ហេតុអ្វីមនុស្សមិនចូលចិត្តការបរាជ័យ? ព្រោះវាផ្ដល់នូវការឈឺចាប់ និងបញ្ហាជាច្រើននៅក្នុងជីវិតរបស់យើង។ ដូចនេះហើយទើបមនុស្សមួយចំនួននៅពេលជួបបរាជ័យឬឧបសគ្គបន្ដិចបន្ដួចក៏ឈប់លែងហ៊ានធ្វើអ្វីដែលថ្មី និងនៅតែធ្វើត្រឹមអ្វីដែលខ្លួនចេះ។ យើងមិនមែនចង់ជម្រុញអ្នកអោយធ្វើអ្វីដែលថ្មីដោយមិនមានការត្រៀមខ្លួនទេ ពិតណាស់អ្នកត្រូវត្រៀមខ្លួន និងសិក្សារៀនសូត្រដើម្បីយកបទពិសោធន៍បន្ថែមសម្រាប់ប្រឈមមុខនឹងស្ថានការណ៍ថ្មីនោះ។ ខាងក្រោមនេះគឺជាចំនុចចំនួនបីដែលបង្ហាញថា បើយើងនៅតែខ្លាចបរាជ័យហើយមិនព្រមស្វែងរកវិធីជម្នះវា នោះវានឹងផ្ដល់ផលអវិជ្ជមានដល់យើងវិញ។

១. ធ្វើអោយអ្នកមិនហ៊ានប្រថុយ៖ ពិតណាស់ថាមនុស្សគ្រប់គ្នាមិនចូលចិត្តការបរាជ័យទេ ហើយកាន់តែមិនចង់ប្រាប់គេពីបរាជ័យរបស់យើងទៀតព្រោះតែខ្លាចខ្មាស់គេ។ តែដើម្បីអាចឈានទៅរកជោគជ័យបានទាល់តែយើងហ៊ានប្រឈមមុខនឹងឧបសគ្គ ហើយហ៊ានប្រថុយក្នុងការធ្វើអ្វីមួយដែលអាចអោយយើងជោគជ័យបាន។ ការភ័យខ្លាចបរាជ័យបានធ្វើអោយមនុស្សជាច្រើនមិនអាចសម្រេចបានគោលបំណងក្នុងជីវិតបាន ហើយអ្វីដែលកាន់តែគួរស្ដាយជាងនេះគឺអ្នកទាំងនោះសុទ្ធតែជាមនុស្សមានសមត្ថភាពអាចធ្វើបាន ដោយគ្រាន់តែពួកគេខ្វះសេចក្ដីក្លាហានបន្ដិចប៉ុណ្ណោះ។ ជាក់ស្ដែងក្រុមការងារ Apamat យើងធ្លាប់បានឆ្លងកាត់ការរកស៊ីប៉ុន្មានដងមកហើយដែលមិនជោគជ័យឬអាចរកប្រាក់ចំណូលបានតិចតួច ទម្រាំតែពួកយើងប្រថុយក្នុងការបង្កើតវេបសាយនេះឡើង។ ពេលនេះយើងមានអ្នកគាំទ្រពិតប្រាកដច្រើនគួរសម ហើយបានចែករំលែកបទពិសោធន៍ក្នុងការរកស៊ីមិនថាបទពិសោធន៍ផ្ទាល់ខ្លួន ឬបានមកពីការរៀនសូត្រទេ។ 

២. រារាំងអ្នកពីឳកាស៖ ការខ្លាចភាពបរាជ័យបានទប់ស្កាត់មនុស្សជាច្រើនពីការរស់នៅក្នុងជីវិតដែលខ្លួនចង់បាន។ អ្នកដែលធ្លាប់រកស៊ីទាំងឡាយប្រកដណាស់ថាមានពេលណាមួយចាប់តាំងពីអ្នករកស៊ីមក មានឳកាសហុចអោយមួយចំនួនតែអ្នកនៅរៀងស្ទាក់ស្ទើរដែលចុងបញ្ចប់មានអ្នកដទៃធ្វើវាហើយក៏បានជោគជ័យគួរសមដែរនៅពេលនេះ ចំណែកអ្នកវិញមានតែការស្ដាយក្រោយប៉ុណ្ណោះ។ អ្នកដឹងទេថាតាមការសំភាសន៍ទៅកាន់មនុស្សចាស់ជាច្រើន ភាគច្រើនពួកគាត់និយាយថាអ្វីដែលគាត់ស្ដាយក្រោយបំផុតនោះគឺអ្វីដែលគាត់មិនបានធ្វើដោយសារតែការភ័យខ្លាចភាពបរាជ័យ។ 

៣. ភាពភ័យខ្លាចទប់ស្កាត់អ្នកពីការពង្រីកមុខរបរឬរកលុយបន្ថែម៖ ពេលខ្លះការរកស៊ីរបស់អ្នកដំណើរការបានល្អប្រសើរ និងអាចពង្រីកសាខាបន្ថែមទៀត។ តែដោយសារតែការភ័យខ្លាចនោះហើយទើបអ្នកចេះតែគិតថា ការរកស៊ីរបស់ខ្លួនសមល្មមសម្រាប់ចិញ្ចឹមគ្រួសារហើយ មិនចាំបាច់ទៅប្រឹងបន្ថែមទៀតទេ។ អ្នកមិនត្រឹមតែបាត់បង់ចំណូលបន្ថែមទេ អតិថិជនគោលដៅក៏បាត់បង់នូវទំនិញនិងសេវាដ៏ល្អរបស់អ្នកផងដែរ។ បើអ្នកនៅតែខ្លាចអញ្ចឹងលុយមិនរត់មករកអ្នក វារត់ទៅរកអ្នកដែលចេះស្វែងរកឳកាសមកដាក់ខ្លួន។ ត្រូវចងចាំថាដំបូងកាលមិនទាន់ចេញរកស៊ី ស្ថានភាពដែលអ្នកកំពុងស្ថិតនៅពេលនេះគឺគ្រាន់តែជាការស្រមៃនាពេលនោះប៉ុណ្ណោះ ឥឡូវនេះអ្នកសាកស្រមៃមើលទៅអនាគតហើយអ្នករៀបចំផែនការណាដែលគិតថាអាចផ្ដល់ប្រយោជន៍បានដូចកាលដែលអ្នកទើបតែចាប់ផ្ដើមដំបូងអញ្ចឹង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។