ធ្វើដូចម្ដេចទើបគេស្គាល់អាជីវកម្មយើង?

745

ការចេះរៀបចំផែនការអាជីវកម្មល្អ គឺមិនទាន់គ្រប់គ្រាន់ទេប្រសិនបើគ្មានអ្នកស្គាល់ពីការរកស៊ីរបស់អ្នក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលគេពេញនិយមធ្វើនៅប្រទេសកម្ពុជា ដើម្បីអោយអតិថិជនគោដៅដឹងលឺពីអាជីវកម្មរបស់យើង។ 

១. យកចិត្តអតិថិជន៖ នេះគឺជាការផ្សាយពាណិជ្ជកម្មដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់អ្នក។ នៅពេលដែលអតិថិជនពេញចិត្តនឹងទំនិញឬសេវាកម្មរបស់អ្នកហើយ ពិតណាស់ថាគេនឹងប្រាប់ដល់មិត្តភក្កិ បងប្អូនព្រោះគេចង់អោយអ្នកទាំងនោះទទួលបាននូវរបស់ល្អដូចគេដែរ។ ដើម្បីទាក់ទាញចិត្តអតិថិជនបានអ្នកគួរចេះយកចិត្ត ស្ដាប់ការមិនពេញចិត្តរបស់គេ  ហើយបើអាចអ្នកគួរតែធ្វើតែមានការបញ្ចុះតម្លៃ ការថែមនូវជូនសេវាកម្មផ្សេងៗ។ ឧទាហរណ៍ ប្រសិនបើអ្នកបើកភោជីយដ្ឋាន នៅពេលដែលភ្ញៀវរងចាំយូរបន្ដិច ពេលដែលពួកគាត់បរិភោគហើយ អ្នកគួរតែមានថែមបង្អែមលាងមាត់ ឬបញ្ចុះតម្លៃបន្ដិចបន្ដួចដើម្បីប៉ះប៉ូវដល់ការចំណាយពេលវេលារបស់ពួកគាត់។

២. ផ្សាយពីអាជីវកម្មតាមវិទ្យុ៖ ទោះបីជាវាមានគេប្រើប្រាស់តាំងពីយូរណាស់មកហើយ ក៏ពេលនេះវានៅតែពេញនិយមដដែល។ បើចង់អោយអ្នកនៅក្នុងតំបន់ដឹងពីអាជីវកម្មរបស់យើង យើងអាចទាក់ទងទៅខាងវិទ្យុដែលពេញនិយមនៅតំបន់ដែលអ្នករស់នៅដើម្បីអោយផ្សព្វផ្សាយពត៌មានពីមុខជំនួញរបស់យើង ហើយណាមួយវាមានតម្លៃទាបជាងការតាមទូរទស្សន៍ផងដែរ។ 

៣. ចូលរួមក្នុងកម្មវិធីសង្គម៖ បើអ្នកនៅក្នុងទីក្រុងធំៗក្នុងប្រទេសកម្ពុជា នោះប្រាកដណាស់ថានឹងមានកម្មវិធីសង្គមជាច្រើន ដូចនេះអ្នកអាចទាក់ទងទៅខាងអ្នករៀបចំកម្មវិធី ហើយស្នើរសុំអោយគេដាក់ឈ្មោះអាជីវកម្មរបស់អ្នកនៅលើអាវ ឬនៅលើបដា…របស់កម្មវិធីនោះ ប៉ុន្ដែអ្នកក៏ត្រូវឧបត្ថមដល់ខាងកម្មវិធីខ្លះៗដែរ។ ការធ្វើបែបនេះគឺប្រៀបដូចជាព្រួញមួយបាញ់បានសត្វពីរ ព្រោះអ្នកបានចូលរួមការងារសង្គម ហើយធ្វើអោយគេស្គាល់ពីអាជីវកម្មនិងសកម្មភាពមនុស្សធម៌របស់អ្នក។

