ប្រសិនបើមានមិត្តដែលមានអត្តចរិតទាំង ៤នេះ ចូរថែរក្សាពួកគេអោយបានល្អ

758

ការរាប់អានមិត្តភក្តិគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់យើងម្នាក់ៗ។ បើរាប់អានអ្នកល្អក៏នាំយើងទៅកាន់ផ្លូវល្អ និងមានក្តីសុខ ប៉ុន្តែបើយើងសេពគប់មិត្តមិនល្អ យើងនឹងធ្លាក់ក្នុងបញ្ហានិងមិនអាចជោគជ័យបានទេ។ បើនិយាយអោយចំទៅ ទំនាក់ទំនងក្នុងពេលបច្ចុប្បន្នពេលខ្លះធ្វើឡើងគ្រាន់តែជាការសម្តែងឬក៏ក្នុងន័យចង់បានប្រយោជន៍ ប៉ុន្តែក៏នៅមានការរាប់អានគ្នាខ្លះដែលស្មោះត្រង់ និងចេញពីទឹកចិត្តពិតប្រាកដដែរ។ មិត្តភក្តិដ៏ល្អដែលអ្នកត្រូវរក្សាមិត្តភាពអោយបានយូរជាប្រភេទមិត្តដែល៖

១. នៅជាមួយអ្នកមិនថាស្ថានភាពលំបាកយ៉ាងណា                  

គេជាមនុស្សដែលមានវត្តមានទាំងពេលអ្នករីករាយនិងពេលអ្នកកើតទុក្ខ។ គេមិនមែនលេចមុខឡើងខណៈពេលដែលអ្នកមានលុយឬបម្រើផលប្រយោជន៍អោយគេនោះទេ។ មិនថាមានរឿងអ្វីកើតឡើង គេជាមនុស្សតែម្នាក់ដែលនៅខាងអ្នកជានិច្ច។​

២. ទទួលយកនូវអ្វីគ្រប់យ៉ាងដែលជារបស់អ្នក

គេជាមនុស្សដែលមិនប្រកាន់នូវចំណុចខ្វះខាតរបស់អ្នក ហើយព្យាយាមយល់ពីអ្នកជានិច្ច។ ទោះបីជាអ្នកនិងគេមានអត្តចរិតខ្លះខុសគ្នាក៏ដោយ ក៏គេនៅតែរីករាយក្នុងពេលដែលសេពគប់នឹងអ្នក។ គេមិនដែលវាយតម្លៃលើអ្នកថាយ៉ាងម៉េចនោះទេ ប៉ុន្តែគេពេញចិត្តអ្នកព្រោះអ្នកជាអ្នក។

៣. មានជំនឿលើក្តីស្រមៃរបស់អ្នក

គេជាមនុស្សដែលមិនបង្អាក់អ្នកពីក្តីស្រមៃរបស់អ្នកទេ បើទោះបីជាអ្នកដទៃទៀតសើចចំអកលើការស្រមើស្រមៃអ្នកក៏ដោយ។ គេមិនដែលធ្វើអោយអ្នកគិតអវិជ្ជមានមកលើខ្លួនឯងនោះទេ ផ្ទុយទៅវិញ គេមានតែចាំជម្រុញទឹកចិត្ត ហើយសាទរចំពោះការសម្រេចជោគជ័យលើផ្នែកមួយនៃក្តីស្រមៃរបស់អ្នក។ គេមិនដែលធ្វើអោយអ្នកមានអារម្មណ៍ថាអាម៉ាស់នៅពេលដែលនិយាយពីក្តីស្រមៃផ្ទាល់ខ្លួនប្រាប់។

៤. ផ្តល់តម្លៃចំពោះវត្តមានរបស់អ្នក

គេតែងតែផ្តល់ភាពសំខាន់អោយអ្នក ហើយឃើញពីតម្លៃដែលនៅខាងក្នុងរបស់អ្នក។ គេធ្វើអោយអ្នកមានអារម្មណ៍ថា អ្នកត្រូវបានគេស្រលាញ់ ការពារ និងយកចិត្តទុកដាក់បានល្អ។ មិនតែប៉ុណ្ណោះ នៅពេលដែលអ្នកនៅជាមួយគេ គេធ្វើអោយអ្នកទទួលដឹងថាវត្តមានរបស់អ្នកជាក្តីសុខមួយសម្រាប់គេ ហើយអ្នកជាបុព្វហេតុនៃស្នាមញញឹមដ៏ស្រស់ស្រាយរបស់គេ។

មិត្តមានច្រើន ប៉ុន្តែមិត្តល្អដែលអាចពឹងពាក់បានមានមិនច្រើនទេ។ មិត្តខ្លះមានមុខតែពេលអ្នកជោគជ័យ និងមានក្តីសុខប៉ុណ្ណោះ។ ដូច្នេះប្រសិនបើអ្នកមានមិត្តដែលល្អៗដូចដែលបានរៀបរាប់ខាងលើហើយ ចូររក្សាមិត្តភាពមួយនេះអោយបានល្អ ព្រោះមិត្តប្រភេទនេះពិបាករកណាស់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.