កត្តាដែលធ្វើអោយក្រុមហ៊ុន Alibaba ជោគជ័យ

1725

Alibaba គឺជាក្រុមហ៊ុនមួយដ៏ធំជាងគេរបស់ចិនខាងលក់ទំនិញអនឡាញ ហើយក៏ជាគូរប្រជែងដ៏ខ្លាំងបំផុតរបស់ Amazon ផងដែរ ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ 1999 ក្រោមទស្សនៈវិស័យរបស់លោក Jack Ma ហើយរហូតមកដល់ពេលនេះ Alibaba Group មានទ្រព្យសម្បត្តិប្រមាណ 496 ពាន់លានដុល្លា និងមានក្រុមហ៊ុនចំណុះជាច្រើនទៀត។ ខាងក្រោមនេះគឺជាការវិភាគចំពោះកត្តាដែលនាំអោយ Alibaba ទទួលបានជោគជ័យរហូតដល់ក្លាយទៅជាក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេនៅលើពិភពលោក។

 

១. គំរូអាជីវកម្មប្លែកពីគេ៖ Alibaba ផ្ដល់សេវាកម្មដល់អតិថិជនគោលដៅរបស់ខ្លួនដែលជាម្ចាស់អាជីវកម្មខ្នាតតូច ឬជាបុគ្គលម្នាក់ៗ ដែលនេះបានធ្វើអោយអាជីវកម្មតូចៗទាំងនោះបានចូលរួមក្នុងប្រព័ន្ធរកស៊ីអនឡាញរបស់ខ្លួន។ មិនថា 1688, TaoBao ឬ YiDaTong ទេ អាជីវកម្មស្នូលរបស់ Alibaba ទាំងបីនេះផ្ដោតលើការផ្ដល់សេវាកម្មទៅអោយអ្នករកស៊ីខ្នាតតូច ដែលមិនធ្លាប់មានពីមុនមក ឬមានអ្នកធ្វើក្នុងទ្រង់ទ្រាយធំ។ ដោយសារតែការផ្ដោតលើអាជីវកម្មខ្នាតតូចអញ្ចឹងហើយ ទើបទំនិញនៅលើប្រព័ន្ធលក់របស់ខ្លួនមានច្រើនប្រភេទ ព្រោះតែមានការចូលរួមលក់ពីអតិថិជនគោលដៅរបស់ខ្លួន។ ក្នុងឆ្នាំ 2014 ការដោះដូរលុយក្នុងការលក់នៅលើប្រព័ន្ធរបស់ Alibaba មានរហូតដល់ទៅ 458 លានដុល្លាអាមេរិច។ 

២. គំរូរកប្រាក់ចំនេញថ្មី៖ ប្រាក់ចំនេញរបស់ Alibaba ប្រហែល 60% បានមកពីកាដាក់អោយមានរផ្សាយពាណិជ្ជកម្មនៅលើវេបសាយរបស់ខ្លួន។ ដោយសារតែការអនុញ្ញាតអោយមានអ្នកលក់នៅលើប្រព័ន្ធរបស់ខ្លួនដោយមិនមានយកប្រាក់កម្រៃប្រចាំខែ ទើបទាក់ទាញប្រជាជនចិនជាច្រើនអោយងាកមកប្រើប្រាស់ការទិញទំនិញ និងទូទាត់សាច់ប្រាក់តាមអនឡាញ។ ផ្ទុយពី Ebay នៅប្រទេសចិនដែលទាមទារអោយមានការបង់ប្រាក់សម្រាប់ដាក់លក់ផលិតផល ខណៈ TaoBao អាចទាក់ទាញបានអ្នកលក់ច្រើនជាង Ebay ទៅទៀតដោយសារតែការអនុញ្ញាតអោយដាក់លក់សេរី។ 

៣. ប្រព័ន្ធដោះដូរទំនិញដែលអាចទុកចិត្តបាន៖ ដើម្បីអាចដាក់លក់ទំនិញបាន អ្នកលក់ត្រូវឆ្លងកាត់ការធ្វើតេស្តអោយផុតជាមុនសិនដើម្បីជៀសវាងការដោះដូរទំនិញ និងលុយដែលមិនផ្ដល់ភាពទុកចិត្តដល់អតិថិជន។ ដើម្បីការពារផលប្រយោជន៍របស់អ្នកទិញ លុយដែលអ្នកទិញបង់ដំបូងគឺបានស្ទាក់ទុកនៅក្នុងប្រព័ន្ធរបស់ Alipay រងចាំដល់មានការបញ្ជាក់ពីអ្នកទិញថាខ្លួនបានទទួលរបស់ហើយទើប Alipay ប្រគល់ប្រាក់ទៅដល់អ្នកលក់។ ក្រៅពីនេះក៏មានការវាយតម្លៃពីអតិថិជនចំពោះអ្នកលក់នីមួយៗដើម្បីទុកអោយអ្នកទិញក្រោយៗទៀតពិចារណាមុននឹងជ្រើសរើសអ្នកលក់ណាដែលមានទំនួលខុសត្រូវខ្ពស់។ សម្រាប់បទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំបានទិញទំនិញមួយពី Aliexpress នៅពេលដែលទំនិញមកដល់ខ្ញុំឃើញថាវាតូចជាងរបស់ដែលខ្ញុំចង់បាន ដូចនេះខ្ញុំបានផ្ញើរសារទៅកាន់អ្នកលក់។ នៅពេលដែលអ្នកលក់នោះបានដឹងពីការផ្ញើរឥវ៉ាន់ខុសហើយ គាត់ក៏បានសូមទោស និងផ្ញើរឥវ៉ាន់មកជំនួសវិញដោយមិនមានការបង់ប្រាក់បន្ថែមទេ។ កាលនោះជាលើកទីមួយដែលខ្ញុំទិញទំនិញមកពីចិន ដោយសារតែការធ្វើអោយមានការទុកចិត្តបែបនេះហើយទើបខ្ញុំបន្ដទិញតាម Aliexpress រហូតមកដល់សព្វថ្ងៃនេះ។ 