៤. ចូលរួមសិក្ខាសាលាទាក់ទង់នឹងការរកស៊ី៖ អ្នកមិនត្រឹមតែបានរៀនពីចំណេះដឹងថ្មីៗនិងវិធីសាស្ត្រក្នុងការលក់ទេ អ្នកថែមទាំងអាចបង្កើនទំនាក់ទំនងជាមួយនឹងអ្នកចូលរួមដែលជាម្ចាស់អាជីវកម្មផ្សេងៗផងដែរ។ ពេលនេះគឺយើងជួយផ្សព្វផ្សាយការរកស៊ីគ្នាទៅវិញទៅមក ហើយបើអ្នកអាចបង្កើនទំនាក់ទំនងល្អ ថាមិនបានថ្ងៃក្រោយអ្នកនឹងចាប់ដៃរកស៊ីជាមួយគ្នា។ រឿងដែលអ្នកគួរចងចាំមុនពេលចូលរួមនោះគឺត្រូវត្រៀម business card និងត្រៀមខ្លួនឆ្លើយអោយបានល្អប្រសិនបើមានគេសាកសួរពត៌មានទាក់ទងទៅនឹងអាជីវកម្មអ្នក។

៥. ប្រើប្រព័ន្ធអេឡិចត្រូនិច៖ កុំអោយគេថាមួយថ្ងៃៗឈ្ងោកតែមុខមើលទូរស័ព្ទអត់ប្រយោជន៍ អ្នកត្រូវចេះប្រើបច្ចេកវិទ្យាអោយអស់លទ្ធភាព ដោយចេះបង្កើតផេកដើម្បីផ្សព្វផ្សាយពីអាជីវកម្មអ្នក ទំនិញឬសេវាថ្មីៗ កម្មវិធីបញ្ចុះតម្លៃ និងពត៌មានដូចជាអាស័យដ្ឋាន លេខទូរស័ព្ទ។ តាមស្ថិតិអ្នកប្រើអ៊ីនធើណេតនៅកម្ពុជាមានជាង ៧លាននាក់ រីឯបណ្ដាញសង្គមមានប្រមាណ ៥លាននាក់ បើអ្នកភ្ជាប់អាជីវកម្មរបស់អ្នកទៅនឹងប្រព័ន្ធអ៊ីនធើណេតបាននោះអតិថិជនគោលដៅរបស់អ្នកមានច្រើនរហូតដល់លានអ្នក។ បើអ្នកមិនសូវចេះពីការប្រប្រាស់នូវបច្ចេកវិទ្យាទាំងនេះចូរកុំភ័យ ព្រោះសព្វថ្ងៃនេះមានគេបង្រៀនពីរបៀបបង្កើតផេក ការស្វែងរកអតិថិជនតាមអនឡាញ ឬធ្វើអោយផេកល្បីជាដើម ដោយអ្នកគ្រាន់តែចំណាយលុយប៉ុន្មានដុល្លាប៉ុណ្ណោះដើម្បីរៀនពីវា។ ក្រៅពីនេះអ្នកអាចដាក់អាជីវកម្មរបស់អ្នកនៅលើ Google My Business ដើម្បីងាយស្រួលដល់ការរកប្រសិនបើគេមិនចង់រកតាម facebook ទេ។

៦. ដើរចែកខិតប័ណ្ណ៖ វិធីសាស្ត្រនេះក៏ល្អម្យ៉ាងដែរព្រោះចង់មិនចង់ក៏អ្នកដែលយើងអោយនោះគង់តែនឹងមើលក្រដាសដែលយើងចែកអោយ។ អ្នកអាចចែកតាមផ្លូវ ភ្លើងស្ដុប ឬសៀតតាមទ្វារឡាននៅតាមរោងការឬកម្មវិធីផ្សេងៗ។ ចំនុចសំខាន់នោះគឺយើងត្រូវតែរចនាក្រដាសនោះអោយមានភាពទាក់ទាញ និងដាក់តែពត៌មានណាដែលសំខាន់ដើម្បីកុំអានគេធុញនឹងអាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។