ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាត្រូវបានគេមើលឃើញថាវិស័យអចលនទ្រព្យមានកម្លាំងវិនិយោគខ្លាំងបំផុតបើប្រៀបធៀបគ្នាជាមួយវិស័យផ្សេងទៀត។ ងាកមកមើលការបង្កើតអាជីវកម្មថ្មីៗ (startups) នៅកម្ពុជាវិញក៏ត្រូវបានគេមើលឃើញថាកំពុងតែមានកម្រើកខ្លាំងដែរចាប់តាំងពីដើមឆ្នាំ 2018 មក ខណៈក្រុមហ៊ុនឯកជនធំៗមួយចំនួនកំពុងតែសម្លឹងឃើញសក្តានុពលនៃវិស័យនេះ តាមរយៈការបង្កើតមូលនិធីវិនិយោគនានា ហើយក្រុមហ៊ុនក្នុងស្រុកធំមួយកំពុងបង្កើតតំបន់ startup មួយផងដែរ។
បច្ចុប្បន្ននេះ ក្រុម Startups នៅកម្ពុជាភាគច្រើនជាអតីតបុគ្គលិកធ្វើការឲ្យក្រុមហ៊ុនផ្សេងៗ ដែលពួកគេមានបទពិសោធន៍ និងដើមទុនខ្លះៗ។ ដំណាលគ្នានេះដែរ សិស្សនៅតាមសកលវិទ្យាល័យធំៗមួយចំនួនក៏ចាប់ផ្តើមបង្កើតក្រុមជំនួញ ខណៈក្រុមខ្លះទទួលបានការគាំទ្រពីសកលវិទ្យាល័យរបស់ពួកគេ ចំណែកក្រុមខ្លះទៀតបង្កើតឡើង និងគ្រប់គ្រងដោយខ្លួនឯង។ ក្រុម startups ទាំងនោះពួកគេភាគច្រើនផ្តោតលើអាជីវកម្មបែបបច្ចេកវិទ្យា និងអ៉ីនធើណែតដូចជា គេហទំព័រកក់សំបុត្រ គេហទំព័រហៅយាន្តជំនិះ គេហទំព័រលក់ទំនិញ គេហទំព័រណែនាំកន្លែងកំសាន្ត សេវាដឹកជញ្ជូនដោយប្រើ App សេវាឌីស្សាញ…។
ឆ្នាំ 2019 ត្រូវបានគេជឿថា វានិងក្លាយជាឆ្នាំល្អបំផុតមួយសម្រាប់ចេញរកស៊ីនៅកម្ពុជា ខណៈទីផ្សារនៅមានចន្លោះទូលាយច្រើន ហើយមិនទាន់មានការប្រកួតប្រជែងខ្លាំងនៅឡើយ។ Startups Team ខ្លាំងៗនឹងបង្ហាញខ្លួន ហើយ Angel Investors និងមានចំនួនកាន់តែច្រើន ខណៈ Venture Capitalists និង ក្រុមហ៊ុនវិនិយោគឯកជនភាគច្រើននៅកម្ពុជាកំពុងទទួលបានទុនពីបរទេសរាប់រយលានដុល្លារមកវិនិយោគនៅកម្ពុជា ក្នុងនោះពួកគេក៏វិនិយោគនៅក្នុងអាជីវកម្មបង្កើតថ្មីផងដែរ។
ទាក់ទិន្ននឹងការព្យាករណ៍នេះ គេហទំព័រ apamat.com សូមផ្តល់ជាយោបល់ឲ្យអ្នកដែលមានបំណងចង់ចេញរកស៊ី នឹងអ្នកដែលស្វែងរកឱកាសវិនិយោគ គួរតែត្រៀមខ្លួនដើម្បីចាប់យកឱកាសដែលនឹងកើតឡើង៕
