ធ្វើបែបណាទើបដឹងមនុស្សប្រុសម្នាក់នោះស្រលាញ់យើងពិតប្រាកដ?

3213

មនុស្សស្រីជាមនុស្សគិតច្រើនណាស់ ជាពិសេសបើមនុស្សប្រុសមកធ្វើល្អខុសប្រក្រតីដាក់តែបន្តិចច្បាស់ជាយកមកគិតហើយ។ច្បាស់ជាយកមកសួរខ្លួនឯងថា “ម្នាក់ប្រុសហ្នឹងស្រលាញ់យើងមែនទែន? “ “ឬក៏គេគ្រាន់តែចង់លេងសើចជាមួយយើងទេដឹង?” អ្នកខ្លះយល់ថាដើម្បីចង់ដឹងថាមនុស្សប្រុសនោះស្រលាញ់យើងមែនឬលេង ងាយស្រួលទេគឺសួរត្រង់ៗតែម្តងទៅ។ ប៉ុន្តែការធ្វើបែបនេះក៏នៅមិនទាន់បានចម្លើយជាក់លាក់នៅឡើយទេ ព្រោះថានៅមានលក្ខខណ្ឌពីរ។ ទីមួយមនុស្សប្រុសនោះជាប្រភេទមនុស្សដែលនិយាយពាក្យថា “ស្រលាញ់” ឡើងស៊ាំទៅហើយ។ មានន័យថា ពាក្យ “ស្រលាញ់” សម្រាប់គាត់ហាក់ដូចជាពាក្យសម្រាប់ស្វាគមន៍មនុស្សគ្រប់គ្នាទៅហើយ។ ចំណែកឯមនុស្សប្រុសមួយប្រភេទទៀត គាត់មិនងាយនឹងនិយាយចេញមកទេ ប៉ុន្តែចូលចិត្តបង្ហាញជាកាយ​វិកាវិញ។ ខាងក្រោមនេះជាកាយវិកាមួយចំនួនដែលបង្ហាញថា មនុស្សប្រុសម្នាក់នោះស្រលាញ់អ្នកពិតប្រាកដមែន៖

 

១. ចងចាំគ្រប់រឿងដែលទាក់ទងនឹងអ្នក

មិនថាអ្នកធ្លាប់ប្រាប់អ្វីដល់គេទេ គេតែងតែចាំរាល់ព័ត៌មាននោះជានិច្ច។ ឧទាហរណ៍៖ អ្នកធ្លាប់ប្រាប់គេថា ចូលចិត្តញ៉ាំម្ហូបអីហើយរសជាតិបែបណា ហើយនៅពេលដែលទៅញ៉ាំអីគេតែងកម្មង់ម្ហូបដែលអ្នកចូលចិត្តអោយតែម្តង។ ការចងចាំអ្វីដែលទាក់ទងនឹងយើងនេះបង្ហាញពីភាពសំខាន់របស់យើងនៅក្នុងជីវិតរបស់គេ។ មនុស្សគ្រប់គ្នានឹងងាយភ្លេចបំផុតនៅពេលដែលរឿងណាមួយមិនផ្តល់សារៈសំខាន់អោយពួកគេ។

២. ព្រួយបារម្ភ

បើមនុស្សប្រុសម្នាក់ស្រលាញ់អ្នកពិតប្រាកដមែនជាមនុស្សដែលខ្លាចយើងហត់នឿយ។ ពេលខ្លះបើសិនជាអាចគេសុខចិត្តធ្វើអ្វីក៏បានដើម្បីជួយសម្រាលការនឿយហត់របស់យើង ដើម្បីអោយយើងបានធូរស្បើយនិងមានអារម្មណ៍ល្អឡើងវិញ។ ឧទាហរណ៍៖​ មិនថាគេរវល់ឬហត់ពីការងារគេយ៉ាងណា គេសុខចិត្តជិះទៅវិញទៅមកដើម្បីជូនអ្នកមករៀន ព្រោះបារម្ភពីសុវត្ថិភាពនៅពេលជិះទៅផ្ទះម្នាក់ឯងយប់ព្រលប់។

