សំណួរមួយដែលមនុស្សភាគច្រើនតែងតែឆ្ងល់ចំពោះរឿងហិរញ្ញវត្ថគឺ “តើមនុស្សពិតជាអាចបង្វឹកខួរក្បាលរបស់យើងឱ្យបង្កើតលុយបានមែនឬ?” បើតាមលោក John Assaraf លើកឡើងថា ពិតមែនហើយ អ្នកអាចបង្វឹកខួរក្បាលរបស់អ្នកឱ្យជួយរកលុយដែលអ្នកចង់បានបាន ប៉ុន្តែ អ្នកត្រូវឆ្លងកាត់វិធីទាំង ៤ នេះជាមុន៖
១. ត្រូវច្បាស់ពីអ្វីដែលអ្នកចង់បាន
រឿងមួយដែលអ្នកអាចធ្វើដើម្បីបង្វឹកខួរក្បាលរបស់អ្នកឱ្យជួយអ្នករកលុយទាំងនោះបាន គឺអ្នកត្រូវប្រាកដពីចំនួនទឹកប្រាក់ដែលអ្នកចង់រកប្រចាំសប្ដាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំជាមុនសិន។ ឧទាហរណ៍ អ្នកមានគោលដៅចង់រកលុយឱ្យបាន ១០០,០០០ ដុល្លារក្នុងមួយឆ្នាំ ឬ ៨,៥០០ ដុល្លារក្នុងមួយខែ ឬ ២,១៥០ ដុល្លារក្នុងមួយសប្តាហ៍ ប៉ុន្តែអ្នកនៅមិនទាន់រកវាបាននៅឡើយនាពេលបច្ចុប្បន្ន តែយ៉ាងហោចណាស់ក៏អ្នកដឹងពីចំនួនលុយដែលអ្នកចង់បានពិតប្រាកដ និងពេលវេលាជាក់លាក់។
២. ធ្វើឱ្យដូចជាមែនទែន
បន្ទាប់ពីអ្នកកំណត់ពីចំនួនទឹកប្រាក់ដែលចង់បានពិតប្រាកដហើយ អ្នកត្រូវធ្វើឱ្យខ្លួនអ្នកដូចជាកំពុងមានលុយទាំងនោះក្នុងដៃមែន។ ឧហរណ៍ អ្នកនិយាយប្រាប់ខ្លួនឯងថា ឥឡូវនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលខ្ញុំអាចរកប្រាក់បាន ១០,០០០ ដុល្លារក្នុងមួយខែ។ រឿងបន្ទាប់ដែលអ្នកត្រូវធ្វើគឺ អានពីចំនួនទឹកប្រាក់ដែលអ្នកចង់បាននោះពី ៥ ទៅ ១០ ដងរាល់ពេលភ្ញាក់ពីដំណេក និងមុនពេលដែលអ្នកចូលគេង ៥ ទៅ ១០ ដងទៀត។ ធ្វើបែបនេះជារៀងរាល់ថ្ងៃ ខួរក្បាលរបស់អ្នកនឹងបង្កើតទម្លាប់មួយដើម្បីដាស់តឿនអ្នកថាអ្នកកំពុងគ្រប់គ្រងប្រាក់នោះក្នុងដៃមែន។
៣. ជឿជាក់ថាវាជាការពិត
នៅពេលអ្នកកំពុងអានកំណត់ត្រានៃចំនួនប្រាក់ដែលចង់បាន អ្នកត្រូវបិទភ្នែកហើយស្រមៃថាអ្នកកំពុងទទួលលុយនោះតាមរយៈគណនីធនាគារ ហើយអ្នកកំពុងរីករាយដោយបានបែងចែកប្រាក់ទាំងនោះដល់គ្រួសារ និងជួយដល់សហគមន៍ពិតមែន។ ទន្ទឹមនឹងអ្នកធ្វើបែបនេះ ខួរក្បាលខាងឆ្វេងដែលជាផ្នែកដ៏ពោរពេញដោយគំនិតច្នៃប្រឌិត នឹងជួយអ្នកឱ្យរកវិធីសម្រេចគោលដៅនិងក្តីស្រមៃរបស់អ្នក។
៤. សកម្មភាពជាក់ស្ដែង
បន្ទាប់ពីមានលុយស្របពេលដែលអ្នកគិតឃើញក្នុងក្តីស្រមៃហើយ ជំហ៊ានចុងក្រោយ អ្នកត្រូវសួរខ្លួនឯងជារៀងរាល់ថ្ងៃផងដែរថា តើអ្នកអាចធ្វើអ្វីបាននៅថ្ងៃនេះ ដើម្បីទទួលបានប្រាក់ចំណូលទាំងនោះតាមរយៈទង្វើជាក់ស្តែង? ការស្រមើល៍ស្រមៃ រួមជាមួយសកម្មភាពជាក់ស្ដែង បូកជាមួយនិងការអនុវត្តការគិត និងអំណះអំណាងច្បាស់លាស់ អ្នកនឹងអាចបង្វឹកខួរក្បាលរបស់អ្នកឱ្យសម្រេចបាននូវចំនួនទឹកប្រាក់ដែលអ្នកប្រាថ្នា៕
ប្រភព៖ Teamfearless
អត្ថបទដោយ៖ Ciel
