សម្រាប់អ្នកចង់បង្កើតអាជីវកម្ម ហើយមិនសូវមានលុយជាប់នឹងខ្លួន ច្បាស់ណាស់ថាអ្នកនឹងទៅខ្ចីលុយឬរកការវិនិយោគពីប្រភពខាងក្រៅ។ ដើម្បីស្វែងរកលុយបានវាមិនលំបាក ហើយក៏មិនស្រួលប៉ុន្មានដែរ ដោយអ្នកត្រូវតែច្បាស់លាស់ពីគម្រោងអាជីវកម្មរបស់ខ្លួន។ ថ្ងៃនេះ Apamat សូមបង្ហាញនូវតិចនិចចំនួនបួនដែលអាចយកមកប្រើប្រាស់បានដើម្បីទាក់ទាញអ្នកវិនិយោគ ឬអ្នកអោយខ្ចីលុយដើម្បីមករកស៊ី។

១. គម្រោងអាជីវកម្ម៖ នៅពេលពន្យល់ពីអាជីវកម្មទៅអ្នកដែលអោយអ្នកខ្ចីឬដាក់លុយវិនិយោគមិនថាជាបងប្អូន មិត្តភក្កិ ឬគ្រឹស្ថានផ្ដល់ប្រាក់កម្ចីនោះទេ យើងត្រូវពន្យល់ប្រាប់គេថា ហេតុអ្វីដែលគេគួរតែអោយលុយយើងខ្ចី? កុំនិយាយតែពីចំនុចវិជ្ជមាន និងលក្ខណៈពិសេសរបស់មុខរបរដែលយើងចង់បង្កើតឡើងនោះ អ្នកក៏ត្រូវតែប្រាប់គេពីឧបសគ្គដែលអាចនឹងកើតឡើងហើយនិងវិធីត្រៀមខ្លួនដើម្បីទប់ទល់នឹងបញ្ហាទាំងនោះ។ រឿងមួយដែលត្រូវចងចាំមុននឹងទៅជួបគេគឺយើងត្រូវសិក្សាអោយច្បាស់ពីគម្រោងអាជីវកម្មរបស់ខ្លួនដើម្បីកុំអោយពេលគេសួរទៅមានចម្លើយរដាក់រដុបដែលនាំអោយគេបាត់បង់ជំនឿចិត្ត។

២. ដៃគូរសហការរបស់អ្នក៖ ត្រូវចេះជ្រើសរើសដៃគូរសហការអោយបានត្រឹមត្រូវតាមជំនាញដែលអាជីវកម្មនីមួយៗត្រូវការ ហើយអ្នកទាំងនោះគួរតែមានបទពិសោធន៍ក្នុងការអនុវត្តនូវជំនាញរបស់ខ្លួននិងអាចទុកចិត្តបាន។ ឧទាហរណ៍ បើអ្នកចង់បើកហាងកាហ្វេមួយ យើងត្រូវមានអ្នកទទួលខុសត្រូវខាងលុយកាក់ (គណនេយ្យនិងហិរញ្ញវត្ថុ) អ្នកជំនាញខាងឆុងកាហ្វេ អ្នកគ្រប់គ្រងបុគ្គលិក ឬ អ្នកគ្រប់គ្រងទំនិញដែលត្រូវទិញចូលជាដើម។ វិធីនេះត្បិតមិនទទួលបានទុនទាំងស្រុង ប៉ុន្តែការមានមនុស្សពូកែចូលជួយ ក៏អាចរាប់ថាជាទុនមួយផងដែរ។

៣. ហិរញ្ញវត្ថុ៖ ត្រូវបង្ហាញអ្នកវិនិយោគឬម្ចាស់បំណុលអោយច្បាស់លាស់ថាតើគម្រោងអាជីវកម្មនោះនឹងរកប្រាក់តាមវិធីណា។ ការនិយាយប្រាប់គេត្រូវតែពិតប្រាកដ ហើយច្បាស់ណាស់ថាអ្នកនឹងត្រូវប្រាប់គេពីបញ្ហាដែលអាជីវកម្មនោះនឹងជួបនាពេលអនាគត។ បើអ្នកគេចវេសមិនប្រាប់ពីបញ្ហាក្នុងអាជីវកម្មនោះទេ វានឹងធ្វើអោយគេគិតថាអ្នកមិនបានគិតល្អិតល្អន់ពីគម្រោងអាជីវកម្មនោះព្រោះអ្វីដែលគេចង់ដឹងនោះគឺតើអ្នកនឹងប្រើមធ្យោបាយអ្វីដើម្បីដោះស្រាយបញ្ហាក្នុងការរកស៊ីអ្នក។ អ្នកត្រូវដឹងអោយច្បាស់ថាតើអ្នកត្រូវការលុយប៉ុន្មានដើម្បីធ្វើអោយអាជីវកម្មនោះដំណើរការ? ក្រៅពីនេះត្រូវសិក្សាពីលក្ខខណ្ឌនៃការវិនិយោគ ឬលុយអោយខ្ចីនោះ។ ប្រសិនបើអ្នកធ្លោយមាត់ថាប្រាក់ដែលយកទៅប្រើប្រាស់នោះ មួយផ្នែកគឺសម្រាប់ជាលុយប្រាក់ខែផ្ទាល់ខ្លួន គេប្រាកដជាមិនអោយលុយអ្នកទេ បើអ្នកចង់បានប្រាក់ខែគួរតែទៅធ្វើការវិញល្អជាងកុំចេញមករកស៊ី។ ចំនុចសំខាន់បំផុតនោះគឺអ្នកវិនិយោគចង់ដឹងថាតើយូរប៉ុណ្ណាទើបគេអាចទទួលបានផលពីការវិនិយោគនោះ ដូចនេះពត៌មានដែលអ្នកផ្ដល់អោយនឹងត្រូវបានគេយកទៅវិភាគមើលមុននឹងអោយប្រាក់អ្នក។ 

៤. ការគ្រប់គ្រង៖ ចុងក្រោយបំផុតអ្នកវិនិយោគនិងអ្នកអោយខ្ចីលុយនោះចង់ដឹងថាក្នុងប្រតិបត្តិការប្រចាំថ្ងៃ តើអ្នកណាជាអ្នកគ្រង់គ្រងតាមផ្នែកនីមួយៗ ព្រោះពត៌មានទាំងនេះមានសារសំខាន់សម្រាប់ការវិនិយោគរបស់ពួកគេ។ ប្រាប់អោយបានល្អិតល្អន់ពីប្រវត្តិរូបនិងបទពិសោធន៍ក្នុងការងារដែលទាក់ទងទៅនឹងជំនាញរបស់ខ្លួននីមួយៗ។ បន្ថែមពីនេះអ្នកក៏ត្រូវបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការគ្រប់គ្រងនិងធ្វើអោយអាជីវកម្មនោះដំណើរការទៅមុខបានផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។