ចំណេះដឹងវិនិយោគ៖ តើធ្វើបែបណាដើម្បីកាត់បន្ថយហានិភ័យវិនិយោគ?

1261

អាជីពវិនិយោគគឺជាអាជីពមួយដែលមិនសូវហត់ និងរកលុយបានស្រួល ប៉ុន្តែមុននឹងដល់ចំណុចងាយស្រួលទាំងនោះ ត្រូវឆ្លងកាត់បទពិសោធន៍បរាជ័យ និងហត់នឿយមិនតិចទេ។ នៅក្នុងប្រទេសរបស់យើង ការវិនិយោគជាលក្ខណៈឯកជនមិនទាន់មានភាពទូលំទូលាយប៉ុន្មាននោះទេ ដោយសារមានហេតុផលរាំងស្ទះមួយចំនួន ហើយហេតុផលចំបងគឺថាប្រជាជនខ្មែរមិនសូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការងារវិនិយោគគឺជាការងារមួយស្មុកស្មាញនៅពេលដំបូង ប៉ុន្តែនៅពេលដែលយើងច្បាស់ជំនាញនេះហើយ វាគឺជារឿងមួយដ៏រីករាយ ប្រសិនបើប្រៀបធៀបក្នុងការងារផ្សេងទៀតក្នុងការធ្វើជំនួញ។ វាងាយស្រួលត្រង់ថា យើងគ្រាន់តែវិភាគលើអ្វីដែលយើងចង់វិនិយោគ ហើយយើងមិនចាំបាច់ហត់ធ្វើការនោះទេ ទោះបីជាយើងដេក ដើរ ឬអង្គុយក៏លុយនៅតែជាអ្នករត់មករកយើង ប៉ុន្តែបើវិនិយោគខុសប្រាកដជាខាត។ ថ្ងៃនេះ apamat.com នឹងចែករំលែកចំណេះដឹងខ្លះៗអំពីការវិនិយោគ តើអ្នកវិនិយោគធ្វើបែបណាដើម្បីកាត់បន្ថយហានិភ័យ?

មានច្បាប់ធំៗពីរដែលអ្នកវិនិយោគតែងតែចងចាំ ទីមួយ “កុំដាក់ពងមាន់ទាំងអស់ក្នុងកន្ត្រកតែមួយ (កុំយកលុយទាំងអស់ដែលអ្នកមានទៅវិនិយោគលើតែមួយប្រភព) ទីពីរ “ហានិភ័យកាន់តែខ្ពស់ ចំណេញត្រូវតែបានច្រើន”។

ដើម្បីកាត់បន្ថយហានិភ័យយើងត្រូវបំបែកការវិនិយោគរបស់យើង។ នេះខ្ញុំនិយាយអំពីការហ៊ានប្រថុយ ហ៊ានប្រថុយត្រង់នេះគឺមានន័យថាយើងយកលុយទៅវិនិយោគលើអ្វីមួយដែលមិនអាចទុកចិត្តបាន 100% ប៉ុន្តែវាអាចរកចំណូលបានមកវិញច្រើន។ ឧទាហរណ៍ថា អ្នកមានលុយ 1លានដុល្លារ បើអ្នកយកលុយទៅដាក់នៅធនាគារធំៗ វាគឺមានសុវត្តិភាពខ្ពស់ ប៉ុន្តែបច្ចុប្បន្នអត្រាការប្រាក់ដែលធនាគារផ្តល់ឲ្យស្ថិតនៅក្នុងចន្លោះ 7% ក្នុងមួយឆ្នាំប៉ុណ្ណោះ។ តែបើអ្នកយកលុយនោះទៅដាក់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គេនឹងឲ្យការប្រាក់អ្នកខ្ពស់ជាងធនាគារ ព្រោះមីក្រូហិរញ្ញវត្ថុអាចបិទទ្វារត់ចោលអ្នកបាន មានន័យថាវាមានហានិភ័យខ្ពស់ជាងដាក់នៅធនាគារ។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យ យើងត្រូវបំបែកលុយវិនិយោគរបស់យើងទៅដាក់ក្នុងប្រភពផ្សេងៗគ្នា អ្នកអាចយកលុយមួយលានដុល្លារនោះទៅវិនិយោគចំណែកក្នុងធនាគារខ្លះ មីក្រូហិរញ្ញវត្ថុខ្លះ ក្នុង startups ខ្លះ វិនិយោគលើសុខភាព និងចំណេះដឹងខ្លះ ទិញភាគហ៊ុនខ្លះ…។

យើងក៏ត្រូវចេះវិភាគពីទំហំនៃការប្រថុយនោះដែរ ឧបមាថាដាក់លុយនៅធនាគារមានសុវត្តិភាពខ្ពស់មែន ប៉ុន្តែវាមានចំណូលមកវិញតិច ហើយបើដាក់នៅមីក្រូហិរញ្ញវត្ថុ ឧទាហរណ៍ថាអ្នកបានការប្រាក់ 12% ក្នុងមួយឆ្នាំ ធៀបនឹងធនាការបានតែ 7% អ្នកអាចពិចារណាដាក់លុយខ្លះនៅមីក្រូហិរញ្ញវត្ថុ ប៉ុន្តែបើមីក្រូហិរញ្ញវត្ថុនោះឲ្យការប្រាក់តែ 8% ឬ 9% ខុសគ្នាតែបន្តិច អ្នកគួរដាក់លុយក្នុងមីក្រូហិរញ្ញវត្ថុនោះបន្តិចបានហើយ។

មិនមែនតែដាក់លុយនៅក្នុងធនាគារនោះទេ អ្នកអាចវិនិយោគលើអ្វីផ្សេងទៀតដូចជាវិនិយោគក្នុងអាជីវកម្មបង្កើតថ្មី អចលនទ្រព្យ សន្លឹកភាគហ៊ុន… ប៉ុន្តែអ្វីដែលអ្នកត្រូវគិតគូរគឺវិភាគថាមួយណាចំណេញជាង ហើយហានិភ័យរបស់វាក្នុងកម្រិតណា។ អ្នកគួរយកការវិនិយោគទាំងអស់ប្រៀបធៀបជាមួយធនាគារ ព្រោះធនាគារត្រូវបានគេចាប់ទុកថាជាការវិនិយោគមួយដែលមានសុវត្តិភាពបំផុត ប៉ុន្តែនៅថ្ងៃអនាគតអត្រាការប្រាក់និងថយទៅតិចទៅៗ។ មានន័យថា បើការវិនិយោគផ្សេងទៀតមិនបានចំណូលច្បាស់លាស់ និងមិនអាចរកចំណូលបានប្រហែលដាក់នៅធនាគារទេ យកលុយដាក់ក្នុងធនាគារវិញល្អជាង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។