អ្នកលក់អនឡាញសម្បូរស្នេហ៍ ប៉ះសុភាពបុរសចិត្តស៊ូ (ភាគបញ្ចប់)

3316

នៅក្នុងបន្ទប់សៀវភៅដ៏ស្ងាត់មួយ ណាយប៊ុនកំពុងអង្គុយសម្លក់ក្រដាសសប៉ុន្មានសន្លឹកនៅលើតុ ហើយបានសរសេររៀបរាប់ភាពឈឺចាប់របស់គេជាអក្ខរា ដែលបានមកពីការស្រលាញ់ជីនអ៉ីតែម្នាក់ឯងអស់រយៈពេលជាងពីរខែមកនោះ។ ណាយប៊ុនចំណាយពេលរាល់យប់ក្នុងបន្ទប់សៀវភៅនោះ និងសរសេរពាក្យនៅក្នុងចិត្តរបស់គេនៅលើក្រដាសហើយយកទៅដុតចោល រហូតយប់មួយគេស្រាប់តែចង់ធ្វើអ្វីម៉្យាងមានប្រយោជន៍ជាងសម្ងំធ្វើបាបខ្លួនឯងបែបនោះ។ គេបានរកឃើញគំនិតបើកអាជីវកម្មមួយ… ណាយប៊ុនទាញក្រដាស និងប៊ិចមកគូសព្រៀងគំនិតនោះ វាគឺជាការបង្កើតគេហទំព័រមួយដែលណែនាំសៀវភៅ ណែនាំកន្លែងដើរលេង ណែនាំហាងអាហារ និងចែករំលែកបទពិសោធន៍ស្នេហាយុវវ័យ។ ណាយប៊ុនបានសរសេរគម្រោងនោះយ៉ាងស្អាត ហើយគេបានទៅអូសទាញមិត្តរបស់គេ 4នាក់ថែមទៀតដែលចាប់អារម្មណ៍គម្រោងនោះ ដើម្បីបង្កើតជា Startup Team មួយ។ ក្រោយពីបង្កើតបានក្រុមមួយហើយ ណាយប៊ុនកាន់តួនាទីជា CEO និងប្រធានផ្នែកទីផ្សារ ម្នាក់ទៀតកាន់តួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ និងបីនាក់ផ្សេងទៀតកាន់តួនាទីប្រតិបត្តិការរួមមានអ្នករចនារូបថត និងវីឌីអូ អ្នកថតរូប និងអ្នកសរសេរអត្ថបទ សរុបទៅ Startup មួយក្រុមនេះមានគ្នា 5នាក់។

ក្រោយពីមានក្រុមហើយ ពួកគេបានប្រមូលទុនពីសមាជិកក្រុមទាំងអស់បានសរុប $5,000 ដោយ ណាយប៊ុន កាន់កាប់ភាគហ៊ុន 51% ហើយឯកសារផ្លូវច្បាប់ផ្សេងៗត្រូវបានចុះហត្ថលេខា។ បន្ទាប់ពីបានទុនមកហើយ ពួកគេបានចំណាយលើការរចនាគេហទំព័រ ទិញម៉ាស៉ីនថតរូប និងសម្ភារៈសំខាន់ៗដ៏ទៃទៀត ហើយធ្វើការជាលក្ខណៈ Freelance។  មួយខែក្រោយមកអ្វីៗទាំងអស់បានរៀបរយ ពួកគេក៏បានចាប់ផ្តើម។

គ្រាន់តែចាប់ផ្តើមដំបូងគេហទំព័ររបស់ពួកគេទទួលបានការគាំទ្រយ៉ាងច្រើន ជាពិសេសយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេបានប្រើមិត្តភ័ក្តិនៅសាលាដែលជាស្រីស្អាត និងប្រុសស្អាតថតរូប និងវីឌីអូផ្សាយពានិជ្ជកម្ម។ ពួកគេបានខិតខំយ៉ាងអស់ពីកម្លាំងកាយចិត្ត ទាំងថ្ងៃទាំងយប់ ដោយសារតែវាគឺជាស្នាដៃដំបូងរបស់ពួកគេក្នុងជីវិត ហើយពួកគេចង់ទទួលបានជោគជ័យដើម្បីប្រកាសប្រាប់ពិភពលោកថាពួកគេមិនមែនជាមនុស្សឥតប្រយោជន៍នោះទេ។ ទោះជាមានឧបសគ្គច្រើន និងមិនទាន់អាចរកចំណូលបានក៏ដោយ ពួកគេនៅតែបន្តធ្វើការកាន់តែខ្លាំងទៅៗ រហូតអាចរកចំណុចរួចដើម (Break-even) នៅចុងខែទីបីនៃអាជីវកម្មរបស់ពួកគេ។ 