ចំនុចពិសេសរបស់ Alibaba មួយទៀតនោះគឺគេប្រមូលអតិថិជនជាច្រើនដែលមានចង់ទិញទំនិញដូចគ្នាហើយនៅពេលដែលមានការកម្ម៉ង់គ្រប់ខាង Alibaba ក៏បញ្ជាទិញបន្ដទៅអ្នកលក់ដើម្បីទិញបានក្នុងតម្លៃលក់ដុំ។ ការធ្វើបែបនេះអាចកើតឡើងបានដោយសារការប្រមូលទិន្នន័យរបស់អតិថិជនជាច្រើនមកផ្ដុំគ្នាហើយបែងចែកទៅតាមផ្នែកនីមួយៗ។ ក្រៅពីនេះវាធ្វើអោយចំណេញទាំងអ្នកផលិតនិងអ្នកទិញ ហើយការផ្គត់ផ្គង់ឥវ៉ាន់ក៏លឿនផងដែរ។

៤. ប្រព័ន្ធអាជីវកម្មអនឡាញក្រោមក្រុមហ៊ុនតែមួយ៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការរកស៊ីតាមអនឡាញ Alibaba បានបង្កើតនូវក្រុមហ៊ុនចម្រុះជាច្រើនដែលមានដូចជា៖ 

  • Alimama៖ ឯកទេសខាងផ្ដល់សេវាផ្សាយពាណិជ្ជកម្មរបស់ Alibaba ដោយវាផ្ដល់នូវប្រាក់ចំនូលអោយ Alibaba បានរហូតដល់ 60%។ Alimama មានសមត្ថភាពក្នុងការប្រមូលផ្ដុំពត៌មានរបស់អតិថិជនទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធអាជីវកម្មរបស់ Alibaba ហើយអាចសិក្សាពីចំណូលចិត្តរបស់អ្នកទិញនីមួយៗដើម្បីដាក់ផ្សាយនូវពាណិជ្ជកម្មណាដែលពួកគេចាប់អារម្មណ៍។ 
  • ការប្រើប្រាស់នូវទិន្នន័យដែលប្រមូលបានពីការរស់នៅប្រចាំថ្ងៃរបស់អតិថិជនគោលដៅ ដោយ Alibaba បានទិញយកក្រុមហ៊ុនដូចជា តាក់ស៊ី ព្យាករណ៍អាកាសធាតុ ចម្រៀង ដើរកំសាន្ដ ឬ ផែនទីជាដើម ហើយទិន្នន័យទាំងនោះអាចយកមកប្រើប្រាស់បានសម្រាប់ការផ្សាយពាណិជ្ជកម្ម។ 
  • TaoBao Ke៖ ជាអ្នកជំនួយដល់អ្នកលក់ក្នុងការស្វែងរកអតិថិជនគោលដៅរបស់ខ្លួន។ នៅពេលដែលអាចលក់បានផលិតផលណាមួយ អ្នកជំនួយទាំងនោះក៏ទទួលបានលុយពីផលិតផលនោះដែរ។ 
  • កាលពីឆ្នាំ 2014 TaoBao បានទិញភាគហ៊ុនចំនួន 16.5% ពីវេបសាយវីដេអូធំបំផុតរបស់ចិន ហើយប្រើប្រាស់វាសម្រាប់ការផ្សាយពាណិជ្ជកម្មតាមវីដេអូ ដែលវាស្រដៀងនឹងការផ្សាយពាណិជ្ជកម្មរបស់ youtube ដែរ។
  • មីក្រូហិរញ្ញវត្ថុ៖ Alibaba ក៏ផ្ដល់នូវការខ្ចីលុយដល់អ្នកចង់រកស៊ីខ្នាតតូច ដែលពីមុនមកពួកគេពិបាកនឹងខ្ចីលុយពីធនាគារ។ 
  • Alibaba បានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗទាំងបួននៅក្នុងប្រទេសចិនដោយបានដាក់ឈ្មោះថា China Smart Network (CSN) ។ អ្នកទិញអាចមានជម្រើសក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនដូចជា លឿនបំផុត ធូរថ្លៃជាងគេ និងមានសុវត្ថិភាពជាងគេ៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។