុម គួរតែមើលទស្សនៈវិស័យថាដូចគ្នាឬអត់ ប៉ុន្តែពេលខ្លះអ្នកគ្រាន់តែត្រូវការពួកគេក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ 

២. គោលដៅគឺទៅរកភាពជោគជ័យ

មនុស្សនៅក្នុងក្រុមមានតួនាទីខុសៗគ្នា ប៉ុន្តែមនុស្សគ្រប់គ្នាមានគោលដៅតែមួយគឺស្វែងរកជ័យជម្នះ។ ប្រសិនបើសមាជិកក្រុម ធ្វើការរបស់ពួកគេរៀងៗខ្លួនហើយប្តេជ្ញាច្បាំងយកជ័យជម្នះជូនក្រុម វាមានឱកាសច្រើនក្នុងការជោគជ័យ។ ប្រសិនបើអ្នកមិនមានគោលដៅច្បាស់លាស់សម្រាប់ការខំប្រឹងរបស់ក្រុមទាំងមូលទេនោះ អ្នកនឹងបង្កើតកំហុសជាច្រើន ខាតពេល ខាតលុយ ហើយអាចនឹងបរាជ័យក្នុងអាជីវកម្មទៀតផង។

៣. អ្នកមិនមែនគ្រាន់តែធ្វើការដើម្បីបំបាត់ការអផ្សុកទេ

ទោះជាអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែបើមានឥរិយាបទធ្វើការមិនល្អ អ្នកនឹងមិនអាចយកជ័យជម្នះបានឡើយ។ អ្នកអាចមើលនៅក្នុងការលេងកីឡា និងធ្វើជំនួញ ការខិតខំប្រឹងប្រែងក្នុងពេលចាប់ផ្តើម ទាមទារឲ្យមានការប្តេជ្ញាខ្ពស់ចំពោះគោលដៅ និងមានចំណង់ចំណូលចិត្តធ្វើការខ្លាំង។ ការខិតខំធ្វើការមិនមែនមានន័យថាអ្នកមិនអាចមានពេលសប្បាយខ្លះនោះទេ។ តាមពិតទៅ ពេលខ្លះនៅពេលដែលអ្នកខិតខំធ្វើការខ្លាំងបំផុត វាគឺជាពេលដែលរីករាយបំផុត ព្រោះថាក្រុមរបស់អ្នកអាចទទួលបានជ័យជម្នះ និងសមិទ្ធផលអស្ចារ្យជាច្រើនទៀត។

៤. សមាជិកក្រុម មានទំនាក់ទំនងល្អជាមួយគ្នា

ក្រុមដ៏ខ្លាំងមួយ គឺជាក្រុមដែលអាចទាក់ទងគ្នាក្នុងរបៀបមួយមានប្រសិទ្ធភាពបំផុត មិនថាក្នុងស្ថានភាពបែបណា នៅទីណានោះទេ។ ការមានទំនាក់ទំនងល្អជាមួយគ្នា មិនមែនមានន័យថាការលេងសើចច្រើននោះទេ ប៉ុន្តែជាទំនាក់ទំនងការងារមួយដែលអាចជួយគ្នាបានទៅវិញទៅមកក្នុងស្ថានភាពពិបាកមួយ។ 

៥. ស្តាប់តាមអ្នកដឹកនាំ និងគណៈគ្រប់គ្រង

នៅក្នុងកីឡា សមាជិកក្រុមត្រូវបានបង្វឹកតាមជំនាញ និងតួនាទីរបស់ពួកគេរៀងៗខ្លួន ហើយពួកគេត្រូវតែច្បាស់ក្នុងខ្លួនថាពួកគេបានត្រៀមខ្លួនល្អបំផុត។ នៅក្នុង Startup team សមាជិកក្រុមត្រូវទទួលខុសត្រូវតួនាទីរៀងខ្លួន និងស្តាប់តាមយុទ្ធសាស្ត្រដឹកនាំរបស់អ្នកគ្រប់គ្រង។ ដូចជាក្រុមបាល់ទាត់អញ្ចឹង បើអ្នកស្ថិតក្នុងតួនាទីការពារ ហើយអ្នកមិនខំការពារក្នុងតំបន់ទទួលខុសត្រូវរបស់អ្នកទេនោះ ខាងគូប្រកួតនឹងអាចសុតបញ្ជូលទីបាន ហើយវានឹងធ្វើឲ្យក្រុមទាំងមូលបរាជ័យ។ 

ក្រុមហ៊ុនដ៏អស្ចារ្យចាប់ផ្តើមពីក្រុមដ៏ខ្លាំង។ អ្នកត្រូវអូសទាញមនុស្សពូកែៗពិតប្រាកដឲ្យចូលក្រុម ហើយធ្វើការរួមគ្នាជាមួយពួកគេដើម្បីសម្រេចគោលដៅរួមមួយ គឺជ័យជម្នះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។