ចំណុចពិសេសនៃអាជីវកម្មរបស់ពួកគេ គឺការណែនាំសៀវភៅ និងណែនាំកន្លែងកំសាន្ត ត្រូវបានគេមើលឃើញថាមានភាពលេចធ្លោរជាងគេ ហើយប្រភពចំណូលធំបំផុតរបស់ពួកគេគឺបានពីសេវាផ្សាយពានិជ្ជកម្ម ក្នុងចំណោមប្រភពចំណូលទាំងអស់។ ក្រោយពី Break-even ពួកគេអាចរកចំណូលបានជាមធ្យម $15,000 ក្នុងមួយខែរាប់ចាប់ពីខែទី 6 នៃការចាប់ផ្តើមរបស់ពួកគេ។ នៅខែទី 7 ពួកគេក៏អាចជួលទីតាំងធ្វើការជាក់លាក់ និងរៀបចំ studio ខ្នាតតូចមួយ។ 

ពីរឆ្នាំក្រោយមក Startup របស់កំលោះកម្សត់ស្នេហ៍ ណាយប៊ុន ទទួលបានទុនវិនិយោគពី Startup ធំមួយទៀតឈ្មោះ MMG CAMBODIA ចំនួនកន្លះលានដុល្លារ និងទទួលបានការជួយពង្រឹងធនធានមនុស្សបន្ថែម ហើយបានធ្វើឲ្យ Startup របស់ណាយប៊ុនកាន់តែមានឥទ្ធិពល។ បន្ទាប់ពីទទួលបានទុនរួចហើយ ណាយប៊ុន និងក្រុមរបស់គេបានបង្កើតអាជីវកម្មមួយទៀត គឺក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនដោយប្រើកម្មវិធីទូរស័ព្ទ រួមបញ្ជូលមានសេវាដឹកជូនអាហារ និងទំនិញខ្នាតតូចជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា ដោយសារតែពួកគេមានដៃគូ និងបទពិសោធន៍ច្រើនស្រាប់ពីការដើរណែនាំហាងអាហារក្នុងរយៈពេលពីរឆ្នាំកន្លងមក។ បន្ទាប់ពីបានបទពិសោធន៍ពីអាជីវកម្មដឹកជញ្ជូននោះហើយ ពួកគេបានបង្កើតអាជីវកម្មមួយទៀត គឺគេហទំព័រលក់ទំនិញ ដោយសារតែពួកគេមានសេវាដឹកជញ្ជូនស្រាប់ និងដើម្បីជួយគាំទ្រម្ចាស់ផលិតផលនៅក្នុងស្រុកឲ្យមានទីផ្សារធំ និងផ្តល់បទពិសោធន៍លក់កាន់តែលឿន ងាយស្រួល និងមានទំនុកចិត្តខ្ពស់។

ដោយសារមានការជួយជ្រុំជ្រែងពី MMG CAMBODIA ក្រុមរបស់ណាយប៊ុនកាន់តែថ្លើមធំហ៊ានបង្កើតអាជីវកម្មជាច្រើន និងបានទិញយក Startups ថ្មីៗជាច្រើនដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនក្នុងរយៈពេលតែប្រាំឆ្នាំ ។ ភាពជោគជ័យរបស់ណាយប៊ុន បានក្លាយជាប្រធានបទក្តៅនៅក្នុងប្រទេស ដោយសារតែសមត្ថភាពធ្វើជំនួញរបស់គេ ជាពិសេសភាពវ័យក្មេងរបស់គេ ធ្វើឲ្យនារីៗជាច្រើនប៉ងប្រថ្នារូបគេជាគូគាប់។ មិនតែប៉ុណ្ណោះ ណាយប៊ុនបានក្លាយជាគម្រូ និងតួអង្គជម្រុញវិស័យ Startup នៅកម្ពុជាឲ្យផ្ទុះឡើងកាន់តែខ្លាំង។

ថ្ងៃមួយណាយប៊ុនទៅទិញសៀវភៅនៅក្នុងហាងលក់សៀវភៅមួយនៅក្នុងផ្សារទំនើប ពេលកំពុងរកមើលសៀវភៅនៅលើទូ ណាយប៊ុនបានចាប់អារម្មណ៍សៀវភៅមួយក្បាល ហើយបានយកដៃចាប់យកសៀវភៅនោះ ស្រាប់តែចាប់ចំដៃមនុស្សស្រីម្នាក់ទៅវិញ.. ណាយប៊ុនងាកមើលទៅម្ចាស់ដៃនោះស្រាប់តែឃើញជីនអ៉ី ដែលជាស្នេហ៍ដំបូងរបស់គេកាលពីប្រាំឆ្នាំមុន។ ពួកគេមានការភ្ញាក់ផ្អើល ប៉ុន្តែណាយប៊ុនដូចជាមានអារម្មណ៍ភ័យយ៉ាងម៉េចមិនដឹង….