៣. មិនប្រកាន់ភាពឆេវឆាវរបស់អ្នក

បើទោះបីពេលខ្លះអ្នកខឹងច្រលោត ប្រើពាក្យសម្តីជ្រុសជ្រួសបន្តិចក៏គេមិនប្រកាន់ព្រោះគេជាមនុស្សដែលយល់ពីអត្តចរិតអ្នកបំផុត។ គេសុខចិត្តនៅស្តាប់គ្រប់ពាក្យតម្អូញតម្អែរបស់អ្នកទាល់តែចប់។ ពេលខ្លះដោយសារតែភាពឆេវឆាវធ្វើអោយអ្នកចង់ចប់សម្ព័ន្ធភាពជាមួយគេ ប៉ុន្តែគេមិនដែលយកពាក្យសម្តីដែលអ្នកនិយាយពេលខឹងចាត់ទុកជាការពិតនោះទេ ផ្ទុយមកវិញគេមានតែលួងលោមអោយយើងសប្បាយចិត្តវិញ។

៤. ឧស្សាហ៍រំលឹករឿងអនាគតជាមួយអ្នក

បើមនុស្សប្រុសណាម្នាក់ស្រលាញ់អ្នកមិនលេងសើចទេនោះ គេនឹងព្យាយាមកសាងកំពែងគ្រួសារដ៏រឹងម៉ាំមួយនៅថ្ងៃអនាគត។ គេចង់កាន់ដៃអ្នកនិងចាប់ផ្តើមគ្រួសារដ៏មានសុភមង្គលមួយ។ មានពាក្យមួយគេនិយាយថា “នៅពេលដែលមនុស្សម្នាក់តាំងចិត្តធ្វើរឿងអ្វីមួយហើយ អកប្បកិរិយាម្នាក់នោះនឹងសម្តែងចេញអោយឃើញតែម្តង”។ ឧទាហរណ៍៖ គេអាចនឹងខំប្រឹងធ្វើការសន្សំលុយច្រើនជាងមុន គេមិនសូវចំណាយឥតប្រយោជន៍ដូចមុន ឬក៏និយាយថាបើគេមានគ្រួសារគេនឹងធ្វើបែបនេះឬបែបនោះ។

៥. មិនដែលធ្វើអោយអ្នកពិបាកចិត្តដោយសារគេ

ប្រសិនបើគេដឹងថាទង្វើរបស់គេណាមួយនាំអោយអ្នកមិនសប្បាយចិត្ត គេនឹងកាត់បន្ថយឬឈប់ធ្វើតែម្តងដើម្បីអ្នក។ ឧទាហរណ៍៖ អ្នកមិនពេញចិត្តសោះនៅពេលដែលគេទៅស្និតស្នាលជាមួយមនុស្សស្រីដទៃជិតដិតពេក។ បន្តិចម្តងៗគេក៏កាត់បន្ថយទំនាក់ទំនងជិតស្និតនោះដើម្បីអ្នក ពីព្រោះគេដឹងថាអ្នកប្រាកដជាមានអារម្មណ៍មិនល្អនៅពេលគេនៅក្បែរស្រីផ្សេង។

ពាក្យថាស្រលាញ់មិនមានន័យគ្រប់គ្រាន់ដើម្បីបង្ហាញថាស្រលាញ់ស្មោះឬមិនស្មោះទេ។ អ្វីដែលអាចពិសោធន៍បានគឺមានតែទង្វើរបស់បុគ្គលនោះតែប៉ុណ្ណោះ។ ប្រសិនមានបុរសល្អបែបនេះហើយ សូមកុំអោយរបូតពីដៃអោយសោះ ត្រូវថែរក្សាស្នេហាមួយនេះអោយបានល្អ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.