ណាយប៊ុន ៖ ជីនអ៉ី…! (និយាយរដិបរដុប)

ជីនអ៉ី ៖ ហា៎… ណាយប៊ុន បាត់ទៅណាយូរម្លេស មិនដែលឃើញជួយទិញឥវ៉ាន់របស់ខ្ញុំទៀតសោះ!!!

ណាយប៊ុន ៖ ខ្ញុំរវល់ ហើយខ្ញុំបានលុប accounts Facebook និង ឈប់លេង Instagram ហើយ។ 

ជីនអ៉ី ៖ មិនមែនសម្ងំខូចចិត្តណាអី…! (សើច)

ណាយប៊ុន ៖ មានណាញុមរវល់ក្នុង Business តើ…! (មុខក្រហម) តោះបានជាជួបគ្នាទៅហើយ ទៅញាំកាហ្វេជជែកគ្នាលេងបន្តិចទៅអី..។

ជីនអ៉ី ៖ អូខេ… ចឹងក៏បានតោះ!

នៅក្នុងហាងកាហ្វេ ពួកគេបានជជែកគ្នាអំពីរឿងជាច្រើនដែលពួកគេបានធ្វើក្នុងកំឡុងពេលប្រាំឆ្នាំកន្លងមកនោះ…

ណាយប៊ុនគិតថាជីនអ៉ីរៀបការរួចហើយ ប៉ុន្តែតាមពិតជីនអ៉ីក៏ជួបរឿងឈឺចាប់ដូចជាណាយប៊ុនដែរ ព្រោះបុរសជាសង្សាររបស់នាងបានលួចទាក់ទងនារីផ្សេងទៀត ហើយនៅពេលដែលនាងដឹងក៏ផ្តាច់ទំនាក់ទំនងនោះរហូតមក។

ណាយប៊ុន ៖ ចុះយ៉ាងម៉េចហើយរឿងរៀបការ?

ជីនអ៉ី ៖ ខ្ញុំមិនចង់និយាយពីវាទេ ពួកយើងបានចែកផ្លូវគ្នាតាំងពីបួនឆ្នាំមុនម្លេះ…! ចុះណាយប៊ុនឯង ខ្ញុំឃើញដូចជាល្បីដល់ហើយឥឡូវ!

ណាយប៊ុន ៖ អរ…! តាមពិតទៅជារឿងធម្មតាតាស៎! 

បន្ទាប់ពីថ្ងៃនោះមក ណាយប៊ុន add friend ទៅជីនអ៉ីជាថ្មី ហើយពួកគេបាន chat ជាមួយគ្នាស្ទើររាល់ថ្ងៃរហូតមានចិត្តលើគ្នាទៅវិញទៅមក។ បីខែក្រោយមក ណាយប៊ុនបានធ្វើឲ្យជីនអ៉ីរំភើបដោយសារគេបាននាំម៉ាក់ប៉ារបស់គេទៅចូលស្តីដណ្តឹងជីនអ៉ី ហើយប្រាំខែក្រោយមកទៀតពួកគេក៏រៀបការជាមួយគ្នា។ 

ពោល៖ ណាយប៊ុនទទួលស្គាល់បទពិសោធន៍ឈឺចាប់ក្នុងរឿងស្នេហា ដោយសារស្នេហ៍គ្រាដំបូងរបស់គេ ប៉ុន្តែការឈឺចាប់នោះបែរជាធ្វើឲ្យគេរកឃើញគោលដៅជីវិតពិតប្រាកដ និងធ្វើឲ្យជីវិតរបស់គេកាន់តែមានអត្ថន័យទៅវិញ។ តើអ្នកជឿលើនិស្ស័យដែរទេ? ករណីរបស់ណាយប៊ុនមានសង្ឃឹមតិចណាស់ថាបានជីនអ៉ីជាគូជីវិត ប៉ុន្តែចុងក្រោយពួកគេនៅតែអាចបានរស់នៅជាមួយគ្នា….។ ចប់ដោយបរិបូណ៌៕

ទទួលសិទ្ធផ្សាយ និងរក្សាសិទ្ធគ្រប់យ៉ាងដោយ apamat.com

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។